ដោយៈ បូកគោ / កំពត: កម្លាំងសមត្ថកិច្ចរបស់ ស្នងការដ្ឋាននគរបាល ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១បានបញ្ជូនទៅសាលាដំបូង នូវជនសកម្ម ខាងលួចលុយចំណងដៃ តាមរោងការ ពីរនាក់ បន្ទាប់ពីសមត្ថកិច្ច បានតាមឃាត់ខ្លួន និងកសាងសំណុំរឿង រួចរាល់។
លោក លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានប្រាប់ឱ្យដឹងថាៈ បុរសដែលត្រូវបានបញ្ជូន ទៅសាលាដំបូង ក្នុងករណីខាងលើ រួមមាន ១. ឈ្មោះ នៅ ឌៀប អាយុ ៣៦ឆ្នាំ មានដីកាបង្គាប់ឱ្យឃាត់ខ្លួន តាំងពីឆ្នាំ២០១៩, ២.ឈ្មោះ ស្រេ សារឿន អាយុ ៤១ឆ្នាំ ។ ទាំងពីរនាក់ មានទីលំនៅ ភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
លោកនាយការិយាល័យ បានបញ្ជាក់ថាៈ ការឃាត់ខ្លួនជនទាំងពីរនាក់ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅក្នុងទឹកដីស្រុកជុំគិរី ដោយជាប់ពាក់ព័ន្ធនឹង បទលួចលុយចំណងដៃ តាមរោងការជាច្រើនកន្លែង។ ក្នុងចំណោមនោះ ម្នាក់មានដីកាបង្គាប់ ឱ្យចាប់ខ្លួនពីបទលួច ដែលបានប្រព្រឹត្តឡើង កាលពីឆ្នាំ២០១៨៕/V