ដោយៈ បូកគោ / កំពតៈ អាជីវករផ្សារសាមគ្គី ទីរួមខេត្តកំពត ដែលភាគច្រើន ជាអ្នកលក់ គ្រឿងអលង្ការ និងដូរលុយ បានសម្តែងការមិនពេញចិត្ត ចំពោះប្រធានផ្សារ ដោយចោទ ប្រកាន់ អំពីការបង្កឱ្យមាន ភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់ ក៏ដូចជា ភាពមិនអើពើលើបញ្ហាអនាម័យ ក្នុងផ្សារជាដើម។ ដើម្បីឱ្យស្ថានភាពផ្សារ ដ៏សំខាន់មួយនេះ មានភាព ល្អប្រសើរ ដូចដើម អាជីវករទាំងអស់ តម្រូវឱ្យមានការផ្លាស់ប្តូរ ប្រធានផ្សារ សព្វថ្ងៃ ដោយយកអ្នកថ្មី មកជំនួសវិញ។
ក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ អាជីវករមួយរូប បានរៀបរាប់ថាៈ សព្វថ្ងៃ ភាពអនា ធិបតេយ្យ នៅបរិវេណផ្សារសាមគ្គី ទីរួមខេត្តកំពត កំពុងលេចឡើងពេញបន្ទុក ព្រោះតែ ប្រធានផ្សារ មិនអើពើ ឬអាចនិយាយបានថា បណ្តែតបណ្តោយ ឱ្យកើតមានជាថ្នូរនឹងការ ទទួលលាភសក្ការៈ។ ភាពអសកម្មទាំងនោះ ដូចជា អនុញ្ញាតឱ្យ អ្នកលក់មួយចំនួន ដាក់អីវ៉ាន់ លយដល់ផ្លូវ និងការពង្រីកតូប ដោយរៀបឥដ្ឋ និងបាំងស័ង្កសីធ្វើឱ្យបាត់ពន្លឺ ចេញចូល ខូចសណ្តាប់ធ្នាប់ ប៉ះពាល់សោភ័ណភាព ពិសេសបង្កឱ្យ ផ្លូវរួមតូចចង្អៀត ស្ទើរដើរចៀសគ្នាមិនរួច។ តាមពិតផ្សារនេះ បានជួសជុល និងធ្វើឡើងវិញ ប្រកបដោយ សោភ័ណភាព ពន្លឺគ្រប់គ្រាន់ ហើយមានភាពទូលាយ ក្រោមការឧបត្ថម្ភថវិកាផ្ទាល់ របស់សម្តេចតេជោ នាពេលកន្លងមក។
អាជីវករដដែល បានបន្តថាៈ មកដល់បច្ចុប្បន្ន ការលក់ដូរ មានភាពច្របូកច្របល់ តូបលក់មាស កើតមានក្នុងផ្សារគ្រឿងទេស កន្លែងលក់សម្លៀកបំពាក់ ឬនៅជាមួយតូប លក់ត្រី សាច់ជ្រូក ជាដើម។ ចំណែកតូបលក់ខោអាវ នៅលាយឡំនឹងកន្លែងលក់បន្លែ ផ្លែឈើ នំចំណីផ្សេងៗទៀត។ បើនិយាយពីសំរាមវិញ គឺនៅគរពាសវាលពាសកាល ហើយមិនត្រឹមពុំអើពើ ជម្រះសម្អាត ស្របតាមការបង់លុយ របស់អាជីវករ និងការទារ ឡើងថ្លៃ រាល់ខែនោះទេ គឺថែមទាំងទុក ឱ្យអ្នកលក់បោស ដោយខ្លួនឯងទៀតផង។
ប្រភពដដែល បានបញ្ជាក់ថាៈ រាល់ពេលអាជីវករ មានបញ្ហាមិនដែលឃើញប្រធានផ្សារ គណៈកម្មការ ឬសន្តិសុខ នៅប្រចាំការ ដើម្បីជួយសម្របសម្រួលទេ ពោលគឺ គណៈកម្មការ ផ្សារ មានភាពអសកម្មគ្រប់យ៉ាង។ ករណីទាំងនេះ អាជីវករ បានដាក់ពាក្យចូលទៅសាលាខេត្តរួចរាល់ និងសូមឱ្យមានការផ្លាស់ប្តូរ ប្រធានផ្សារ ដោយដាក់អ្នកថ្មី មកជំនួសវិញ។ ប៉ុន្តែបើមិនមាន កិច្ចអន្តរាគមន៍ ពីលោកអភិបាលខេត្តទេនោះ ពួកគាត់នឹងបន្តទៅថ្នាក់លើទៀត។
ពាក់ព័ន្ធនឹងករណីទាំងនេះ លោក ប៉ែន សត្យា ប្រធានផ្សារសាមគ្គី ទីរួមខេត្តកំពត បានបំភ្លឺថាៈ លោកសូមទទួលស្គាល់ ចំពោះការរិះគន់មួយចំនួន ដូចជា ការដាក់អីវ៉ាន់ លៀនលយលើផ្លូវជាដើម ពិសេសតែងកើតឡើង នៅពេលរដូវបុណ្យទាន ម្តងៗ។ ជាធម្មតា ពីមុនមនុស្សតិច ទើបផ្ទៃផ្សារ នៅទូលាយ តែមកដល់សព្វថ្ងៃ សូម្បីកូនចៅ អាជីវករ ភាគច្រើន មានគូស្រករ បានចាប់ប្រកបមុខរបរ ដូចឪពុកម្តាយ ធ្វើឱ្យអ្នកលក់ដូរ មានចំនួនកើនឡើង ដូចអ្នកទិញជាផ្នែកមួយ បង្កនូវភាពចង្អៀត ព្រោះទំហំផ្សារនៅ ដដែល។
លោកប្រធានផ្សារ បានបន្តថាៈ ចំពោះការពង្រីក ឬបង្កើនចំនួនតូប មិនអាចធ្វើបានទេ ដោយសព្វថ្ងៃនេះ មានជាង ៨០០ តូបទៅហើយ។ ប៉ុន្តែការកែលម្អនោះ មានមែន ព្រោះជាការអភិវឌ្ឍ ឱ្យទាន់សម័យកាល ហើយបើមានការជំទាស់ ឬជម្លោះកើតឡើង រវាងអ្នកនៅក្បែរគ្នា ក៏មិនអាចធ្វើបានដែរ ដើម្បីបញ្ចៀសវិវាទ។ ម្យ៉ាងទៀត លោកសូម បដិសេធនូវ ការចោទប្រកាន់ថា បានទទួលលាភសក្ការៈ ក្នុងហេតុផលណាមួយ សូម្បីលុយភាស៊ី ក៏លោកមិនមានសិទ្ធិកាន់ដែរ កុំថាឡើយ រហូតដល់អនុញ្ញាត ឱ្យអាជីវករ កែលម្អតូបលក់ដូរនោះ។ និយាយរួម លោក ទទួលបានតែប្រាក់ខែប៉ុណ្ណោះ។
ចំណែកលោកលាង រឿងសុធី អភិបាលក្រុងកំពតបានពន្យល់ប្រាប់រស្មីកម្ពុជាថាបញ្ហាបណ្តឹងរបស់អាជីវករគឺអាជ្ញាធរបានទទួលនិងយកចិត្តទុកដាក់ណាស់។ពេលនេះអាជ្ញារធកំពុងតែពិនិត្យនិងដំណើរការទៅតាមនីតិវិធី។ចំពោះបញ្ហាសំរាមគឺ តែងតែធ្វើការសំអាតនៅពេលយប់ដោយមិនទុកចោលនោះឡើយ៕/V-PC