ដោយៈ ជា សីហៈ/ភ្នំពេញៈ ផលប៉ះពាល់សេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ១៩មកលើតំបន់ ដែលមានប្រជាជនច្រើនជាងគេក្នុងពិភពលោក កំពុងគំរាមកំហែងដល់លទ្ធភាពទទួល បានអាហារូបត្ថម្ភសម្រាប់ទ្រទ្រង់សុខភាពរបស់មនុស្ស ជិតពីរប៊ីលាននាក់ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោយរួមទាំងកម្ពុជា ។ នេះបើតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយកាលពីម្សិលមិញ ដោយយូនីសេហ្វ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការសុខភាពពិភពលោក (WHO) ។
របាយការណ៍នេះបានរកឃើញថា មនុស្ស ១,៩ ប៊ីលាននាក់ ពុំមានលទ្ធភាពទទួលបាន របបអាហារសម្រាប់ទ្រទ្រង់សុខភាពដូចមុនពេលផ្ទុះជំងឺកូវីដ១៩ឡើយ ហើយស្ថានភាព នេះ កាន់តែធ្ងន់ធ្ងរទៅៗ ដោយសារតែ ផលប៉ះពាល់នៃជំងឺកូវីដ១៩ មកលើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់មនុស្សម្នាក់ៗ។
ទិន្នន័យបំពេញបន្ថែមបានពី “ការវាយតម្លៃរហ័សរបស់អង្គការសហប្រជាជាតិលើផល ប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ១៩ នៅកម្ពុជា” បានរកឃើញថា ទោះជាលទ្ធភាពទទួលបានអាហារមិនរងផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ ប្រជាជនត្រូវបង្ខំ ចិត្តប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់មួយចំនួន ដូចជាខ្ចីស្បៀងគេកាត់បន្ថយបរិមាណអាហារ សម្រាប់ហូបចុក និងពឹងផ្អែកកាន់តែខ្លាំងជាងមុនលើជម្រើសអាហារដែលមានតម្លៃថោក។ ការសិក្សាបានរកឃើញជាលើកដំបូងនៅថ្ងៃនេះថានៅ ក្នុងប្រទេសកម្ពុជា មានគ្រួសារជាង ពាក់កណ្តាលនៅពេលណាមួយ ត្រូវកាត់បន្ថយបរិមាណ និងគុណភាពអាហាររបស់ ពួកគេ។
តម្លៃស្បៀងមានការកើនឡើងក្នុងឆ្នាំ២០២០ ជាពិសេសតម្លៃសាច់ ស៊ុត និងផលិតផល សាច់ត្រី នៅទីក្រុងភ្នំពេញ និងតម្លៃបន្លែស្រស់ នៅផ្សារតាមបណ្តាខេត្តនានា។ ទោះជា ក្រោយមកតម្លៃទំនិញទាំងនេះមានស្ថិតនៅនឹងវិញក៏ដោយ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានកាត់បន្ថយបរិមាណអាហារ និងភាពចម្រុះនៃអាហាររបស់ពួកគេ ជាពិសេសប្រភេទ អាហារសំខាន់ៗដូចជា អាហារសម្បូរដោយប្រូតេអ៊ីន ឬវីតាមីនអា និងជាតិដែកជាដើម។ ផលប៉ះពាល់ទាំងនេះបង្កឱ្យមានការព្រួយបារម្ភជាងគេ ចំពោះសមាជិកគ្រួសារងាយ រងគ្រោះ ជាពិសេសស្ត្រីមានផ្ទៃពោះ និងកុមារ។ បញ្ហាទាំងនេះមានការកើនឡើងនៅ ក្នុងរយៈពេលដែលត្រូវបានអង្កេត ៖ កាលពីខែសីហា ៣0% នៃរបបអាហាររបស់ស្ត្រី ពុំបានឈានទៅដល់កម្រិតចម្រុះអប្បបរមា ប៉ុន្តែភាគរយនេះកើនឡើងដល់ ៥0% នៅខែវិច្ឆិកា។
គ្រួសារក៏ត្រូវប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់ ដែលរឹតតែបង្កផលប៉ះពាល់ ក្នុងរយៈពេលវែង ដូចជាកាត់បន្ថយការចំណាយលើសេវាចាំ បាច់សំខាន់ៗ ដូចជាសេវាអប់រំនិងសុខភាព ការលក់ទ្រព្យសម្បត្តិដែលមានប្រយោជន៍សម្រាប់ផលិតភាព និងបញ្ជូនសមាជិកគ្រួសារ ទៅរកការងារធ្វើនៅខេត្តផ្សេងទៀតជាដើម។
ជាកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការលំបាក និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល កម្ពុជាបានពង្រីកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ រងគ្រោះចំនួន ៦០ម៉ឺននាក់ ក្នុងអំឡុងពេលប្រយុទ្ធនឹង ជំងឺកូវីដ១៩។ ទោះជានេះក្តី រាជរដ្ឋាភិបាលចាំបាច់ត្រូវមានការវិនិយោគបន្ថែមទៀត ដើម្បីពង្រីកកម្មវិធីជំនួយសង្គម និងធានាឱ្យមានការកែលម្អប្រព័ន្ធស្បៀង សំដៅបង្កើនផលិតភាព សុវត្ថិភាពអាហារ និងការពារប្រជាពលរដ្ឋមិនឱ្យបាត់បង់ការងារ ហើយក្នុងពេលជាមួយគ្នា ជម្រុញតម្រូវការ ស្បៀង ដែលផលិត និងកែច្នៃក្នុងស្រុក។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានមាន ប្រសាសន៍ថា៖ “ បញ្ហាខ្វះអាហារូបត្ថម្ភ គឺជាបញ្ហាប្រឈមជាយូរមកហើយនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ក្នុងទស្សវត្សរ៍ ចុងក្រោយនេះ មានការសម្រេចបានវឌ្ឍនភាពជាច្រើន ប៉ុន្តែជំងឺកូវីដ១៩ កំពុងធ្វើឱ្យ វឌ្ឍនភាពទាំងនោះបាត់បង់ទៅបន្តិចម្តងៗ។ ការពង្រីកវិសាលភាពកម្មវិធីឧបត្ថម្ភសាច់ប្រាក់ បានជួយកាត់បន្ថយការលំបាក ប៉ុន្តែដើម្បីការពារវឌ្ឍនភាពដែលទទួលបានកន្លងមក និងដើម្បីឆ្លើយតបនឹងហានិភ័យបង្កដោយការកើនទ្បើងនៃបញ្ហាក្រិសក្រិន និងស្គមស្គាំង របស់កុមារ ការវិនិយោគលើអំទ្បុងពេល ១០០០ថ្ងៃដំបូងនៃជីវិតទារក គឺមានសារៈសំខាន់ ណាស់។ ការវិនិយោគបែបនេះក៏នឹងចូលរួមចំណែកលើកកម្ពស់ការទទួលបានការអប់រំ និងផលិតភាពសម្រាប់ជីវិតកុមារម្នាក់ៗពេញមួយជីវិត។
នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វ្រិក មានមនុស្សប្រមាណជាង ៣៥0លាននាក់ មានបញ្ហាខ្វះ អាហារូបត្ថម្ភ ក្នុងឆ្នាំ២០១៩ គឺស្មើនឹងពាក់កណ្តាលនៃចំនួនមនុស្សសរុបនៅក្នុងសកល លោកដែលជួបប្រទះបញ្ហានេះ។ ក្នុងតំបន់នេះ មានកុមារអាយុក្រោម ៥ ឆ្នាំ ប្រមាណ ៧៤,៥លាននាក់ មានបញ្ហាក្រិសក្រិន (កំពស់ទាបពេក ធៀបនឹងអាយុរបស់ពួកគេ) និង ៣១,៥ លាននាក់ មានបញ្ហាស្គមស្គាំង (ស្គមពេក ធៀបនឹងកម្ពស់របស់ពួកគេ)។ កុមារភាគ ច្រើន ក្នុងចំណោមកុមារទាំងនេះរស់នៅតំបន់អាស៊ីភាគខាងត្បូង ដែលនៅទីនោះមាន កុមារដែលក្រិសក្រិនជិត ៥៦លាននាក់ និងស្គមស្គាំងជាង ២៥លាននាក់។
ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលមានអត្រាខ្វះ អាហារូបត្ថម្ភខ្ពស់ជាងគេ ដែលក្នុងនោះកុមារអាយុក្រោម ៥ឆ្នាំ ៣២% ត្រូវបានរកឃើញថា មានបញ្ហាក្រិសក្រិន និង១0% មានបញ្ហាស្គមស្គាំង។ ស្ថាប័នសហប្រជាជាតិទាំងបួន ប្តេជ្ញាសហការជាមួយគ្រប់ដៃគូទាំងអស់ ដើម្បីឈានទៅសម្រេចគោលដៅដែលត្រូវបាន ដាក់ចេញនៅក្នុងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភសំដៅឱ្យកុមារ គ្រប់រូប បានទទួលអាហារូបត្ថម្ភកាន់តែប្រសើរ និងអាចចាប់ផ្តើមជីវិតរបស់ពួកគេ បានកាន់តែល្អ៕/PC