Home ព័ត៌មានសំខាន់ៗ គម្រោង​សាងសង់...

គម្រោង​សាងសង់​មហាវិថី ៣០ ម៉ែត្រ បាន​ដំណើរការ ទៅ​យ៉ាង​រលូន​ហើយ​

ដោយៈ ប​.​ខុន / ភ្នំពេញៈ គម្រោង​សាងសង់​មហាវិថី ៣០ ម៉ែត្រ សម្រាប់​ភ្ជាប់​ចរាចរណ៍ ពី​ប្រព័ន្ធ​ផ្លូវ​អ៊ី​អន ២ ទៅ​មហាវិថី​ឈ្នះ​ឈ្នះ នៅត្រង់ចំណុច​ខាងលិច គល់ស្ពាន​ព្រែក​ព្នៅ បានចាប់ផ្ដើម​ចាក់​បេ តុង​រួច ទៅ​ហួស​ពី​ក្រសួង​រៀបចំ​ដែនដី​ថ្មី ហើយ​ជាមួយនឹង​ការ​ដាក់លូ និង​សួនច្បារ នៅ​ចំ​កណ្តាល​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​ថាៈ បង្គោល​ភ្លើង នៅតាម​មហាវិថី ៣០ ម៉ែត្រ ដែលមាន ការប៉ះពាល់ ដល់ គម្រោង​ពង្រីក​ផ្លូវ​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ សាលាខណ្ឌ​ឫស្សីកែវ កំពុង​ពិនិត្យ​រក​ទីតាំង​ដាក់ មិនឱ្យ​រាំងស្ទះ ដល់​ការសង​សង់​ផ្លូវ​នេះ​ទេ​។​

​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៩ ខែមករា នេះដែរ​ថាៈ បង្គោល​ភ្លើង​ធំៗ នៅលើ​មហាវិថី ៣០ ម៉ែត្រ ដែល​កំពុង​ចាប់ផ្ដើម​សាងសង់ នៅ​ព្រឹក​ថ្ងៃនេះ ខ្ញុំ (​ពិសី​) និង​ក្រុមការងារ កំពុង​ពិនិត្យ​រក​កន្លែង​ដាក់ ដោយ​សម្រេច​រំកិល មក​ដាក់​នៅ​ចំណុច ១៤,៥០ ម៉ែត្រ គិតពី​អ័ក្ស​ផ្លូវ ៣០ ម៉ែត្រ​។​

​បញ្ហា​បង្គោល​ភ្លើង នៅលើ​មហាវិថី ៣០ ម៉ែត្រ​នេះ លោក ជា ពិសី បានបញ្ជាក់​ថាៈ ដោះស្រាយបាន​ហើយ ចំពោះ​សំណង់ មិន​រៀបរយ នៅលើ​ផ្លូវ​នេះ ក៏​ដោះស្រាយ ជិត​ចប់​ដែរ នៅសល់តែ ៧ គ្រួសា ដែល​មិនទាន់​យល់ព្រម តាម​ការសម្របសម្រួល របស់​អាជ្ញាធរ ។ រដ្ឋបាល​ខណ្ឌឫស្សីកែវ នឹង​ជូនដំណឹង ជា​លើក ចុងក្រោយ​ចំពោះ​ម្ចាស់ សំណង់ ដែល​មិន​ទទួលយក ការសម្របសម្រួល​នេះ ធ្វើយ៉ាងណា​គឺ​មិនឱ្យ មានការ​រាំងស្ទះ ដល់​ការងារ​សាងសង់ មហាវិថី ៣០ ម៉ែត្រ​នេះឡើយ​។​

​គម្រោង​សាងសង់ និង​ពង្រីក​មហាវិថី ៣០ ម៉ែត្រ ដើម្បី​ត​ភ្ជាប់​ចរាចរណ៍ ពី​រុក្ខវិថី​អង្គរ ភ្នំពេញ ( ចាប់ពី​ផ្លូវ ២០០៣ ប្រព័ន្ធ​ផ្លូវ​អ៊ី​អន ២ ) ទៅដល់​មហាវិថី ឈ្នះ ឈ្នះ នៅ​ខាងលិច រង្វង់​មូល​គល់ស្ពាន ព្រែក​ព្នៅ បាន​ចាក់​បេតុង ដាក់លូ​រួច និង​រៀបចំ​សួនច្បារ នៅ​ចំ​កណ្តាល បាន​ទៅដល់​ពីមុខ​ទីក្រុង​រណប ហ្ក្រេ​ន​ភ្នំពេញ អន្តរជាតិ (​មុខក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្មី ដែល​នឹងត្រូវ​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់ នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១) ហើយនឹង​កំពុង​បន្ត​ចាក់​បេតុង និង ដាក់លូ​ឆ្ពោះ ទៅ​មហាវិថី ឈ្នះ ឈ្នះ យ៉ាង​មមាញឹក ធ្វើយ៉ាងណា ឱ្យបាន​ហើយ​រួចរាល់ ចាប់ពី​បុរី​អង្គរ​ភ្នំពេញ ដល់​អង្គរ​ព្រី​មៀ ជាពិសេស​ចំពោះ​ផ្លូវ​កាត់ ពីមុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្មី ដែល​នឹងត្រូវ​សម្ពោធ អគារ​ទីស្តីការ​ថ្មី របស់​ក្រសួង​នេះ នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១ ដែល​តាម​ការគ្រោង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​សូម​រំលឹក​ឱ្យដឹងថា មហាវិថី ៣០ ម៉ែត្រ​នេះ បាន​បើក​ការដ្ឋាន​សាងសង់ ជា​ផ្លូវការ កាលពី ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី ភ្នំពេញ ដែលមាន​ការគាំទ្រ​ថវិកា ពី​សប្បុរសជន ជា​ឧកញ៉ា និង​ម្ចាស់​បុរី​នានា នៅ​អម សងខាង​មហាវិថី​នេះ គឺ​ចាប់ពី​បុរី​អង្គរ​ភ្នំពេញ ទៅដល់​មហា វិថី ឈ្នះ ឈ្នះ ។​

​មហាវិថី ៣០ ម៉ែត្រ​ថ្មី​នេះ មាន​ប្រវែង ៥.៨៦០ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ ចាក់​បេតុង ឆ្អឹង​ដែក កម្រាស់ ០,២០ ម៉ែត្រ មាន​ចិញ្ចើម​ម្ខាង ២ ម៉ែត្រ មាន​លូ​នៅ​សងខាង ដោយ​ម្ខាង​ទំហំ ០,៨០ ម៉ែត្រ មាន​សួនច្បារ នៅ​កណ្តាល ២ ម៉ែត្រ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ នៅ​ចំ​កណ្តាល​សាច់​ផ្លូវ ម្ខាង ១២ ម៉ែត្រ មាន​ភ្លើងស្តុប ៤ កន្លែង និង​ទទួលខុសត្រូវ​សាងសង់ ដោយ​ក្រុមហ៊ុន ជីបម៉ុង គ្រោង​សាងសង់​ឱ្យ​រួចរាល់ រយៈពេល ៦ ខែ បន្ទាប់​ពីថ្ងៃ​បើក​ការដ្ឋាន កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular