ប្រែសម្រួល : កញ្ញាដាលីស ៖ បុរសម្នាក់បានស្លាប់ដោយសាររបួសកាលពីថ្ងៃព្រហស្បតិ៍នៅប្រទេសលីបង់ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខនិងក្រុមបាតុករដែលខឹងសម្បាចំពោះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនិងការបិទប្រទេសទប់ស្កាត់កូវីដ។
បង៩ប្រុសរបស់គាត់ឈ្មោះ អាម៉ាតបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោក អូម៉ា តាយបា បានរងរបួសដោយគ្រាប់កាំភ្លើងកាលពីល្ងាចថ្ងៃពុធ នៅពេលដែលការតវ៉ានៅទីក្រុងទ្រីប៉ូលី ភាគខាងជើងប្រទេស បានប្រែទៅជាអំពើហិង្សាសម្រាប់រាត្រីទី៣ជាប់ៗគ្នា។
លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “បងប្រុសរបស់ខ្ញុំនៅក្រុងទ្រីប៉ូលីកំពុងឈរមើលការតវ៉ា នៅពេលគាត់ត្រូវគ្រាប់កាំភ្លើង។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយស្លាប់នៅព្រឹកនេះ”។
បុរសអាយុ ២៩ ឆ្នាំ ដែលគេជួលធ្វើការនៅហាងនំប៉័ង បានក្លាយជាអ្នកស្លាប់ដំបូងគេពីការតវ៉ា ដែលបានផ្ទុះឡើងកាលពីដើមសប្តាហ៍នេះនៅក្នុងទីក្រុងទ្រីប៉ូលី។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ មនុស្សសរុប ២២៦ នាក់បានទទួលការព្យាបាលរបួសកាលពីយប់ថ្ងៃពុធ។
ទីក្រុងទ្រីប៉ូលីគឺជាផ្នែកមួយនៃតំបន់ក្រីក្របំផុតរបស់ប្រទេសលីបង់រួចទៅហើយ មុនពេលជំងឺរាតត្បាតបន្ថែមទុក្ខលំបាកមួយទៀតទៅលើវិបត្តិសេដ្ឋកិច្ចរ៉ាំរ៉ៃ។
ប្រជាជនលីបង់ភាគច្រើនពុំមានប្រាក់ចំណូលទេចាប់តាំងពីលីបង់បិទទាំងស្រុងកាលពីដើមខែមករានេះក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃករណីកូវីដ១៩ និងបង្ការកុំឱ្យមន្ទីរពេទ្យចាល់អ្នកជំងឺ។
បម្រាមគោចរ២៤ម៉ោងត្រូវបានអនុវត្តនៅទូទាំងប្រទេសហើយការដើរទិញអីវ៉ាន់ត្រូវបានដាក់កម្រិតមកនៅត្រឹមការដឹកជញ្ជូនតាមផ្ទះប៉ុណ្ណោះដែលសេវាកម្មបែបនេះគឺពុំមាននោះទេនៅតាមតំបន់ក្រីក្ររបស់ប្រទេសនេះ។
អាជ្ញាធរបានបន្លាយពេលបិទប្រទេសពីរសប្តាហ៍ទៀតគឺរហូតដល់ថ្ងៃទី ៨ ខែកុម្ភៈ៕
បុរសលីបង់ស្លាប់ដោយសារត្រូវគ្រាប់ក្នុងពេលមានការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍