Home ព័ត៌មានសំខាន់ៗ អភិបាល​រាជធាន...

អភិបាល​រាជធានី ចុះទៅពិនិត្យ​ស្ថានភាព​អគ្គិភ័យ ឆេះ​ឃ្លាំង​ស្តុក​ទំនិញ ដែលមាន​មនុស្ស ស្លាប់ ២ នាក់​

ដោយៈ រ៉ា​ម៉ន​-​សម្បត្តិ / ភ្នំពេញៈអគ្គិភ័យ​មួយ បានកើត​ឡើង នៅក្នុង​ឃ្លាំង​ស្តុក​ទំនិញ​មួយ របស់​ក្រុមហ៊ុន ឡុង ភឿង ស្ថិតនៅក្នុង ដី​ឡូ​ត៌​លេខ​៥ ផ្លូវ​៣៥៨ ក្រុម​៣០ ភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង កាលពី​វេលា​រំលងអធ្រាត្រ ឆ្លង​ចូល ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ ដែល​បាន​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​ទាំងស្រុង និង​បានធ្វើអោយ​កម្មករ ២ នាក់ បាន​ស្លាប់​នោះ​។​

​ដោយមាន​ការយកចិត្ត​ទុកដាក់ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ នៅ​ព្រឹក​ថ្ងៃទី​២៩ មករា នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ទៅ ដល់ទី​តាំង​កើតហេតុ ដោយផ្ទាល់ ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង នៅ​ទីតាំង​កើតហេតុ និង​ដើម្បី​ជំរុញ​ដល់​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ ចុះ​អន្តរាគមន៍ យក​សព​ចេញ និង​សំអាត​ទីតាំង​កើតហេតុ ឱ្យបាន​ស្អាត ឡើងវិញ​។​

​ក្នុងឱកាស​នោះ លោក​អភិបាល រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង បោសសំអាត​ទីតាំង​កើតហេតុ ឱ្យបាន​ស្អាត ក្រោយពី​ភ្លើង​បាន​ឆេះ​ក្រុមហ៊ុន អស់ទាំង​ស្រុង នៅសល់តែ​កំទេចកំទី​ផេះផង់​នោះ ។ ក្រៅពីនេះ លោក ឃួ​ង ស្រេង ក៏បាន​ណែនាំ​ឱ្យ អាជ្ញាធរ ខណ្ឌ​បឹង​កេងកង មាន​វិធានការ ឱ្យបាន​តឹងរ៉ឹង​ផងដែរ ចំពោះ​រថយន្ត​ធំ ដឹកទំនិញ នៅពេល​យប់ ដោយ​មិនឱ្យ​ចត លើផ្លូវ​ផ្តេសផ្តាស​នោះទេ ពោលគឺ​ក្រោយ​ផ្ទេរ​ដាក់​ទំនិញ រួចហើយ ត្រូវតែ​ឱ្យ​ពួកគាត់ បើក​ចេញ កុំឱ្យ​បាត់បង់ សណ្តាប់ធ្នាប់ និង​កកស្ទះ​ចរាចរណ៍​។​

​ជុំវិញ​ហេតុការណ៍​អគ្គិភ័យ ខាងលើ​នេះដែរ លោក ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង បានបញ្ជាក់​ថាៈ ចំពោះ​មូលហេតុ ដែល​ផ្ដើម​ឱ្យមាន​ការឆាបឆេះ ក្រុមហ៊ុន​ឡុង ភឿង អស់ទាំង​ស្រុង​នេះ មិនទាន់​ដឹង​ពី​មូលហេតុ ពិតប្រាកដ​នៅឡើយ​ទេ គ្រាន់តែ​លោក បញ្ជាក់ថា ក្រុមហ៊ុន​ខាងលើ ជា​ក្រុមហ៊ុន​ដែល​ផ្ទុក​ទៅដោយ​អាកុល សាំង​ក្រអូប និង​ថង់​ប្លា​ស្ទិ​ក ដែលជា​វត្ថុ ងាយ​នឹង​ឆាបឆេះ ដោយ​អគ្គិភ័យ ។​

​លោក​វរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាល ខណ្ឌ​បឹង​កេងកង បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី ២៩ ខែមករា នេះដែរ​ថាៈ អគ្គិភ័យ​ដែល​ឆេះ​ឃ្លាំង​ស្ដុក​ទំនិញ របស់​ក្រុមហ៊ុន ឡុង ភឿង​នេះ បាន​បណ្តាលឱ្យ​កម្មករ ២ នាក់ បាន​ស្លាប់ ។

​លោក​បាន​បញ្ជាក់ថាៈ តាមពិតទៅ កម្មករ​ដែល​បាន​ស្លាប់​នេះ ខណៈពេលដែល​ភ្លើង​កំពុង ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ​នោះ ពួកគេ​បាន​រត់ចេញ មក​ខាងក្រៅ ដោយ​សុវត្ថិភាព​ហើយ ។ តែ​មិនដឹងថា​យ៉ាងម៉េច​ទេ សង្ស័យ​តែ​ពួកគាត់ ភ្លេច​យក​ទ្រព្យសម្បត្តិ មាន​តំលៃ​អ្វីមួយ នៅក្នុង​ឃ្លាំង ទើប​ពួកគេ​សម្រុកចូល ទៅខាង​ក្នុង​ឃ្លាំង​វិញ ហើយក៏​បាត់​ខ្លួន រហូតដល់ ព្រឹក​ឡើង ទើប​ឃើញ​សាកសព នៅក្នុង​គំនរ​ផេះផង់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular