ដោយៈ បូកគោ / កំពតៈ ទំនប់ស្ទឹងភេ ជាអាងស្តុកទឹក ដ៏សំខាន់មួយ ស្ថិតក្នុងភូមិសាស្ត្រ នៃឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ ក្រៅពីបម្រើដល់វិស័យកសិកម្ម ទំនប់ស្ទឹងភេ បានទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរជិតឆ្ងាយ ឱ្យមកលម្ហែកម្សាន្ត តាមរយៈទេសភាព ស្រស់បំព្រង តាមបែបធម្មជាតិ ក្នុងតំបន់ចុងកាត់ មាត់ញកនេះ។
លោក ក្រួច សុភាព មេឃុំស្រែចែង បានប្រាប់ឱ្យដឹងថាៈ កន្លងមក ក្រៅពីទំនប់ម្លេច ដែលនៅជាប់ព្រំប្រទល់ ជាមួយខេត្តតាកែវ ស្រុកជុំគិរី មិនមានរមណីយដ្ឋាន ឬកន្លែង កម្សាន្ត សម្រាប់ទេសចរជិតឆ្ងាយទេ។ ម្យ៉ាងទៀត មូលដ្ឋានមួយចំនួន ដែលនៅជាប់នឹង ឃុំស្រែចែង ក៏មិនទាន់មានតំបន់ណា អាចឱ្យប្រជាពលរដ្ឋ មកសម្រាកលម្ហែដែរ។
លោកមេឃុំ បានបញ្ជាក់ថាៈ ទោះជាបែបនោះក្តី ក្នុងឃុំស្រែចែង មានអាងទំនប់ស្ទឹងភេ ពោរពេញដោយផ្ទៃទឹក ល្ហល្ហេវ មើលឆ្លុះដល់បាតដី អមជាមួយសោភ័ណភាព ស្រស់ ត្រកាល។ ផ្អែកលើសក្តានុពលទាំងនោះ អាជ្ញាធរឃុំ បានផ្តួចផ្តើមបង្កើត ជាសហគមន៍ ហើយឈានទៅរៀបចំ អាងទំនប់ស្ទឹងភេ ក្លាយជាកន្លែង សម្រាប់ទទួលទេសចរ ជិតឆ្ងាយ មកលម្ហែកម្សាន្ត ដែលជាចំណែកមួយ ជួយដល់អ្នកស្រុក អាចរកប្រាក់ចំណូលបន្ថែមបាន។ ម្យ៉ាងទៀត នៅតាមដងផ្លូវ ឆ្ពោះទៅកាន់រមណីយដ្ឋាននេះ ភ្ញៀវក៏មានឱកាស បានគយគន់ ចម្ការដំណាំអ្នកភូមិ និងសម្រស់បែបធម្មជាតិ នៃព្រៃភ្នំ យ៉ាងចាប់ចិត្តដក់ជាប់អារម្មណ៍ ផងដែរ។
លោក ក្រួច សុភាព បានបន្តថាៈ តាមពិត មណ្ឌលកម្សាន្តស្ទឹងភេ ទើបតែបើកដំណើរការ បានត្រឹមតែពីរខែ ជាមួយសកម្មភាព សប្បាយរីករាយ ដូចជា ការដើរលម្ហែលើស្ពានឫស្សី ប្រវែងជាង ២០០ ម៉ែត្រ ដោយផ្តិតយករូបភាព ទុកជាអនុស្សាវរីយ៍ ការអង្គុយលេង ក្នុងខ្ចូសលើផ្ទៃទឹក សេវាម្ហូបអាហារថ្មី ស្រស់ធម្មជាតិពិតៗ ពិសេសមានកន្លែងបោះតង់ សម្រាប់មើលថ្ងៃរះ និងថ្ងៃលិច លើខ្នងភ្នំ នៅចំពោះមុខតែម្តង។ ប៉ុន្តែ រយៈពេលពីរខែនេះ ទើបតែមានអ្នកក្នុងស្រុកប៉ុណ្ណោះ ដែលបានមកកម្សាន្ត ពោលគឺភ្ញៀវនៅឆ្ងាយៗ ហាក់ដូចជា មិទាន់ដឹងនៅឡើយ។
លោកមេឃុំ បានបញ្ជាក់ថាៈ ជាជំហានបន្ទាប់ សហគមន៍ នឹងបង្កើនបន្ថែមនូវ សេវាជិះទូក កម្សាន្ត បង្កើតសួនថតរូប ព្រមទាំងខិតខំស្វែងរក ដៃគូអភិវឌ្ឍន៍ មកជួយ ដើម្បីឱ្យ គម្រោងនេះ កាន់តែមានភាពទាក់ទាញខ្លាំងឡើង៕/V-PC