កុមារ​១៣.០០០​នាក់ នៅ​ខេត្តសៀមរាប និង​ព្រះវិហារ​នឹង​រួច​ផុតពី​អំពើហិង្សា នៅ​សាលារៀន​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈអង្គការ​សង្គ្រោះ​កុមារ ( Save the Children) រួមទាំង​ដៃគូ​រួមមាន អង្គការ ទស្សនៈ​ពិភពលោក ( World Vision) និង​អង្គការ​ផ្លែ​ន​( Plan International) បាន​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​គម្រោង “​បញ្ចប់​អំពើហិង្សា​លើ​កុមារ​នៅក្នុង​សាលារៀន​នៅ​កម្ពុជា​” ហៅ​កាត់​ថា “ENDVAC” ដែល​ទទួលបាន​ជំនួយ​តាមរយៈ​មូលនិធិ​បញ្ចប់​អំពើហិង្សា និង​ម្ចាស់ជំនួយ​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​។

​ពិធី​នេះ​បាន ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សាន់វេ​។ អ្នកចូលរួម​ប្រមាណ​៥០​នាក់ រួមមាន​អ្នកតំណាង​មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​កិច្ចការនារី និង​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា នឹងចូលរួម នៅក្នុង​ពិធី​នេះ​។ ហើយក៏​មានការ​ចូលរួម​ពី​តំណាង​មកពី​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើការ​លើ​ការបញ្ចប់​អំពើហិង្សា​លើ​កុមារ អាជ្ញាធរ​មូលដ្ឋាន កុមារ និង​យុវជន​ផងដែរ​។​

​គម្រោង “​បញ្ចប់​អំពើហិង្សា​លើ​កុមារ​នៅក្នុង​សាលារៀន​នៅ​កម្ពុជា​” នឹង​ជួយ​គាំទ្រ​ដល់ កុមារ​ប្រមាណ​១៣.០០០​នាក់ រួមទាំង​កុមារ​ដែល​មិន​កំណត់​អត្តសញ្ញាណ​ភេទ​ខ្លួនឯង និង​កុមារ​មាន​ពិការភាព នៅក្នុង​ខេត្តសៀមរាប និង​ព្រះវិហារ​។
​គម្រោង​នេះ​មាន​គោលបំណង​កាត់បន្ថយ​អំពើហិង្សា​លើ​កុមារ​នៅក្នុង និង​ជុំវិញ​សាលារៀន ដោយ​ប្រើប្រាស់​ឧបករណ៍​ប​ចេ្ច​ក​ទេស និង​វិធីសាស្ត្រ​នានា​ផ្អែកទៅលើ​ភស្តុតាង ដែល​បានមកពី​ការសិក្សា​ស្រាវជ្រាវ​។

​យោងតាម​ការស្ទង់មតិ​អំពី​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៣ ជាង​ពាក់ កណ្តាល​នៃ​ស្ត្រី​(៥២.៧%) និង​បុរស (៥៤,២%) ដែលមាន​អាយុ​ពី​១៨-២៤​ឆ្នាំ បានឱ្យដឹង ថា​យ៉ាងហោចណាស់​ពួកគេ​ទទួលរង​អំពើហិង្សា​លើ​រាងកាយ​ម្តង មុន​ដែល​ពួកគេ​អាយុ ១៨​ឆ្នាំ​។ ការសិក្សា​បាន​គូស​បញ្ចាក់​បន្ថែមទៀតថា អំពើហិង្សា​នៅតាម​សាលារៀន​ច្រើន តែ​កើតឡើង​រវាង​កុមារ​ដែលមាន​អាយុ​ដំណាលគ្នា ប៉ុន្តែ​គ្រូបង្រៀន​ជា​ញឹកញាប់​គឺជា​អ្នក ប្រព្រឹត្តិ​អំពើហិង្សា​ទៅលើ​កុមារ​នៅ​ខាងក្រៅ​ផ្ទះ​។​

​លោកស្រី អេ​លីហ្សា​បេ​ត ភៀស នាយិកា​អង្គការ សង្គ្រោះ​កុមារ​ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើងថា អំពើហិង្សា​លើ​កុមារ ជាពិសេស​អំពើហិង្សា​ផ្នែក​យេនឌ័រ និង​ការ​សម្លុត បានរួម​ចំណែក​កត្តា​ធំ​ក្នុងការ​បោះបង់​ចោលការ​សិក្សា​ក្នុងចំណោម​កុមារ​មាន​ពិការភាព​។ លោកស្រី​ភៀស ក៏បាន​កត់សម្គាល់​ផងដែរ​ថា កុមារ​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ ផ្សេងៗ​គ្នា ផ្អែកលើ​យេនឌ័រ​របស់​ពួកគេ​។ ក្មេងស្រី​ភាគច្រើន​ទទួលរង​ការ រំលោភបំពាន ផ្លូវចិត្ត ការរំលោភបំពាន​តាម​អ៊ិន​ធឺ​ណិ​ត អំពើហិង្សា​ផ្លូវភេទ និង​ការរំលោភបំពាន ខណៈពេល ដែល​ក្មេងប្រុស​ទទួលរង​នូវ​អំពើហិង្សា និង​ការដាក់ទណ្ឌកម្ម​លើ​រាងកាយ ។ ការអនុវត្ត​ការការពារ​កុមារ​ត្រូវការ​ឆ្លើយតប​ឱ្យបាន​ត្រឹមត្រូវ ផ្អែកលើ​លំនាំ​ទាំងនេះ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular