ដោយៈសរិទ្ធ / ភ្នំពេញៈ យុវជនម្នាក់ ជាជាងជួសជុលរថយន្ត បានបោកក្បាលនឹងថ្នល់ ស្លាប់ក្នុងថ្លុកឈាម ដោយសាររថយន្ត មួយគ្រឿង បើកបរក្នុងល្បឿនលឿន មកបុកគាត់ កំពុងតែជិះម៉ូតូ យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខខារ៉ាអូខេ ហ្គោលដិនថោន តាមបណ្តោយផ្លូវព្រៃស ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពយុវជនរងគ្រោះ ឈ្មោះ ថៃ អាយុជាង ២០ ឆ្នាំ មានមុខរបរ ជាជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួល ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត នៅឯខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថាៈ ដំបូង គេឃើញបុរសម្នាក់ បើករថយន្ត ម៉ាក MG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-1749 ធ្វើដំណើរតាម បណ្ដោយផ្លូវព្រៃស ទិសដៅពីខាងកើត ទៅខាងលិច ក្នុងល្បឿនលឿន ។ លុះមកដល់ ចំណុចកើតហេតុ រថយន្តនេះ ក៏ជ្រុលចង្កូតទៅបុកជាមួយម៉ូតូ មួយគ្រឿង ម៉ាកស៊ុយ ហ្ស៊ុយគី ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP-2773 ជិះដោយបុរសម្នាក់ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីខាងលិច ទៅខាងកើត ពេញទំហឹង បណ្ដាលឲ្យយុវជន ដែលកំពុងជិះម៉ូតូ ប៉ើងចម្ងាយប្រមាណជិត ៣០ ម៉ែត្រ បោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំណែកម៉ូតូរងគ្រោះ មើលលែងចង់ស្គាល់។ ភ្លាមនោះ តៃកុងរថយន្តបង្ក ក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន រួចបញ្ជូនទៅ ប៉ុស្តិ៍នគរបាល រដ្ឋបាល ព្រៃស ដើម្បីធ្វើការសួរនាំ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយកម៉ូតូ និងរថយន្តបង្ក ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា ទៅតាមច្បាប់។ ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ច បានធ្វើកំណត់ហេតុ និងទំនាក់ទំនងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕/V-PC