ក្រសួងបរិស្ថាន ដឹកនាំ​អ្នកសារព័ត៌មាន ចុះ​បំពេញ​ទស្សនកិច្ច ដែនជម្រកសត្វព្រៃ នៅ​ខេត្តព្រះវិហារ

ដោយៈ ដេប៉ូ/ព្រះ​វិហារៈ ក្រសួងបរិស្ថាន និង​ក្រុម​អ្នកសារព័ត៌មាន មួយក្រុម បាន​ទៅ ទស្សនា​ឧទ្យាន បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ត្បែង ភ្នំ​ត្នោត​-​ភ្នំ​ពក និង​ដែនជម្រកសត្វព្រៃ គូលែន​ព្រហ្ម​ទេព ក្នុង​ខេត្តព្រះវិហារ រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ខេត្តព្រះវិហារ គណៈប្រតិភូ និង​អាជ្ញាធរ​មូលដ្ឋាន នឹង​បើក ដំណើរការ មណ្ឌល​បញ្ជា​ខេត្ត នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ តំបន់ការពារធម្មជាតិ​របស់​ក្រសួង បរិស្ថាន​។ ប្រព័ន្ធ​នេះ​រួមបញ្ចូល​គ្នា​នូវ​ការត្រួតពិនិត្យ​ពី​ផ្កាយរណប ព្រមទាំង​ព័ត៌មាន​ល្បាត នៅ​ទីវាល​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍ បញ្ចូល​ក្នុង​ទិន្នន័យ​មួយ​។ ព័ត៌មាន​នេះ ត្រូវបាន​ប្រើ ដើម្បី​ស៊ើបអង្កេត ឧក្រិដ្ឋកម្ម​ព្រៃឈើ ក៏ដូចជា កែលម្អ​ការគ្រប់គ្រង តំបន់ការពារធម្មជាតិ​។​

​គណៈប្រតិភូ នឹង​ទៅ​ទស្សនា តំបន់​អេកូ​ទេសចរណ៍ និង​ការបង្កើត​សហគមន៍​កសិកម្ម ជាច្រើន​កន្លែង ក្នុង​ខេត្តព្រះវិហារ​។ សកម្មភាព​ទាំងនេះ ត្រូវបាន​អនុវត្ត​រួមគ្នា ដោយ​អង្គការ WCS និង​គម្រោង USAID ព្រៃ​ឡង់​បៃតង ដោយ​សហការ ជាមួយ​ក្រសួងបរិស្ថាន ព្រមទាំង​ដៃគូ ក្នុង​វិស័យ​ឯកជន​ដទៃទៀត​។​

​លោកស្រី Veena Reddy នាយិកា​បេសកកម្ម នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ប្រចាំ​ប្រទេស​កម្ពុជា បានឱ្យដឹងថាៈ «​យើង​មាន​សេចក្តី​រីករាយ ក្នុងការ​គាំទ្រ ដល់​ការ បើក​ដំណើរការ មណ្ឌល​បញ្ហា​ប្រព័ន្ធ​ត្រួតពិនិត្យ តំបន់ការពារធម្មជាតិ នៅ​ខេត្តព្រះវិហារ ស្របពេល​នឹង​ការបង្កើន ការគាំទ្រ​របស់​យើង ដល់​សហគមន៍ ក្នុង​តំបន់​ដែល​រង​ផល ប៉ះពាល់ ផ្នែក​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូ​វីដ​១៩​។ យើង​រំពឹងថា ប្រព័ន្ធ​ត្រួតពិនិត្យ តំបន់ការពារធម្មជាតិ នឹង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ការគ្រប់គ្រង តំបន់ការពារធម្មជាតិ របស់​ប្រទេស​កម្ពុជា ដោយ​ផ្តល់ឱ្យ​អ្នកគ្រប់គ្រង នូវ​ព័ត៌មាន​ទាន់ពេលវេលា និង​បញ្ចូល​គ្នា អំពី​អ្វីដែល​កំពុង កើតឡើង​។ សំខាន់​ដូចគ្នានេះដែរ គឺជា​ការធានា​សុខុមាលភាព របស់​ប្រជាជន នៅតាម​ជនបទ នៃ​ប្រទេស​កម្ពុជា ដែល​ភាគច្រើន បាន​រង​ផលប៉ះពាល់ គួរឱ្យកត់សម្គាល់ ដោយ​ការធ្លាក់ចុះ នៃ​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ជំងឺ​កូ​វី​១៩​។ យើង​កំពុងធ្វើការ ជាមួយ​អ្នកអនុវត្ត ក៏ដូចជា​ដៃគូ ក្នុង​វិស័យ​ឯកជន ដែល​ប្តេជ្ញា​អភិរក្ស ធនធានធម្មជាតិ ដើម្បី​បង្កើន​ឱកាស​ការងារ ប្រកបដោយ​និរន្តរភាព​សម្រាប់​សហគម​ន៍ ជនបទ​»​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង​ជា​អ្នកនាំពាក្យ បានឱ្យ​ដឹងផង​ថាៈ «​ការគាំទ្រ​ដល់​សហគមន៍ ក្នុង​តំបន់ ឱ្យ​ងើប​ឡើងវិញ ពី​វិបត្តិ​សេដ្ឋកិច្ច របស់​ជំងឺ​កូ​វីដ​១៩ ស្របពេល​នឹង​ការថែរក្សា បណ្តាញ​តំបន់ការពារធម្មជាតិ របស់​យើង គឺជា​អាទិភាព​កំពូល របស់​យើង នៅពេលនេះ​។ ជាមួយនឹង​ដៃគូ​របស់​យើង យើង​កំពុង​គាំទ្រ​គំនិត​ផ្តួចផ្តើម ជាច្រើន ដើម្បី​ធ្វើឱ្យ ជីវភាព​រស់នៅ ល្អប្រសើរ​ឡើង ដូចជា​កសិកម្ម ដែល​ជួយ​ដល់​ការ អភិរក្ស ខណៈពេល​បង្កើត​ការងារ ដល់​សមាជិក​សហគម​ន៍ មូលដ្ឋាន តាមរយៈ​អេកូ​ទេស ចរណ៍​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូ​ផ្តល់ជំនួយ​ទាំងអស់ ជាពិសេស​ទីភ្នាក់ងារ ជំនួយ​អាមេរិក USAID ដែល​បាន​បន្ត​គាំទ្រ ដល់​សហគមន៍​មូលដ្ឋាន និង​ការអភិរក្ស​ជីវៈចម្រុះ ក៏ដូចជា សត្វព្រៃ នៅ​ប្រទេស​កម្ពុជា សម្រាប់​ជំនាន់​ក្រោយ របស់​យើង​»​។​

​លោក Nick Spencer នាយក​ប្រតិបត្តិ Ibis Rice បានកត់សម្គាល់​ថាៈ «​ជំងឺ​កូ​វីដ​១៩ បានបង្ហាញ​ពី​តួនាទី​សំខាន់​របស់​ដៃគូ ក្នុង​វិស័យ​ឯកជន ដែលមាន​ការប្តេជ្ញាចិត្ត ដូចជា ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ដល់​សហគមន៍​ជនបទ​។ នៅ​ឆ្នាំនេះ យើង​បាន​បង់ប្រាក់ ឱ្យ​កសិករ ជាង ១.១០០ នាក់ ជា​មធ្យម ៦០ ភាគរយ លើស​តម្លៃ​ទីផ្សារ សម្រាប់​ស្រូវ​របស់ ពួកគេ​។ លទ្ធផល​នេះ បាន​ផ្តល់ប្រាក់ ៥៨០.០០០ ដុល្លារ ដល់​កសិករ ដោយផ្ទាល់​ក្នុង ការអភិរក្ស​សត្វព្រៃ និង​ផលិតកម្ម​ស្រូវ​សរីរាង្គ​។ IBIS គម្រោង USAID ព្រៃ​ឡង់​បៃតង គឺជា​សកម្មភាព​រយៈពេល ប្រាំ​ឆ្នាំ ដែល​ត្រូវបាន​អនុវត្ត ក្នុង​ភាពជា​ដៃគូ ជាមួយ​ក្រសួង បរិស្ថាន​។

​លោក​បាន​និយាយ​បន្តថាៈ គម្រោង​នេះ ដំណើរការ​នៅ​ទូទាំង តំបន់ការពារធម្មជាតិ ចំនួន ១៩ នៅក្នុង​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ កំពង់ធំ ក្រចេះ និង​ស្ទឹងត្រែង​។ គម្រោង USAID ព្រៃ​ឡង់​បៃតង លើកកម្ពស់​ភាព​ធន់​ការអភិវឌ្ឍ ដែលមាន​កម្រិត​បំ​ភាយ​ឧស្ម័ន​ទាប និង​ការគ្រប់គ្រង ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន​តាមរយៈ​ការផ្តោត​ទៅលើ​សហគមន៍ ការអភិរក្ស និង​អភិបាលកិច្ច​ល្អ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular