ប្រែសម្រួលៈវាសនា/ណៃពីដោរ៖ ស្ថានទូតជាងដប់ រួមមានអាម៉េរិកនិងគណៈប្រតិភូសហភាពអឺរ៉ុប កាលពីថ្ងៃសុក្រទី២៩មករានេះបានទទូចអោយប្រទេសមីយ៉ាន់ម៉ា«ប្រកាន់ខ្ជាប់បទដ្ឋានប្រជាធិបតេយ្យ»។ពួកគេបានចូលរួមជាមួយ អង្គការសហប្រជាជាតិក្នុងការសម្តែងការព្រួយបារម្ភអំពីលទ្ធភាពកើតមានរដ្ឋប្រហារយោធាមួយ។
មីយ៉ាន់ម៉ាទើបចេញផុតពីការគ្រប់គ្រងយោធាអស់ពេលជិត៥០ឆ្នាំ ដោយរដ្ឋាភិបាលស៊ីវិលបច្ចុប្បន្នគ្រប់គ្រងប្រទេសតាមរូបភាពបែងចែកអំណាចជាមួយក្រុមយោធា ក្រោមរដ្ឋធម្មនុញ្ញមួយដែលតាក់តែងឡើងដោយពួកយោធាមុនពួកគេអនុញ្ញាតអោយប្រទេសមួយនេះធ្វើការបោះឆ្នោតនិងមានរដ្ឋាភិបាលស៊ីវិលមួយ។
គណបក្សកាន់អំណាចរបស់លោកស្រីស៊ូជី កំពុងប្រឈមមុខជាមួយក្រុមយោធាដែលដឹកនាំដោយឧត្តមសេនីយ៍ មីន អ៊ុង ហ្លាំង
អស់ជាច្រើនសប្តាហ៍មកហើយ យោធាដ៏មានអំណាចបានចោទប្រកាន់អំពីភាពមិនប្រក្រតីជាទូទៅនៅក្នុងការបោះឆ្នោតជាតិកាលពីខែវិច្ឆិកាឆ្នាំមុន ដែលបាននាំអោយគណបក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូជី ឈ្នះក្នុងសម្លេងច្រើលើសលប់។
នៅសប្តាហ៍នេះ យោធាបានបង្កើនការទាមទារអោយបញ្ជាក់ឬបង្ហាញបញ្ជីបោះឆ្នោតនិងការស៊ើបអង្កេតផង ដោយអ្នកនាំពាក្យយោធាម្នាក់បានបដិសេធមិនទាត់ចោលលទ្ធភាពនៃការកើតមានរដ្ឋប្រហារមួយណាមួយឡើយដើម្បីដោះស្រាយអ្វីដែលលោកបានហៅថា«វិបត្តិនយោបាយ»។
ការបារម្ភកាន់តែកើនឡើងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីប្រមុខកងទ័ពឧត្តមសេនីយ៍ មីន អ៊ុង ហ្លាំង បានិយាយថា រដ្ឋធម្មនុញ្ញរបស់ប្រទេសអាចនឹងព្យួរចោលនៅក្រោមកាលៈទេសៈជាក់ស្តែង។
គណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាកាលពីថ្ងៃម្សិលមិញ ក៏បានច្រានចោលការចោទប្រកាន់ពីក្រុមយោធាស្តីពីការលួចបន្លំការបោះឆ្នោត និងថាមិនមានកំហុសសមល្មមប៉ះពាល់ដល់ការជឿជាក់នៃការបោះឆ្នោតនេះទេ។
ឥឡូវ ពួកសមាជិកសភាជាប់ឆ្នោតថ្មី ត្រូវចាប់ផ្តើមចូលអង្គុយក្នុងសភានៅថ្ងៃ០១កុម្ភៈហើយសន្តិសុខក៏ត្រូវបានរឹតបន្តឹងនៅរដ្ឋធានីណៃពីដោនៅថ្ងៃសុក្រទី២៩មករាដោយប៉ូលិសដាក់បារ៉ាស់និងលួសបន្លាយាមតាមផ្លូវចូលទីក្រុង នៅពេលស្ថានទូតអាម៉េរិក រួមជាមួយប្រទេស១៦ទៀតនៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវអោយយោធា«ប្រកាន់បទដ្ឋានប្រជាធិបតេយ្យ»។
វាបាននិយាយថា «យើងទន្ទឹងរង់ចាំការប្រជុំសភាដោយសន្តិវិធីនៅថ្ងៃ០១កុម្ភៈ និងការបោះឆ្នោតប្រធានាធិបតី ព្រមទាំងប្រធានសភា។យើងប្រឆាំងការប៉ុនប៉ងណាមួយដើម្បីកែប្រែលទ្ធផលឆ្នោត ឬរារាំងអន្តរកាលប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា»។
ក្នុងពេលជាមួយគ្នា អគ្គលេខាអង្គការសហប្រជាជាតិ លោកអង់តូញ៉ូ ហ្គូទែរ៉េស ក៏បានសម្តែង«ការព្រួយបារម្ភជាខ្លាំងអំពីការវិវត្តន៍សភាពការណ៍ចុងក្រោយនេះនៅមីយ៉ាន់ម៉ា ដោយលោកបានអំពាវនាវអោយ«គ្រប់តួអង្គដកថយចេញពីការញុះញង់បង្កចលាចល ឬបង្ករឿងក្នុងទំរង់ណាមួយ បង្ហាញភាពជាអ្នកដឹកនាំនិងប្រកាន់ខ្ជាប់បទដ្ឋានប្រជាធិបតេយ្យ ហើយគោរពលទ្ធផលឆ្នោត»៕
សន្តិសុខក៏ត្រូវបានរឹតបន្តឹងនៅរដ្ឋធានីណៃពីដោនៅថ្ងៃសុក្រទី២៩មករាដោយប៉ូលិសដាក់បារ៉ាស់និងលួសបន្លាយាមតាមផ្លូវចូលទីក្រុងនៅមុនសភាជាប់ឆ្នោតថ្មីបើកកិច្ចប្រជុំដំបូងនៅថ្ងៃ០១កុម្ភៈ