ប្រែសម្រួល : កញ្ញាដាលីស ៖ សហរដ្ឋអាម៉េរិកមើលឃើញការធ្លាក់ចុះកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ១៩៤៦ ដោយសារជំងឺរាតត្បាតកូវីដ១៩រារាំងដល់សេដ្ឋកិច្ចកាលពីឆ្នាំមុនប៉ុន្តែខណៈដែលប្រទេសនេះមានគម្រោងស្តារសេដ្ឋកិច្ចឡើងវិញ ការរើបឡើងវិញនឹងមិនងាយមកដល់ឆាប់ៗនោះឡើយ។
ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ថា ប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះបានធ្លាក់ចុះ ៣,៥ ភាគរយក្នុងឆ្នាំ ២០២០ បន្ទាប់ពីកូវីដបានផ្លាស់ប្តូរការរស់នៅប្រចាំថ្ងៃ ដោយបង្ខំឱ្យអាជីវកម្មជាច្រើនបិទទ្វារឬផ្លាស់ប្តូរប្រតិបត្តិការរបស់ពួកគេ ខណៈបញ្ឈប់កម្មករនិយោជិតយ៉ាងច្រើនសន្ធឹក។
ការបញ្ឈប់ការងារទ្រង់ទ្រាយធំ ដែលបានចាប់ផ្តើមក្នុងខែមីនានៅពេលដែលជំងឺរាតត្បាតកាន់តែវាយលុកខ្លាំងឡើង នៅតែបន្តបន្ថែមវិបត្តិលើសេដ្ឋកិច្ច ដោយក្រសួងការងារបានរាយការណ៍ថាមនុស្សជិត ១,៣ លាននាក់ថ្មីបានចុះឈ្មោះទាមទារអត្ថប្រយោជន៍គ្រាអត់ការងារធ្វើ ដែលបានដាក់កាលពីសប្តាហ៍មុន។
ទិន្នន័យនេះគូសបញ្ជាក់ពីស្ថានភាពការងារបច្ចុប្បន្នដល់លោកប្រធានាធិបតីចូ បៃដិន ដែលចូលកាន់តំណែងកាលពីមួយសប្តាហ៍មុន ដោយសន្យាថានឹងធ្វើឱ្យប្រទេសនេះវិលត្រឡប់ទៅរកភាពដើមវិញ និងជាអ្នកដែលបានស្នើថវិកា ១,៩ លានលានដុល្លារក្នុងការជួយសង្គ្រោះបឋមប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចផងនិងវិបត្តិសុខភាពផង។
ប៉ុន្តែត្រង់ចំណុចនេះ ក្រុមអ្នកវិភាគយល់ស្របថា រដ្ឋាភិបាលនៅមានរឿងច្រើនណាស់ត្រូវធ្វើដើម្បីគាំទ្រសេដ្ឋកិច្ច ដែលវានឹងមិនមានសភាពដូចដើមវិញទេដរាបណាវីរុសកូរ៉ូណាដ៏កាចសាហាវត្រូវបានលុបបំបាត់ចោលបានឬយ៉ាងហោចណាស់ស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។
លោកស្រីណាន់ស៊ី វ៉ាន់ដិន ហ៊ូធិន មកពីសាលាជំនាញសេដ្ឋកិច្ចអក់ស្វតនិយាយថា “ការជម្រុញសារពើពន្ធបន្ថែមនិងការចាក់ថ្នាំបង្ការកាន់តែទូលំទូលាយគួរតែគាំទ្រដល់ទីផ្សារការងារបានប្រសើរឡើងនៅនិទាឃរដូវ ប៉ុន្តែការទាមទារអត្ថប្រយោជន៍គ្រាអត់ការងារធ្វើរំពឹងនៅមានកម្រិតខ្ពស់ដដែលក្នុងរយៈពេលខ្លី ព្រោះមេរោគកូរ៉ូណានៅតែបន្តរឹតត្បិតសកម្មភាព ហើយមេរោគបំលែងខ្លួនថ្មីគឺជាក្តីបារម្ភ”៕
ឆ្នាំ២០២០ជាឆ្នាំអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិកដោយសេដ្ឋកិច្ចធ្លាក់ចុះ៣,៥ ភាគរយក្នុងឆ្នាំ