ដោយៈមុនីរ័ត្នភ្នំពេញៈសម្តេចពិជ័យសេនាទៀបាញ់ឧបបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាថា ការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងពីគ្រឿងដែលបានលេចនៅបាតទន្លេ ក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ ស្ថិតនៅឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមគឺបានរកឃើញគ្រាប់ជាច្រើនដោយកំពុងតែបន្តរុករកជាបន្តទៀតនិងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា“បានរកឃើញគ្រាប់យ៉ាងច្រើននិងកំពុងតែបន្តរកទៀតពីព្រោះមានគ្រាប់មួយចំណែកហាក់ដូចជាខ្ទាតចេញបរិវេណរុករុ គឺមានចម្ងាយគួរសមដែរ ដោយការរុករកចេះតែឃើញជាបន្តបន្ទាប់។ ហើយគ្រាប់ដែលរកឃើញមានចំនួនច្រើនតោន និងមានបញ្ហាខ្លះគឺកំពុងតែមើលអំពីគុណភាពនិងប្រសិទ្ធភាពគ្រាប់ដែលរកឃើញហើយបានទុកដាក់យ៉ាងល្អនិងឈានទៅដល់ការបំផ្លាញចោលនៅពេលខាងមុននេះ”។
ទាក់ទងការរុករយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងពីគ្រឿងដែលបានលេចនៅបាតទន្លេ គឺក្រុមប្រតិបត្តិការបានរិះរកគ្រប់មធ្យោបាយ ដើម្បីអោយទទួលបានជោគជ័យទាំងស្រុង នាដើមខែឧសភាខាងមុខនេះ គឺមុនរដូវវស្សាមកដល់។
លោកឧត្តមសេនីយ៍ទោម៉ីសុភាប្រធានក្រុមប្រតិបត្តិរុករកយុទ្ធភណ្ឌក្រោមទឹកបានបញ្ជាក់ថានាវាចម្បាំងចំនួនពីរគ្រឿងដែលភាគីបដិបក្សនាសម័យរបបលោកលន់នុលបានបាញ់ពន្លិចក្នុងទន្លេស្ថិតនៅភូមិវាលឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមត្រូវបានក្រុមការងារកំពុងរុករកជារៀងរាល់ថ្ងៃ និងកំពុងកំណត់ទីតាំង ដើម្បីបន្តស្រង់យកទៅដាក់កន្លែងមានសុវត្ថិភាព។
យោងតាមរបាយការណ៍ស្តីពីកិច្ចប្រតិបត្តិការរុករកនាវាចម្បាំងនិងបោសសម្អាតគ្រាប់យុទ្ឋភណ្ឌមិនទាន់ផ្ទុះនៅបាតទន្លេក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០១៩៧៥ស្ថិតនៅឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមបានឲ្យដឹងថានៅថ្ងៃទី៣០ខែសីហាឆ្នាំ២០២០ក្រោយពីទទួលបានសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រុមជំនាញរបស់មជ្ឈមណ្ឌលជាតិបានចុះទៅកាន់ទីតាំងភូមិសាស្ត្រឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាម ទីតាំងដែលមាននាវាចម្បាំងលិច និងមានបន្សល់ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅ អំឡុងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ ។ ដើម្បីធ្វើការសិក្សាស្រាវជ្រាវលម្អិតស្តីពីប្រវត្តិសង្គ្រាមនៅតំបន់នោះ មូលហេតុនៃការលិចនាវា ការគំរៀមកំហែងដោយគ្រាប់មិនទាន់ផ្ទុះ និងបញ្ហាផ្សេងៗ។
ដើម្បីអនុវត្តតាមបទបញ្ជាដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាក សំណល់សង្គ្រាម រួមសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានបង្កើត កងអនុសេនាធំបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកក្នុងគោលដៅចុះអនុវត្តកិច្ចប្រតិបត្តិការរុករកនាវាចម្បាំងលិច និងធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនតោន ដែលបាន បន្សល់ទុកកាលពីអំឡុងសង្គ្រាមឆ្នាំ១៩៧០ – ១៩៧៥។
កិច្ចប្រតិបត្តិការរុករកនាវានិងបោសសម្អាតគ្រាប់ៈកងអនុសេនាធំមានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំកម្លាំងនិងបានបង្កើតទីបញ្ជាការស្រាលនៅក្នុងវត្តមាន់ដប់ចាប់ពីថ្ងៃទី០៣ខែតុលាឆ្នាំ២០២០ដើម្បីធ្វើការហ្វឹកហ្វឺនធ្វើសមាហរណកម្មជំនាញបញ្ចូលគ្នាត្រៀមបើកកិច្ចប្រតិបត្តិការរួមគ្នាដោយធ្វើការសិក្សាស្រាវជ្រាវរុករកនិងធ្វើការបោសសម្អាតគ្រាប់ទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេនៅលើវិសាលភាពនៃផ្ទៃទន្លេ បណ្តោយ១៥០០ម និងទទឹង ១០០០ម (១៥០ហិកតា) និងបានបែងចែកជា៣តំបន់ រួមមាន៖ តំបន់ហានិភ័យខ្ពស់ ទំហំ២០០ម x ២០០ម ចំនុចនាវាលិច តំបន់មានហាខំភ័យមធ្យម ទំហំ៥០០មx១០០០ម និងតំបន់នៅសល់មានហានិភ័យ ទាប។ រហូតមកដល់ពេលបច្ចុប្បន្ននេះដំណើរការប្រតិបត្តិការបានរុករកឃើញទីតាំងនាវាលិចហើយនិងកំពុងប្រតិបត្តិការបូមខ្សាចបណ្តើរធ្វើការរុករកនិងស្រង់យកគ្រាប់ចេញពីនាវាព្រមទាំងភិច្ចការស្តារស្រង់គល់ឈើនិងគល់ឫស្សីដែលនៅជាប់គាំងជុំវិញនាវាដែលជាឧបសគ្គរាំងស្ទះដល់ប្រតិបត្តិការស្រង់យកគ្រាប់ចេញពីនាវា៕.mara