Home ព័ត៌មានជាតិ សន្តិសុខ ​សមត្ថកិច្ច ឃ...

​សមត្ថកិច្ច ឃាត់ខ្លួន​មេខ្យល់​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​អំពើ​សញ្ចារកម្ម​

​ដោយៈ ស​រិ​ទ្ធ – អង្គា​រ៍​ហេង / ភ្នំពេញៈ កម្លាំង​ការិយាល័យ​ប្រឆាំង ការជួញដូរ​មនុស្ស និង ការពារ​អនីតិជន រាជធានី​ភ្នំពេញ សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះបង្ក្រាប​ជាក់ស្តែង ករណី​ប្រព្រឹត្ត​អំពើ​សញ្ចារកម្ម មាន​ស្ថាន​ទម្ងន់ទោស ពោលគឺ នាំ​នារី​ក្មេងៗ ស្អាតៗ ឱ្យ​រួមភេទ​ជាមួយ​ភ្ញៀវ នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ ជា​ថ្នូរ​នឹង​កម្រៃជើងសារ ដោយបាន​ឃាត់ខ្លួន ស្ត្រី​មេខ្យល់​ម្នាក់ និង នារី​ចំនួន ៧ នាក់ ក្នុងនោះ មាន​អនីតិជន ចំនួន ៥ នាក់​។​

​ប្រតិបត្តិការ​នេះ ដោយមាន​ការចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ និង​សម្របសម្រួល នីតិវិធី ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ កិត្តិ​ខុម ស្នងការរង​ទទួល​ដឹកនាំ ការងារ​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ធ្វើ​ការឃាត់​ស្ត្រី​សង្ស័យ ជា​អ្នកគ្រប់គ្រង​ម្នាក់ និង​នារី​រងគ្រោះ ក្មេងៗ ចំនួន​៧​នាក់ នៅវេលា​ម៉ោង ២ រសៀល ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ចំណុច​ភោជនីយដ្ឋាន តា​ឪ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។​

​តាម​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច បានឱ្យដឹងថាៈ មេខ្យល់​រូបនេះ ឈ្មោះ ឆ​យ ចន្ថា អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​នារី​រងគ្រោះ ចំនួន​៣​នាក់ ឃាត់ខ្លួន​នៅ​ចំណុច​ភោជនីយដ្ឋាន តា​ឪ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ និង នារី​ជនរងគ្រោះ ចំនួន​៤​នាក់ បន្ថែមទៀត ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះសំណាក់ ហេង​មហាសាល ផ្លូវជាតិ​លេខ​៦A សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។​

​យោងតាម​សម្តី​នារី បានអោយដឹងថាៈ ភោជនីយដ្ឋាន តា​ឪ ចាប់ផ្ដើម​បើក​ដំណើរការ ពី​វេលា​ម៉ោង ១១ ថ្ងៃត្រង់ រហូតដល់​ម៉ោង ៩ យប់ ដោយមាន​នារីៗ ក្មេងៗ​ជាច្រើន នៅ​បំរើភ្ញៀវ នៅ​ហាង ចំពោះ​ភ្ញៀវ ដែល​ចូលមក​ហាង ពេល​ត្រូវការ​នារី​ក្មេងៗ មក​អង្គុយ​កំដរ និង​ទៅ​រួមភេទ នៅ​ខាងក្រៅ គឺ​មេការ​ឈ្មោះ ឆ​យ ចន្ថា អាច​ទំនាក់ទំនង តាមរយៈ​ទូរស័ព្ទ បាន​នាំ​មកអោយ​ភ្ញៀវ​មើល និង​សម្រាប់​រួមភេទ ដោយ​នារី​ក្មេងៗ មាន​អាយុ​ចន្លោះ​ពី ១៥​ឆ្នាំ ១៦​ឆ្នាំ ឡើងទៅ ដោយ​ក្នុងតម្លៃ​ការរួម​ភេទ ក្នុង​១​ដង ចាប់ពី ១០០ ដុល្លារ ដល់ ១៥០ ដុល្លារ ។ ចំពោះ​លុយ​បានមក គឺ​ត្រូវ​អោយទៅ​មេខ្យល់ ចំនួន ១៥ ដុល្លារ ទៅ ២០ ដុល្លារ បន្ថែមទៀត​នោះ មេខ្យល់ បាន​សុំ​លុយ​ធីប​ពី ភ្ញៀវ​ចំនួន​ពី ២០ ដុល្លារ ទៅ ៥០ ដុល្លារ ជា​កម្រៃជើងសារ ដែល​ខ្លួន​បាន​នាំ​នារី មកអោយ​រួមភេទ ជាមួយ​ភ្ញៀវ​។​

​បច្ចុប្បន្ន សមត្ថកិច្ច បាន​ឃាត់​ស្ត្រី​សង្ស័យ នៅ​ការិយាល័យ​ប្រឆាំង ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​សាកសួរ និង កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ។ ចំណែក​នារី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ ធ្វើការ​អប់រំ​៕/V

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular