ដោយៈសរិទ្ធ/កណ្តាល: បុរសម្នាក់បានត្រូវលោកស្រី ហេង ផល្លា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល បានប្រកាសសាលក្រមនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៤ខែ ពីបទផិតដោយយោងតាមពាក្យបណ្តឹងរបស់ប្រពន្ធដើម។
ជនជាប់ចោទឈ្មោះ បាន សារ៉េត អាយុ៦២ឆ្នាំ មុខរបរគួកជេរដី មានទីលំនៅបច្ចុប្បន្នភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកណ្តាល ចាប់ខ្លួននៅ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ដល់ផ្ទះតែម្តង នាំអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីអ្នកជិតខាងក្នុងបុរី ពិភពថ្មី ក្រុងតាខ្មៅ ។
សមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមច្បាប់ ។ ក្រោយមក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកស្រី ហេង ផល្លា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន និង កំណត់ថ្ងៃសវនាការ នៅថ្ងៃទី២៩ ខែមករាឆ្នាំ២០២១ ។
ឈ្មោះ បាន សារ៉េត ជាប់ចោទពីបទ អំពើផិត តាមមាត្រា៧ និង មាត្រា១០នៃច្បាប់ស្តីពីឯកពន្ធភាព ប្រព្រឹត្តនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ ។
ដល់ថ្ងៃកំណត់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្រោយការសួរដេញដោល និងការសន្និដ្ឋានរបស់តំណាងអយ្យការ , លោកស្រីចៅក្រម ហេង ផល្លាបានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគាររយៈពេល៤ខែ ដោយគ្មានការព្យួរទោសឡើយ ។
យោងតាមលិខិតបញ្ជាក់សុខភាព បង្ហាញថា ឈ្មោះ បាន សារ៉េត មានអាការ ជំងឺដូចជា ទឹកនោមផ្អែម, លើសសម្ពាធឈាម, ចុកពោះ, និងធ្លាប់មានប្រវត្តិវះកាត់ប្រមាត់ចេញ។
តាមការបញ្ជាក់ពីជនជាប់ចោទ គឺ គាត់នឹងប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត ដើម្បីរកយុត្តិធម៌ ខណៈលោកបានចាកចោលផ្ទះជាង៦ឆ្នាំ មកហើយ និងមិនមែនជាបទល្មើសជាក់ស្តែង ស្រាប់តែមានឃាត់ខ្លួនទាំងលោកនៅមានជំងឺធ្ងន់ធ្ងរ ៕