យន្តហោះចិនច្រើនគ្រឿង ហោះក្រឡឹងជុំវិញកោះតៃវ៉ាន់

3398
ចែករម្លែក

ហោះកងទ័ពអាកាសចិនបាននិយាយថា យន្តហោះចិនច្រើនគ្រឿង បានហោះហើរជុំវិញកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមេសាដែលជាការធ្វើសមយុទ្ធជាបន្តបន្ទាប់និងជាចុងក្រោយបំផុតរបស់ខ្លួន ដែលតៃវ៉ាន់បានចាត់ទុកថាជាការគំរាមកំហែងផ្នែកយោធា។

កោះតៃវ៉ាន់ ដែលត្រូវបានអះអាងដោយរដ្ឋាភិបាលក្រុងប៉េកាំងថាជាទឹកដីរបស់ខ្លួននោះ គឺជាបញ្ហារសើបបំផុតមួយរបស់ចិននិងជាចំណុចក្តៅគគុកនៃយោធា។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះចិនបានបង្កើនការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនេះដោយរួមទាំងហោះយន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះយោធាដទៃទៀតរបស់ខ្លួននៅជុំវិញកោះនេះ។

កងទ័ពអាកាសចិន បាននិយាយនៅក្នុងសេចក្តីថ្លៃងការណ៍មួយថា​ ខ្លួនបានហោះយន្តហោះចម្បាំង យន្តហោះព្រមាន យន្តហោះស៊ើបការណ៍ និងយន្តហោះទម្លាក់គ្រាប់បែក​ H-6K ជាច្រើនគ្រឿងដោយហោះចេញពី ព្រលានយន្តហោះជាច្រើនសម្រាប់ការធ្វើសមយុទ្ធយោធានៅថ្ងៃព្រហស្បតិ៍នេះ ។

ភាពប្រទូសរ៉ាយរបស់ចិនចំពោះកោះតៃវ៉ាន់នេះ បានកើនឡើងចាប់តាំងពី លោកស្រី​Tsai Ing-wen បាន​ជាប់ឆ្នោត​ជា​ ប្រធានាធិបតី​នៃ​កោះ​តៃវ៉ាន់នៅឆ្នាំ ២០១៦ ។​

កាលពីថ្ងៃពុធ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបាននិយាយថាសមយុទ្ធនៅជិតកោះតៃវ៉ាន់ គឺជាការផ្តល់សារដ៏ច្បាស់មួយដល់កោះនេះហើយថាចិននឹងចាត់វិធានការបន្ថែមទៀតប្រសិនបើ កងកម្លាំងឯករាជ្យតៃវ៉ាន់ នៅតែបន្តធ្វើដូចអ្វីដែលពួកគេចង់បាននោះ៕ដោយ៖សុខា/SN

រយៈពេល១ឆ្នាំកន្លងមកនេះចិនបង្កើនសមយុទ្ធយោធានៅជុំវិញ កោះតៃវ៉ាន់ដោយរួមទាំងហោះ យន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះយោធាដទៃទៀតរបស់ខ្លួននៅជុំវិញកោះនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម