ដោយៈ គង់ហេង / កំពង់ចាមៈ ក្រុមបាសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងរក្សាបោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានប្រទះឃើញ ឆ្អឹងភ្លៅជើងម្ខាង របស់ទាហាន ក្នុងនាវាចម្បាំង ដែលបានលិច នៅក្នុងទន្លេមេគង្គ ទឹកដីខេត្តកំពង់ចាម ក្រោយពីបានរកឃើញផ្លាកឈ្មោះ របស់ទាហានម្នាក់ នាសប្តាហ៍ កន្លងទៅ។ ប៉ុន្តែខាងមន្ត្រីជំនាញ នៅមិនទាន់មានការសន្និដ្ឋាន បែបណានោះទេរង់ចាំ ការរុករកឆ្អឹង ជាធាតុរបស់ទាហានបន្តទៀត ខណៈដែលការប្រមូលបាន គ្រាប់កាំភ្លើង ជាច្រើនធុន បានប្រមាណ ប្រាំពីរ តោន ពោលគឺប្រហែល ២០ ភាគរយ នៃនាវាចម្បាំង ខ្នាតធំ។ ចំណែកនាវាចម្បាំងខ្នាតតូច មួយទៀតនោះ ត្រូវបានគេពុះកាត់យកគ្រោងឆ្អឹង របស់នាវា ទៅបាត់ បន្សល់ទុកតែគ្រាប់កាំភ្លើងប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការ បោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងរក្សាសន្តិសុខ បោសសម្អាតមីន និងកាកសំណល់ សង្គ្រាម បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន រស្មីកម្ពុជា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ថាៈ ឥឡូវ យើងបានរកឃើញឆ្អឹង ជើងភ្លៅម្ខាង របស់ទាហាន ដែលបានស្លាប់ ក្នុងនាវានោះ កាំភ្លើងម៉ាកអាកា ចាស់ចំនួន មួយដើម និងគ្រាប់កាំភ្លើង ជាច្រើនធុន ប្រមាណ ប្រាំពីរ តោន។
លោកមេបញ្ជាការ NPMEC ( អិនភីអេមអ៊ីស៊ី) បានមានប្រសាសន៍ថាៈ ប៉ុន្តែជុំការប្រទះ ឃើញឆ្អឹងភ្លៅជើងម្ខាងនេះ យើងនៅពុំអាចសន្និដ្ឋាន បែបណានៅឡើយទេ គឺកំពុងរុករក ភស្តុតាង នៃធាតុផ្សំសិន។ រីឯលទ្ធផល សម្រាប់ការស្រង់ គ្រាប់កាំភ្លើង បានសរុបប្រហែល ប្រាំពីរ តោននេះ គឺស្មើប្រមាណ ២០ ភាគរយ នៃគ្រាប់ ស្ថិតនៅខាងក្នុង នាវានោះ ពោលគឺ យើងកំពុងស្រង់ចេញ គ្រាប់ពីឃ្លុបទី១ មិនទាន់ឆ្លងចូល ឃ្លុបទី២ និងទី៣ នៅឡើយទេ។
លោកបានបញ្ជាក់ថាៈ ប្រតិបត្តិការនេះ យើងបានចាប់ផ្តើម ចុះសិក្សា ក្នុងរង្វង់ផ្ទៃទឹក ទន្លេមេគង្គ ទន្ទឹមនឹងភូមិសាស្ត្រស្រុកស្រីសន្ធរ និងស្រុកកងមាស ខេត្តកំពង់ចាម កាលពីខែតុលា ឆ្នាំ២០២០ បន្ទាប់មក ចុះដល់ក្នុងនាវា នៅដើមខែមករា ឆ្នាំ២០២១។
គួររំលឹកថា ការដែលខាង NPMEC រកឃើញនាវាចម្បាំង ដែលលិចចន្លោះ ឆ្នាំ១៩៧០-៧៥ នេះ នៅពេលសាឡង់បូមខ្សាច់ បានបូមជាប់ ដោយគ្រាប់កាំភ្លើង ក្នុងទុយោ ក៏មានការ ភ្ញាក់ផ្អើល នាំឱ្យខាងជំនាញ ចុះសិក្សាស្រាវជ្រាវ នៅឆ្នាំ២០២០។ ដោយកាលពីសប្តាហ៍ កន្លងទៅ បានប្រទះឃើញផ្លាកឈ្មោះទាហានម្នាក់ សរសេរជាភាសាបារាំង មួកដែកមួយ កាំបិតធ្វើសឹកសង្គ្រាម ចំនួនមួយ និងគ្រាប់ជាច្រើនធុន សរុបចំនួន ប្រាំមួយ តោន៕/V-PC