ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ផាក ហ៊ឹង ខ្យង់ ( H.E. Ph.D. Park Heung Kyeong ) បានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយជំរុញនិងគាំទ្រ ចំពោះក្រុមហ៊ុនរបស់កូរ៉េ ដើម្បីឱ្យក្រុមហ៊ុន បានវិនិយោគ កែច្នៃសំរាម ឲ្យទៅជាអគ្គិសនី ប្រេងកាត ឧស្ម័ន និងហ្គាស ជាដើម។
ការស្នើសុំរបស់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនេះ បានធ្វើឡើង នៅពេលលោក បានចូល ជួបសំដែងការគួរសម ជាមួយនឹងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពី រសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។
លោក ផាក ហ៊ឹងខ្យង់ បានមានប្រសាសន៍ថាៈ ក្រុមហ៊ុនវិយោគរបស់កូរ៉េ សុំធ្វើការ វិនិយោគ ដោយកែច្នៃសំរាម អោយទៅជាអគ្គិសនី ប្រេងកាត ឧស្ម័ន និងហ្គាស ដោយក្រុមហ៊ុន បានធ្វើការទំនាក់ទំនង និងវិនិយោគ លើការងារនេះ ប្រមាណ ១០ ឆ្នាំមកហើយ ប៉ុន្តែមិនទាន់បានទទួលផ្លែផ្កា ជុំវិញការវិនិយោគសំរាម នៅឡើយទេ។
ជុំវិញបញ្ហានេះ លោកអគ្គរដ្ឋទូត ស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ គាំទ្រនិងជំរុញ ធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនរបស់កូរ៉េ បានវិនិយោគ លើការកែច្នៃសំរាមនេះ ។
លោកបានបញ្ជាក់ថាៈ ក្រុមហ៊ុននេះ ពិតជាមានបទពិសោធន៍ច្រើន ទៅលើការកែច្នៃសំរាម ដោយធ្វើការដុតកំដៅសំរាម រហូតដល់ ៤០០ អង្សារសេ និងមិនប៉ះពាល់ទៅដល់បរិស្ថាន នោះទេ។
ឆ្លើយតប ចំពោះការស្នើសុំ ឲ្យមានការគាំទ្រ ខាងលើនេះ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រជានិច្ច ចំពោះការវិនិយោគកែច្នៃសំរាម របស់ក្រុមហ៊ុនកូរ៉េ ដែលមានបំណង ចង់វិនិយោគសំរាម នៅរាជធានីភ្នំពេញនេះ។
លោកបានបញ្ជាក់ថាៈ អ្វីដែលសំខាន់ គឺក្រុមហ៊ុនត្រូវបញ្ចេញ សមត្ថភាព ដើម្បីឲ្យក្រសួង ពាក់ព័ន្ធ បានមើលឃើញពី សមត្ថភាពរបស់ក្រុមហ៊ុន នោះក្រុមហ៊ុន នឹងបានទទួលសិទ្ធិ លើការវិនិយោគ ពីរាជរដ្ឋាភិបាល។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ នឹងគាំទ្រជានិច្ច ចំពោះការវិនិយោគ របស់ក្រុមហ៊ុនកូរ៉េ ដោយហេតុថា សំរាមនៅរាជធានីភ្នំពេញ មិនទាន់មានការកែច្នៃ នៅឡើយទេ ទាំងទីលានចាក់សំរាម នៅស្ទឹងមានជ័យ និងនៅខណ្ឌដង្កោ ហើយជាគម្រោង រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្កើតឲ្យមាន ទីលានចាក់សំរាមថ្មី និងធំមួយទៀត នៅក្នុងភូមិទួលព្រេជ ផ្លូវលេខ៥១ ដែលមានផ្ទៃដី រហូតដល់ជាង ១០០ ហិកតា ដើម្បីចាក់សំរាម នៅទីនោះ។
លោកអភិបាលរាជធានី បានបញ្ជាក់ទៀតថាៈ ក្រោយពីក្រុមហ៊ុនរបស់កូរ៉េ បានវិនិយោគ ទៅលើសំរាមនេះហើយ នៅរាជធានីភ្នំពេញ មិនខ្វះសំរាម ដើម្បីកែច្នៃនោះទេ។ លោកបានបន្តថាៈ សម្រាប់រាជធានីភ្នំពេញ បើយើងប្រមូលសំរាម ឲ្យអស់ក្នុងមួយថ្ងៃ សំរាមមិនតិចជាង ៤ ពាន់តោននោះទេ៕/V-PC