ប្រែសម្រួល : កញ្ញាដាលីស ៖ មន្ត្រីយុត្តិធម៌ម្នាក់និយាយថា គូស្នេហ៍ស្រលាញ់ភេទដូចគ្នាមួយគូត្រូវបានវាយនឹងរំពាត់នៅខេត្តអាឆេនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍ ដែលត្រូវបានរិះគន់យ៉ាងខ្លាំងដោយអង្គការសិទិ្ធមនុស្ស។
បុរសទាំងពីរនាក់ត្រូវបានវាយម្នាក់ជិត ៨០ រំពាត់ពីបទរួមភេទដូចគ្នា ដែលត្រូវបានហាមឃាត់នៅខេត្តអាឆេនៅក្រោមច្បាប់អ៊ីស្លាមក្នុងតំបន់។
អ្នកទាំងពីរ ដែលមិនបញ្ចេញអត្តសញ្ញាណ បានស្រែកទាំងឈឺចុកចាប់ និង សុំឱ្យបញ្ឈប់ការវាយធ្វើបាប ខណៈមន្ត្រីប៉ូលិសអនុវត្តច្បាប់សារៀពាក់ម៉ាស់ វាយខ្នងពួកគេជាមួយរំពាត់ផ្តៅ។
ការដាក់ទណ្ឌកម្មត្រូវបានបញ្ឈប់មួយភ្លែត ហើយបុរសទាំងពីរអាយុខ្ទង់ ២០ ឆ្នាំដូចគ្នា ត្រូវបានអនុញ្ញាតឱ្យផឹកទឹក មុនពេលបន្តវាយនឹងរំពាត់ទៀត។
ម្តាយរបស់បុរសម្នាក់បានដួលសន្លប់នៅពេលឃើញកូនប្រុសខ្លួនត្រូវគេវាយធ្វើបាបដូច្នេះ។
មន្ត្រីសណ្តាប់ធ្នាប់សាធារណៈលោក ហេរូ ទ្រីវីចាណាកូ បានប្រាប់ AFP ថា “ការពង្រឹងអនុវត្តច្បាប់សារៀអ៊ីស្លាមគឺដាច់ណាត់ មិនថាអ្នកឯងជាអ្នកណានោះឡើយត្រូវតែទទួលទោស សូម្បីតែភ្ញៀវទេសចរក៏ត្រូវគោរពបទដ្ឋានក្នុងតំបន់នេះដែរ”។
បុរសទាំងពីរនេះត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកានៅផ្ទះជួលមួយ ដែលម្ចាស់ផ្ទះឃើញពួកគេអាក្រាតមួយកំណាត់ខ្លួននៅក្នុងបន្ទប់របស់ពួកគេ។
ការរួមភេទដូចគ្នាមិនខុសច្បាប់អីនោះទេនៅកន្លែងផ្សេងទៀតក្នុងប្រទេសឥណ្ឌូនេស៊ី ហើយខេត្តអាឆេគឺជាតំបន់តែមួយគត់នៅក្នុងប្រទេសមូស្លីមធំបំផុតរបស់ពិភពលោកមួយនេះ ដែលដាក់ចេញនូវច្បាប់សារៀ៕
បុរសស្រឡាញ់ភេទដូចគ្នាពីរនាក់ត្រូវបានវាយម្នាក់ជិត ៨០ រំពាត់ ពីបទរួមភេទជាមួយគ្នា