ដោយៈ ប.ខុន / ភ្នំពេញៈ ក្រុមការងារអន្តររួមមានក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) និងក្រុម មន្ត្រីបច្ចេកទេស នៃគម្រោងកម្មវិធី គ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរ កសិកម្ម នៅប្រទេសកម្ពុជា (Wat4Cam) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានចុះពិនិត្យទីតាំង ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលខូចខាតដោយ ទឹកជំនន់កាលពីឆ្នាំ ២០២០ ដើម្បីវាយតម្លៃ និងធ្វើការជួសជុលស្ដារឡើងវិញ។
ក្រុមការងារខាងលើ ដឹកនាំដោយលោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកកិច្ច សហប្រតិបត្តិការ អន្តរជាតិ ដោយបានចុះពិនិត្យ ប្រព័ន្ធធារា សាស្ត្រ សំខាន់ៗ ចំនួន ៧ កន្លែង ដែលចាំបាច់ ត្រូវធ្វើការជួសជុល ឡើងវិញ ជាបន្ទាន់ នៅក្នុងរដូវប្រាំងនេះ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៩ មករា នេះថាៈ កាលពីអំឡុង ខែតុលា និង ខែវិច្ឆិកា ឆ្នាំ២០២០ ខេត្តបន្ទាយ មានជ័យ គឺជាខេត្តមួយ ដែលទទួលរង នូវផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ពីជំនន់ទឹក ស្ទឹងមង្គលបុរី និងជំនន់ទឹកភ្លៀង ដែលបានធ្លាក់ជោកជាំ នៅក្នុងខេត្ត និងជំនន់ ដែលហូរធ្លាក់ មកពីប្រទេសថៃ បង្កឲ្យមានការខូចខាត និងការប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ក្នុងក្របខ័ណ្ឌ នៃកិច្ចសហ ប្រតិបត្តិការ ជាមួយទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ និងដោ យមានការគាំទ្រ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ឲ្យក្រុមការងារគម្រោង កម្មវិធី Wat4 Cam ចុះពិនិត្យ និងវាយតម្លៃ ដើម្បីធ្វើការជួសជុល ស្ដារឡើងវិញ ជាបន្ទាន់ នូវប្រព័ន្ធធារាសាស្ត្រ ចំនួន៧កន្លែង រួមមានដូចជាទំនប់តាឆាយ, ទំនប់អន្លុងរុត, អាងទឹក ប្រាសាទប្រាំ, ទំនប់អន្លង់គ្រុឌ …។ ការងារជួសជុលស្ដារឡើងវិញនេះ គ្រោងនឹងចាប់ដំណើរការ នៅក្នុងខែមីនា ឆ្នាំ២០២១ ខាងមុខនេះ៕/V-PC/សរន