ដោយ: ពៅនិមល/ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក ឡើងថា វិស័យអចលនទ្រព្យ (Real Estate) បានងើបឡើងវិញបន្តិចពី-៥ មក-៤ភាគរយ ដោយជឿថាមកដល់ពេលនេះបន្ទាប់ពីរដ្ឋាភិបាលដាក់ចេញគោលនយោបាយនានា ដើម្បីថែទាំលើវិស័យនេះ បានមើលឃើញថា វិស័យនេះនៅតែជាជន្ទុលរឹងមាំក្នុង ការទ្រទ្រង់សេដ្ឋកិច្ចជាតិ។
លោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ដោយសារគោលនយោបាយរបស់រដ្ឋាភិបាល ជាពិសេសការផ្តល់អនុគ្រោះពន្ធប្រថាប់ ត្រាលើការលក់អចលនទ្រព្យតម្លៃក្រោម ៧ម៉ឺនដុល្លារ គឺឃើញថាកើន។
ជុំវិញបញ្ហានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានប្រាប់រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះថា វិស័យអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ នឹងងើបឡើងវិញ ហើយចាប់ផ្តើមរីកចម្រើនបន្តិចម្តងៗដោយសារតែ វិស័យនេះ ជាកំណើនសេដ្ឋកិច្ច ការទ្រទ្រង់សេដ្ឋកិច្ច និងកំពុងបន្តមានការរីកចម្រើននៅ ក្នុងពេលនេះ មួយវិញទៀតដោយសារវ៉ាក់សាំងកូវីដ១៩ ត្រូវបានចាក់នៅក្នុងបណ្តា ប្រទេសមួយចំនួនលើពិភពលោក ដូច្នេះសកម្មភាពក្នុងការទិញ-លក់ ចាប់ផ្តើមមានខ្លះៗ ជាពិសេសក្នុងប្រទេសកម្ពុជា ប្រជាជនក្នុងតំបន់នៅតែបន្តត្រូវការទិញ-លក់។
លោកបន្តថា”ខ្ញុំមើលឃើញថា រដ្ឋាភិបាលគាត់ប្រឹងប្រែងអស់លទ្ធភាពហើយ ប៉ុន្តែអ្វីជា ចំណុចដែលគួរបន្ថែមគឺជួយជំរុញឱ្យវិស័យធនាគារផ្តល់ប្រាក់កម្ចីទៅលើសហគ្រាសធុនតូចនិងមធ្យម (SME) និងទៅលើវិស័យអចលនទ្រព្យឱ្យបានច្រើន ដើម្បីឱ្យវិស័យនេះនៅ តែបន្តជាសសរស្តម្ភរឹងមាំសម្រាប់ប្រទេសជាតិរបស់យើង”។
គិតត្រឹម០៨ខែ ឆ្នាំ២០២០ កម្ពុជាទទួលបានសំណើសុំសាងសង់សរុបចំនួនប្រមាណ ៣.៣៥០គម្រោង កើនឡើង ៤៥៥គម្រោង ដែលមានតម្លៃសរុបជាង ៥ពាន់លានដុល្លារ ធ្លាក់ចុះ១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ខណៈកំណើនចំនួនគម្រោង សាងសង់នេះ ភាគច្រើនជាសំណង់ប្រភេទលំនៅដ្ឋាន៕/PC