ក្រុម​អ្នកជំនាញ​សុខភាព​សកល​អំពាវនាវ​ឱ្យ​ដោះស្រាយ​បញ្ហា​បំពុល​ខ្យល់អាកាស​ជាបន្ទាន់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុម​អ្នកជំនាញ​បេះដូង​ឈានមុខ​គេ​នៅលើ​ពិភពលោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ អំពាវនាវ​ឱ្យ​អាជ្ញាធរ​នានា​ស្វែងរក​មធ្យោបាយ​ជាបន្ទាន់​ដើម្បី​ប្រឆាំង​នឹង​ផល​ប៉ះពាល់​សុខភាព​ពី​ការ​បំពុលបរិយាកាស​។​

​ខ្យល់​កខ្វក់​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការស្លាប់​ម្នាក់​ក្នុងចំណោម​អ្នកស្លាប់ ៨ នាក់ (១២ ភាគរយ​) នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៩ ដោយ​ចំនួន​អ្នកស្លាប់​ពាក់កណ្តាល​នៃ​បញ្ហា​ទាំងនេះ​គឺ​ទាក់ទង​នឹង​ជំងឺ​សរសៃឈាម​បេះដូង​។​

​ការ​បំពុល​បរិយាកាស​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ទៀត​ដែរ រួមមាន ការ​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង ជំងឺ​ទឹកនោម​ផ្អែម​។​

​ជំងឺ​កូវី​ដ​១៩​ត្រូវ​បាន​ចាត់​ថា​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​សរសៃឈាម​បេះដូង ដោយ​ការសិក្សា​មួយ​រកឃើញថា អ្នករស់នៅ​ក្នុង​តំបន់​ដែល​មាន​កម្រិត​នៃ​ការ​បំពុល​បរិយាកាស​ខ្ពស់ គឺ មាន​អត្រា​ស្លាប់ ១១ ភាគរយ​ពី​ការឆ្លង​មេរោគ​កូរ៉ូណា​។​

​ក្រុម​អ្នកជំនាញ​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ពួកគេ​ថា ការ​បំពុលបរិយាកាស​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​បេះដូង ហើយ​នៅពេល​គួប​ផ្សំ​ជាមួយនឹង​ការគំរាមកំហែង​ខ្លាំង​ឡើង​ពី​កូវី​ដ​១៩​និង​ជំងឺ​សរសៃឈាម​បេះដូង ការគំរាមកំហែង​ទាំងបី​នេះ​គួរតែ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់បំផុត​។​

​សេចក្តីថ្លែងការណ៍​របស់​អ្នកជំនាញ​អំពាវនាវ​ឱ្យមាន​ការផ្លាស់ប្តូរ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​កាត់បន្ថយ​កម្រិត​នៃ​ការ​បំពុល​បរិយាកាស​ខណៈ​ផ្តល់ជូន​អ្នកជំងឺ​នូវ​វិធី​កាត់បន្ថយ​ការប៉ះពាល់​ខ្យល់​កខ្វក់​។​

​ស្ថាប័ន​ចំនួន ៤ គឺ សហព័ន្ធ​បេះដូង​ពិភពលោក មហាវិទ្យាល័យ​បេះដូង​វិទ្យា​អាម៉េរិក សមាគម​បេះដូង​អាម៉េរិក និង សមាគម​បេះដូង​វិទ្យា​អឺរ៉ុប បានចេញ​សេចក្តីថ្លែងការណ៍​រួម​នេះ​នៅក្នុង​ទស្សនា​វ​ដ្តី​របស់​ពួកគេ​រៀងៗ​ខ្លួន​៕

ក្រុម​អ្នកជំនាញ​បេះដូង​ឈានមុខ​គេ​នៅលើ​ពិភពលោក​អំពាវនាវ​ឱ្យ​អាជ្ញាធរ​នានា​ស្វែងរក​មធ្យោបាយ​ជាបន្ទាន់​ដើម្បី​ប្រឆាំង​នឹង​ផល​ប៉ះពាល់​សុខភាព​ពី​ការ​បំពុលបរិយាកាស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular