ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីនបានព្រមានកាលពីថ្ងៃពុធទី២៧មករាថា “ទីបញ្ចប់នៃអរិយធម៌មនុស្ស” គឺអាចកើតឡើងបានដោយសារតែការរួមបញ្ចូលគ្នានៃវីរុសកូរ៉ូណា ការប្រជែងគ្នាលើសកលលោក និងភាពតានតឹងជាអន្តរជាតិកាន់តែអាក្រក់ឡើង។
ថ្លែងតាមរយៈតំណភ្ជាប់វីដេអូក្នុងកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកតាមអនឡាញលោកពូទីនបានចង្អុលបង្ហាញអំពីការកើនឡើងវិសមភាពនិងភាពអត់ការងារធ្វើនិងការងើបឡើងនៃនយោបាយបែបប្រជានិយម ដែលអាចនឹងបង្កឱ្យមានជម្លោះថ្មីៗ ដែលលោកនិយាយថាអាចរុញពិភពលោកធ្លាក់ចូលទៅក្នុង “យុគសម័យខ្មៅងងឹតនៃការប្រឆាំងនឹងសង្គមដែលមានសេចក្តីសុខក្សេមក្សាន្ដ”។
មេដឹកនាំរុស្ស៊ីរូបនេះនិយាយថា “ជំងឺរាតត្បាតបានធ្វើឱ្យបញ្ហានានានិងអតុល្យភាពកាន់តែធ្ងន់ធ្ងរឡើង។ ស្ថាប័នអន្តរជាតិកំពុងចុះខ្សោយ ជម្លោះក្នុងតំបន់កំពុងកើនឡើងនិងសន្តិសុខពិភពលោកកំពុងអន់ថយ”។
លោកពូទីនបានសាទរការសម្រេចចិត្តរបស់រុស្ស៊ីនិងសហរដ្ឋអាម៉េរិកក្នុងការបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយរបស់ខ្លួនថាជាសកម្មភាពវិជ្ជមានមួយ ប៉ុន្តែលោកបានបន្ថែមថាភាពតានតឹងដែលកំពុងកើនឡើងសព្វថ្ងៃគឺស្រដៀងគ្នាទៅនឹងស្ថានភាពមុនសង្គ្រាមលោកលើកទី ២ ។
លោកបាននិយាយថា “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាជម្លោះសកលដ៏ក្តៅគគុកបែបនេះនឹងមិនអាចកើតឡើងឥឡូវនេះទៅចុះ។ បើចឹងមែនវានឹងមានន័យថា អរិយធម៌នឹងឈានដល់ទីបញ្ចប់។ប៉ុន្តែស្ថានការណ៍សព្វថ្ងៃអាចក្លាយជារឿងដែលមិនអាចប៉ាន់ស្មានបាននិងមិនអាចគ្រប់គ្រងបាន”។
“មានគ្រោះថ្នាក់ពិតប្រាកដដែលថា យើងនឹងប្រឈមមុខនឹងការធ្លាក់ចុះនៃការអភិវឌ្ឍជាសកលអមជាមួយនឹងការប្រយុទ្ធគ្នាពេញទំហឹង ការប៉ុនប៉ងដោះស្រាយការខ្វែងគំនិតតាមរយៈការវែកមុខឱ្យឃើញសត្រូវក្នុងស្រុកនិងបរទេស និងការបំផ្លាញតម្លៃប្រពៃណីជាមូលដ្ឋាន”។
លោកពូទីនវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗគឺដោយសារតែគំរូសេដ្ឋកិច្ចសេរីនិយមរបស់ពួកលោកខាងលិច ដែលលោកនិយាយថា “បង្កឱ្យមានការមិនចុះសម្រុងគ្នាក្នុងសង្គម ការប្រកាន់ពូជសាសន៍ និងការរើសអើងជនជាតិភាគតិចគួបផ្សំជាមួយនឹងភាពតានតឹងនានា ដែលផ្ទុះឡើង សូម្បីនៅក្នុងប្រទេសដែលមានស្ថាប័នស៊ីវិលនិងប្រជាធិបតេយ្យរឹងមាំជាយូរយារ”។
មេដឹកនាំរុស្ស៊ីរូបនេះបានចង្អុលបង្ហាញនូវអ្វីដែលលោកពណ៌នាថាជាតួនាទីអវិជ្ជមានរបស់ក្រុមហ៊ុនបច្ចេកវិជ្ជា ដែលបើកដំណើរការបណ្តាញសង្គមកំពូលៗ ដោយលើកឡើងថាពួកគេបានរំលោភបំពានតួនាទីរបស់ពួកគេនិងព្យាយាមគ្រប់គ្រងសង្គមជំនួសស្ថាប័នប្រជាធិបតេយ្យស្របច្បាប់និងដណ្តើមសិទ្ធិបុគ្គលដើម្បីសម្រេចពីរបៀបរស់នៅនិងទស្សនៈអ្វីដែលអាចបង្ហាញបាន”។
លោកបានបន្ថែមថា ក្រុមហ៊ុនបច្ចេកវិជ្ជាមិនមែនគ្រាន់តែជាយក្សសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងតំបន់ខ្លះ ពួកគេកំពុងប្រកួតប្រជែងជាមួយរដ្ឋរួចទៅហើយ។
លោកពូទីននិយាយថា “យើងបានឃើញវាទាំងអស់នៅសហរដ្ឋអាម៉េរិក”។ លោកនិយាយនេះគឺសំដៅលើកុបកម្មលើវិមានកាពីតូលដែលញុះញង់ដោយលោកដូណាល់ ត្រាំដែលក្រោយមកបាននាំទៅដល់ការហាមឃាត់អតីតប្រធានធិបតីរូបនេះពីសំណាក់ Twitter ដែលជាចំណាត់ការមួយបង្កឱ្យមានការមិនពេញចិត្តក្នុងបណ្តាប្រទេសអឺរ៉ុបជាច្រើនព្រោះត្រឹមជាបណ្តាញសង្គមសោះហ៊ានហាមប្រធានាធិបតី។
សម្តីរបស់លោកពូទីនធ្វើឡើងខណៈរុស្ស៊ីកំពុងបង្កើនសម្ពាធលើសកម្មភាពរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់បរទេសដែលមិនត្រូវបានត្រួតពិនិត្យដោយរដ្ឋដូចគ្នាទៅនឹងបណ្តាញផ្សព្វផ្សាយព័ត៌មានភាគច្រើន៕
លោកពូទីនព្រមានអំពីទីបញ្ចប់នៃអរិយធម៌មនុស្ស