ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅតែផ្តល់សារៈសំខាន់ដល់ផ្នែកឯកជន ដោយសម្តេចបាន លើកឡើងថា៖«ផ្នែកឯកជនគឺជាដៃគូដ៏ចាំបាច់និងមិនអាចខ្វះបាន»។សម្តេចតេជោហ៊ុនសែនបានលើកឡើងបែបនេះនៅក្នុងសារលិខិតជូនលោកChen Jiangang ប្រធាន ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាលពីថ្ងៃទី ២៦ ខែមករា ២០២១ ។
ក្នុងលិខិតផ្ញើជូនប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាលពីថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែទទួលស្គាល់ថាផ្នែកឯកជនគឺជាដៃគូដ៏ចាំបាច់និងមិនអាចខ្វះបានដែលត្រូវបំពេញឱ្យគ្នាទៅវិញទៅមកក្នុងការរួមចំណែកដល់ការជំរុញសេដ្ឋកិច្ច ជាតិឱ្យកាន់តែមានការរីកចម្រើន។ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវអំណរសាទរចំពោះវឌ្ឍនភាពដ៏ល្អប្រសើរនៃការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចក្រុងព្រះ សីហនុក្នុងឆ្នាំ ២០២០ បើទោះបីពិភពលោកត្រូវបានរាតត្បាតដោយកូវីដ១៩ យ៉ាងណាក្តី ។
ក្នុងសារលិខិតសម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍៖«រាជរដ្ឋាភិបាលកម្ពុជាតែងតែទទួលស្គាល់ថាផ្នែកឯកជនគឺជាដៃគូដ៏ចាំបាច់និងមិនអាចខ្វះបានដែលត្រូវបំពេញ ឲ្យគ្នាទៅវិញទៅមកក្នុងការរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចជាតិឲ្យកាន់តែមានការរីកចម្រើន។ ក្នុងន័យនេះខ្ញុំសូមស្វាគមន៍និងផ្តល់ការគាំទ្រដល់គំនិតច្នៃប្រឌិតក្នុងការកៀរ គរវិនិយោគបន្ថែមទៀតដែលនឹងជួយពន្លឿនការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ»។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញជូនពរដល់លោកប្រធានព្រមទាំងបុគ្គលិកកម្មករទាំងអស់ដែលកំពុងបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុមានសុខភាពល្អ និង ជោគជ័យគ្រប់ភារកិច្ច ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅកម្ពុជាជាមួយទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នៅខែកុម្ភៈ ឆ្នាំ ២០០៨ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
បើតាម លោក Chen Jiangang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុធ្លាប់បានឲ្យដឹងថា៖បច្ចប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានក្លាយទៅជា តំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិដែលបានទទួលសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិននិងអាស៊ីអាគ្នេយ៍សរុប១៦៦សហគ្រាសហើយបានបង្កើតឱកាសការងារជិត៣០,០០០កន្លែង ។ទោះបីឆ្នាំ២០២០ត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩យ៉ាងណាក្តីតែតំបន់សេដ្ឋ កិច្ចពិសេសក្រុងព្រះសីហនុដែលវិនិយោគដោយក្រុមហ៊ុនចិននៅ តែបន្តមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ទំហំនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅឆ្នាំ២០២០សម្រេចបាន១,៥៦៥លានដុល្លារអាមេរិកកើនឡើង២៦.៥២%បើធៀបនឹងឆ្នាំ២០១៩ ។លោក Chen Jiangang បានព្យាករថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្មជាមួយចិនឱ្យបាន១០ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៣ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសផ្សេងៗទៀតបានកាន់តែច្រើន។
នៅឆ្នាំ ២០២០ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានរួបរួមគ្នាជាមួយក្រុមហ៊ុននិងសហគ្រាសនៅក្នុងតំបន់នោះដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ និងរក្សាលំនឹងផលិតកម្មដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការរក្សាស្ថេរភាពការងារសម្រាប់កម្មករបុគ្គលិកនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ ។ មិន តែប៉ុណ្ណោះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏បានបំពេញទំនួលខុសត្រូវសង្គមយ៉ាងសកម្មនិងចែក រំលែកសមិទ្ធផលនៃការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសជូនដល់ប្រជាជនក្នុងតំបន់ដើម្បីធានាឱ្យប្រជាជនក្នុងតំបន់ទទួលបាននូវអត្ថប្រយោជន៍ជាក់ស្តែងនិងសុភមង្គលពិតប្រាកដ ។ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏បាន បង្កើតនូវ«អង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន» ដើម្បីធ្វើសកម្ម ភាពសប្បុរសធម៌ក្នុងរយៈពេលវែងនិងផ្តល់ភាពកក់ក្តៅនិងក្តីសង្ឃឹមដល់ប្រជា ជនក្រីក្រក្នុងតំបន់ផងដែរ ៕