ដោយៈ គ្រញូង / បាត់ដំបងៈ កម្លាំងក្រុមអន្តរាគមន៍ វេនទី១ នៃអធិការដ្ឋាននគរបាល ស្រុកសំឡូត បានឃាត់ខ្លួន បុគ្គលិកកាស៊ីណូ ជាជនជាតិថៃ ប្រុសស្រី ចំនួន ១៥ នាក់ នៅពេលពួកគេ បានជិះរថយន្ត ពីរគ្រឿង ហើយបានវង្វេងផ្លូវ ចូលទឹកដីកម្ពុជា តាមច្រកប៉ោយប៉ែត រួមជាមួយតៃកុងឡានខ្មែរ ២ នាក់ ផ្សេងទៀត ដោយគ្មានច្បាប់ នៅតំបន់ព្រំដែនសំឡូត។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានឲ្យដឹងថាៈ នៅក្នុងកិច្ចប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៥និង២០នាទី ព្រឹកនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែក ភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។
លោកបានបញ្ជាក់ថាៈ ជនជាតិថៃទាំង ១៥នាក់នេះ ជាបុគ្គលិកកាស៊ីណូមួយ នៅប៉ោយប៉ែត ទំនងត្រូវបានជម្លៀសបន្ត ទៅធ្វើការនៅកាស៊ីណូនៅថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ ក៏វង្វេងផ្លូវ ទើបសមត្ថកិច្ច សួរនាំរួចថ្នាក់លើ អោយឃាត់ខ្លួនតែម្តង។
លោកអធិការស្រុក បានបន្តថាៈ ជនជាតិថៃ ដែលត្រូវឃាត់ខ្លួនទាំង ១៥ នាក់ ក្នុងនោះស្រី ១១ នាក់ ដែលពួកគេ មកពីខេត្តជាងរ៉ៃ ចំនួន ១៣ នាក់ ខេត្តឈាងម៉ៃ ចំនួន១នាក់ និងក្រុងបាងកក ចំនួន១នាក់ ។ ដោយឡែក អ្នកបើកបរ ជាជនជាតិខ្មែរ ចំនួន ២នាក់ មានៈ១.ឈ្មោះ គឹម ឡៃ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និង២.ឈ្មោះ ហេង អាត ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ព្រមទាំងដកហូត រថយន្តម៉ាកស្តារិច ចំនួន ២ គ្រឿង។
លោក ម៉ែន រីម បានបញ្ជាក់បន្ថែមថាៈ ក្រោយពីឃាត់ខ្លួន ជនជាតិថៃប្រុសស្រីទាំង១៥នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិដូង ស្រុកកំរៀង ដើម្បីបញ្ជូនពួកគេ ទៅប្រទេសថៃ ដើម្បីចាត់ចែងបន្ត តាមនីតិវិធី៕/V