ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ភូមិចំនួន ៥ របស់ក្រុងតាខ្មៅ ខេត្តកណ្ដាល បានត្រូវកាត់បញ្ចូល ឱ្យមកស្ថិត នៅក្រោមការគ្រប់គ្រង រដ្ឋបាលរាជធានីភ្នំពេញវិញ ដោយដាក់បញ្ចូលទៅក្នុង ភូមិស្រុកចេក និងភូមិព្រែកថ្លឹង នៃភូមិសាស្ត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ។ ភូមិចំនួន ៥ របស់ក្រុងតាខ្មៅនោះ រួមមានៈ ភូមិស្ទឹងជ្រៅ ភូមិព្រែកឡុង ភូមិព្រែកអញ្ចាញ ភូមិព្រែកតាពៅ និងភូមិបត្តាជី ។
ពាក់ព័ន្ធនឹងការដាក់បញ្ចូល ភូមិចំនួន ៥ របស់ក្រុងតាខ្មៅនេះ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំមួយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខណ្ឌ ដោយមានការចូលរួមពី លោកអភិបាលរងខណ្ឌ នាយក-នាយករង រដ្ឋបាលខណ្ឌ តំណាងអធិការដ្ឋាន នគរបាលខណ្ឌ តំណាងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខណ្ឌ ប្រធាន- អនុប្រធាន ការិយាល័យពាក់ព័ន្ធ លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់ជើងឯក មេភូមិព្រែកថ្លឹង មេភូមិស្រុកចេក និងស្មៀនសង្កាត់ជើងឯក។
គួរបញ្ជាក់ថាៈ កាលពីចុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានកាត់ឃុំចំនួន ២០ របស់ខេត្តកណ្ដាល បញ្ចូលឱ្យមកស្ថិត នៅក្រោមការគ្រប់គ្រង រដ្ឋបាលរាជធានីភ្នំពេញវិញ៕/V