Home កីឡា លោក ស សុខា បើ...

លោក ស សុខា បើកការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២០

ដោយ: មុនីរ័ត្ន/ភ្នំពេញ ៖ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានចូលរួមពិធីបើកការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ។

លោក ស សុខា ថ្លែងថាការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដែលមានក្រុម ក្លិប សមាគម ចូលរួមប្រកួត ចំនួន ៥៩ លើវិញ្ញាសា ចំនួន ៦ ។

លោកស សុខា បញ្ជាក់ថា ដើម្បីឲ្យដំណើរការប្រកួតនេះ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ ប្រកបដោយតម្លាភាព សុក្រឹតភាព និងប្រកបដោយលក្ខណៈបច្ចេកទេស ក៏បានស្នើដល់គណៈកម្មការរៀបចំ អាជ្ញាកណ្តាល គ្រូបង្វឹក និងកីឡាករ កីឡាការិនី អនុវត្តចំណុចមួយចំនួនដូចខាងក្រោម ៖

១. កូវីដ-១៩ នៅតែជាប្រធានបទក្ដៅសម្រាប់ប្រទេសលើសកលលោក។ ដូច្នេះយើងត្រូវថែរក្សាអនាម័យឲ្យបានជាប្រចាំ និងអនុវត្តទៅតាមគោលការណ៍ របស់ក្រសួងសុខាភិបាល។ គណៈកម្មការ គ្រូបង្វឹក អត្តពលិក ត្រូវបានវាស់កម្ដៅមុនត្រូវអនុញ្ញាតឲ្យចូលទីលាន។

២. ពេលប្រកួតចប់ ឬកំពុងប្រកួត យើងត្រូវសម្អាតសម្ភារៈឲ្យមានអនាម័យខ្ពស់ និងធានាថាកន្លែងប្រកួតរបស់យើងមិនឆ្លងកូវីដ-១៩ ។ ម្យ៉ាងវិញទៀត យើងត្រូវធាននាថា កន្លែងហ្វឹកហាត់ អ្នកហ្វឹកហាត់ គ្រូបង្វឹក និងកន្លែងប្រកួតយើងថ្ងៃនេះ មិនមានកូវីដ-១៩ ។

៣. សូមឲ្យការប្រកួតពានរង្វាន់ថ្នាក់ជាតិនេះ ប្រកបដោយតម្លាភាព សុក្រឹតភាព និងប្រកបដោយលក្ខណៈបច្ចេកទេសពិតៗ ជាពិសេសការកាត់សេចក្ដីមិនលម្អៀងតាមរយៈខ្សែនោះឡើយ ព្រោះថាបើយកខ្សែអត់មានសមត្ថភាពទៅប្រកួតលើឆាកអន្តរជាតិ និងធ្វើមិនបានល្អ ច្បាស់ជាខ្មាស់គេហើយ។

៤. សូមប្រកួតឲ្យអស់សមត្ថភាព ហាមយោគយល់គ្នាឬប្រកួតលំៗ ទោះស្គាល់គ្នាក្ដី ព្រោះថាលទ្ធផល
ឈ្នះលំៗ ដែលដៃគូម្ខាងទៀត បន្ធូរឱ្យមិនអាចយកទៅប្រជែងលើឆាកអន្តរជាតិបានទេ។ ដូច្នេះសូមផ្ដោតអារម្មណ៍ ១០០% ទោះជួបគូប្រជែងជាមិត្តភ័ក្ដិ ឬបងប្អូនក៏ដោយ។

៥. កីឡាករ កីឡាការិនីវ័យក្មេង ក៏ត្រូវប្រឹងឲ្យខ្លាំងដូចគ្នា ឬអាចនិយាយបានថា ការប្រកួតលើកនេះ អាចកែប្រែវាសានាខ្លួនឲ្យត្រដែត ដូចវីរកីឡាការិនី កែ ឡេង , អ៊ុក ស្រីមុំ ឬ ស្រ៊ាង សូរ៉ាឃីម ក៏ថា
បាន។ ដូច្នេះ ខ្ញុំចង់សង្កត់ធ្ងន់មួយម៉ាត់ [កុំមើលស្រាលការប្រកួត និងមិនមែនកន្លែងប្រកួតលេងៗស៊ីលុយទេ]។

៦. ឱកាសអាចជាប់ជម្រើសជាតិល្បីឈ្មោះនៅថ្ងៃណាមួយក៏ថាបាន។ ការខំប្រឹងចេញពីខ្លួនយើង គឺមានតម្លៃណាស់ ហើយសូមមើលគន្លងវីរកីឡាការិនី កែ ឡេង ដែលមានជីវិតតស៊ូមកពីខេត្ត រហូតក្លាយជាវីរនារីល្បីឈ្មោះប្រចាំប្រទេសរបស់យើង និងឈ្នះជើងឯកពិភពលោក៤សម័យ រួមទាំងមេដាយកម្រិតអាស៊ីជាច្រើនទៀត។ ហើយឈ្មោះនេះឯង តកូនតចៅ មិនដឹងប៉ុន្មានជំនាន់ទៀត ព្រោះឯកសារនៅលើ Google អស់ហើយសម័យនេះ។

៧. ការខំប្រឹងនៅថ្ងៃនេះ ធ្វើឱ្យយើងមានឱកាសទៅថ្ងៃអនាគត ដែលអាចចូលរួមប្រកួតដូចជា ៖ ជើងឯកពិភពលោក, ជើងឯកប៊ិចហ្គេម, ជើងឯកអាស៊ី, ជើងឯកអាស៊ីអាគ្នេយ៍ (ប្រកួតប៉េតង់តែមួយប្រភេទ), ជើងឯកស៊ីហ្គេម, មេគង្គហ្គេម, និង ជើងឯកសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ជាដើម។

៨. សូមឲ្យអត្តពលិក នៅទីនេះ បន្តបង្កើតក្ដីស្រមៃខ្ពស់ មិនមែនតែថ្នាក់ជាតិ ប៉ុន្តែសូមស្រមៃដល់លំដាប់ពិភពលោក និងដាក់ឆន្ទៈទៅប្រកួតនៅលើឆាកអន្តរជាតិនានា។

៩. ទឹកចិត្តអ្នកកីឡាករ « យើងមកទីនេះ គឺដើម្បីជ័យជម្នះតែមួយគត់ ត្រលប់ទៅវិញ » និងកុំចាញ់ច្រាបគេ ។ បើយើងចាញ់ច្រាបគេ ឬយើងមិនចេះគ្រប់គ្រងអារម្មណ៍ នោះក៏ធ្វើឲ្យយើង មិនទទួលជោគជ័យដែរ។ នេះជាចំណុចដែលយើងត្រូវគិតដែរ និងត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងពេលប្រកួត៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular