ប្រែសម្រួល : កញ្ញាដាលីស ៖ ចិនរឹតបន្តឹងភាសារបស់ខ្លួនចំពោះកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើការព្រមានបន្ទាប់ពីបង្កើនសកម្មភាពយោធានៅក្បែរកោះនេះថា “ឯករាជ្យមានន័យថាសង្គ្រាម” ហើយថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនកំពុងធ្វើសកម្មភាពដើម្បីឆ្លើយតបនឹងការញុះញង់និងការជ្រៀតជ្រែកពីបរទេស។
កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានរាយការណ៍ថាយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែករបស់ចិនជាច្រើនគ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសនៅភាគនិរតីរបស់ខ្លួនកាលពីចុងសប្តាហ៍មុន ជាហេតុជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទទូចឱ្យរដ្ឋាភិបាលក្រុងប៉េកាំងបញ្ឈប់ការដាក់សម្ពាធលើកោះតៃវ៉ាន់។
ចិនជឿថារដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់កំពុងនាំកោះនេះឆ្ពោះទៅរកការប្រកាសឯករាជ្យជាផ្លូវការ ទោះបីប្រធានាធិបតីតៃវ៉ាន់ សៃ អ៊ីងវិននិយាយម្តងហើយម្តងទៀតថា ខ្លួនជាប្រទេសឯករាជ្យរួចទៅហើយ ដែលមានឈ្មោះថា សាធារណរដ្ឋចិន ដែលជាឈ្មោះផ្លូវការរបស់ខ្លួន។
នៅពេលសួរនៅឯសន្និសីទសារព័ត៌មានប្រចាំខែអំពីសកម្មភាពថ្មីៗរបស់កងទ័ពអាកាស លោក វូ ឈៀន អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយថាកោះតៃវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីប្រទេសចិន។
លោកបាននិយាយថា”សកម្មភាពយោធាដែលធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិននៅច្រកសមុទ្រតៃវ៉ាន់គឺជាសកម្មភាពចាំបាច់ដើម្បីដោះស្រាយស្ថានភាពសន្តិសុខបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់និងដើម្បីការពារអធិបតេយ្យភាពនិងសន្តិសុខជាតិ”។
លោកបានបន្ថែមថា “សកម្មភាពទាំងនោះគឺជាការឆ្លើយតបមែនទែននិងមិនលេងសើចចំពោះការជ្រៀតជ្រែកនិងការបង្កហេតុពីខាងក្រៅដោយកម្លាំងឯករាជ្យរបស់តៃវ៉ាន់”។
លោកវូនិយាយថា ប្រជាជនមួយក្តាប់តូចនៅកោះតៃវ៉ាន់កំពុងស្វះស្វែងប្រកាសឯករាជ្យរបស់កោះនេះ។
លោកបានបន្ថែមថា “យើងព្រមានកម្លាំងឯករាជ្យតៃវ៉ាន់ថា អ្នកដែលលេងជាមួយភ្លើង នឹងរលាកខ្លួនឯង។ ឯករាជ្យតៃវ៉ាន់មានន័យថាសង្គ្រាម”៕
លោក វូ ឈៀន អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយថាកោះតៃវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីប្រទេសចិន