Home ព័ត៌មានជាតិ សន្តិសុខ អគ្គិភ័យ ឆេះ​...

អគ្គិភ័យ ឆេះ​ឃ្លាំងទំនិញ និង​ផ្ទះ​ប្រជាពលរដ្ឋ យ៉ាង​សន្ធោសន្ធៅ រង​ការខូចខាត​ទាំងស្រុង

​ដោយៈ សម្បត្តិ / ភ្នំពេញៈ មាន​ករណី​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ឃ្លាំងទំនិញ និង​ផ្ទះ​ប្រជា ពលរដ្ឋ យ៉ាង​សន្ធោសន្ធៅ បង្ក​ការភ្ញាក់ផ្អើល ដល់​អ្នករស់នៅ​ជិតខាង ព្រមទាំង​សមត្ថកិច្ច មូលដ្ឋាន ចុះមក​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ នៅតាម​បណ្ដោយ​ផ្លូវ​លេខ ៣៥៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ម្ចាស់​ឃ្លាំង និង​ម្ចាស់ផ្ទះ​សងខាង ដែល​រងគ្រោះ​នៃ គ្រោះ​អគ្គិភ័យ​នេះ នៅ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​នោះទេ​។

​តាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ទីតាំង​ឃ្លាំង​ខាងលើ មាន​ផ្ទុក​ដោយ ក្រណាត់ ជ័រ ដែក ធុង​ហ្គាស និង​សម្ភារៈ​ផ្សេងៗ ជាច្រើន​ទៀត​។​

​នៅ​មុនពេល​កើតហេតុ​នោះ គេ​សង្កេតឃើញ​ផ្សែង ហុយ​ចេញពី​ក្នុង​ឃ្លាំង មិនដឹង​មូល ហេតុអ្វី​នោះទេ ភ្លាមៗ ស្រាប់តែ​កើត មាន​អណ្ដាតភ្លើង ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ផ្សែងហុយ ខ្មួលខ្មាញ់ ពាសពេញ​មេឃ​។ ក្នុងអំឡុង​ពេលនោះ ប្រជាពលរដ្ឋ​ដែល​រស់ នៅក្បែរនោះ ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ទាំង​មន្ត្រី​ជំនាញ​បង្ការ​ពន្លត់ អគ្គិភ័យ និង​សង្គ្រោះ ឲ្យ​ចុះ​មកជួយ​អន្តរាគមន៍ ភ្លាមៗ​ផងដែរ​។​

​ក្នុង​រង្វង់​ប្រតិបត្តិ​ការបង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នេះ គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច ខណ្ឌ​បឹង​កេងកង ជាច្រើន​នាក់ បាន​សហការ ជាមួយ​សមត្ថកិច្ច​ជំនាញ បង្ការ​ពន្លត់​អគ្គិភ័យ ជាច្រើន​អង្គភាព ដែល​ចុះមក​អន្តរាគមន៍ បាញ់​ពន្លត់​យ៉ាង​ញាប់ដៃ​ញាប់ជើង​អស់ពី កម្លាំងកាយ​ចិត្ត​។​

​បើ​គិត​ត្រឹម​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ រហូតដល់​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃ​ដដែល អគ្គិភ័យ​ខាងលើ នៅ​មិនទាន់​រលត់ទៅវិញ ទាំងស្រុង​នោះទេ​ដោយ​ប្រើ ប្រាស់​រថយន្ត ពន្លត់​អគ្គិភ័យ (​ទឹក​) ជាច្រើន​គ្រឿង​។ ចំពោះ​មូលហេតុ ក៏​មិនទាន់​បញ្ចាក់ បាន​ច្បាស់​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​ជំនាញ កំពុង​ស្រាវជ្រាវ​បន្ត​។ រីឯ​មនុស្ស ក៏​មិនមាន​អ្នកណាម្នាក់ រងរបួស ឬ​បាត់​បង់ជីវិត​នោះដែរ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular