ឧបការី​ទេសាភិបាល​ធនាគារជាតិ​ត្រូវបាន​អញ្ជើញ​ជា​វាគ្មិន​អំពី​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោកស្រី ជា សេរី ឧបការី​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ជា​វាគ្មិន​ជាមួយនឹង​ថ្នាក់ដឹកនាំ​អន្តរជាតិ​នានា ដើម្បី​ពិភាក្សា អំពី​ប្រធានបទ​សំខាន់​មួយ​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​នឹង ផ្សាយ​ផ្ទាល់​ជា​អន្តរជាតិ ក្នុង​របៀបវារៈ​ទីក្រុង​ដា​វ៉ូស​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែល​ត្រូវបាន​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​២៥-២៩ ខែមករា ឆ្នាំ ២០២១​។​

​លោកស្រី​នឹងចូលរួម​ជាមួយនឹង លោក ដា​នី​ញែ​ល ហាន​ណា ( Daniel Hanna) ប្រធាន ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​សកល​នៃ ស្តេ​ន​ដា ឆា​ធ័​រ ( Standard Chartered) លោក ជៀល បឺត ហ្វូ​សូន ហូ​ង​បូ (Gilbert Fossoun Houngbo) ប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់ ការអភិវឌ្ឍ​កសិកម្ម និង​លោក អា​មេ​ដ សា​អ៊ី​ត ( Ahmed Saeed) អនុប្រធាន​ធនាគារ អភិវឌ្ឍន៍អាស៊ី​។

​កិច្ចពិភាក្សា​នេះ​នឹងត្រូវ​បានធ្វើ​ឡើង​ក្រោម​ប្រធានបទ​៖ “​ហិរញ្ញវត្ថុ គឺជា​ចំណុច​ចាប់ផ្តើម សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អាស៊ាន​” ហើយនឹង​ត្រូវបាន​រៀបចំ​ដោយ ភ្នាក់ងារ​សារព័ត៌មាន​អាស៊ាន​ប៉ុស្តិ៍ (The ASEAN Post) សហការ​ជាមួយនឹង​”​ភាពជា ដៃគូ​វិនិយោគ​សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព — SDIP” នៅក្នុង​វេទិកា​សេដ្ឋកិច្ច ពិភពលោក នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ៣:៣០ នាទី​រសៀល​។ នេះ​គឺជា កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ល្អ​មួយ​ក្នុងចំណោម​កិច្ចប្រឹងប្រែង​ជាច្រើន​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​និង​ភាពជា​ដៃគូ​ក្នុង​អន្តរ​វិស័យ​។ ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ រួមជាមួយ​ការផ្លាស់ប្តូរ​ទីតាំង​មជ្ឈមណ្ឌល​សេដ្ឋកិច្ចពិភពលោក​ពី​ភាគ​បស្ចិម មក​ភាគ​បូព៌ា គឺជា​មូលដ្ឋានគ្រឹះ​នៃ​កិច្ចពិភាក្សា​នេះ ដែល​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍ របស់​អ្នកចូលរួម​ភាគច្រើន​នៃ​របៀបវារៈ​ទីក្រុង​ដា​វ៉ូស​។​

​កិច្ចពិភាក្សា​នេះ នឹង​ត្រូវបាន​សម្របសម្រួល​ដោយ ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ ភ្នាក់ងារ​សារព័ត៌មាន​អាស៊ាន​ប៉ុស្តិ៍ និង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ដទៃទៀត ដែលមាន​ចំណាប់អារម្មណ៍ និង​ចំណេះដឹង​ស៊ីជម្រៅ​ទៅលើ​ប្រធានបទ​ថ្មី​នេះ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular