ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ក្រុមការងាដោះស្រាយវិវាទ និងអភិវឌ្ឍន៍មូលដ្ឋាន ចំណុចបឹងជង្រុក និងចំណុច ៦៧១ តេជោ ឈ្នះឈ្នះ បានចេញសេចក្តី ជូនដំណឹងមួយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះថាៈ បងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី ទទួលការបែងចែកដី ដែលជាអំណោយ ដ៏ថ្លាថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅចំណុចភូមិបឹងជង្រុក និងចំណុច ៦៧១ តេជោ ឈ្នះឈ្នះ សូមអញ្ជើញមកចូលរួមចាប់ឆ្នោត (ឆ្លាក) យកក្បាលដី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ពីម៉ោង ៧ ព្រឹកតទៅ នៅស្នាក់ការក្រុមការងារ បឹងជង្រុក ៦៧១ តេជោឈ្នះឈ្នះកុំបីខាន ។
សេចក្តីជូនដំណឹងនេះ បានព្រមានថាៈ ចំពោះអវត្តមាន ក្រុមការងារមិនទទួលខុសត្រូវឡើយ ចំពោះការបាត់បង់ឱកាស និងសិទ្ធិទទួលផលប្រយោជន៍ ។
សូមរំលឹកថាៈ ទំនាស់ដីធ្លីដ៏រុំារៃជិត ១០ ឆ្នាំ កន្លងទៅនេះ នៅចំណុចបឹងជង្រុក និងចំណុច ៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានដោះស្រាយបញ្ចប់ ជាគោលការណ៍ បន្ទាប់ពីប្រតិបត្តិការ អស់រយៈពេលជាង ១ខែ (ពីចុងខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២០) និងរៀបចំគម្រោងអភិវឌ្ឍន៍ (ពីខែវិច្ឆិកា ឆ្នាំ២០២០ មកដល់បច្ចុ្បន្ន) គឺការចុះសម្របសម្រួល ដោយក្រុមការងារ ខុទ្ទកាល័យសម្ដេចតេជោ ដឹកនាំដោយលោក ប៉ានខែម ប៊ុនថន នាយករង ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រុមការងាររដ្ឋបាល ខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ កងកម្លាំង ដែលបានដឹកនាំដោយលោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ និងសហការគ្នា អនុវត្តផ្ទាល់ បំពេញការងារ ទាំងយប់ ទាំងថ្ងៃ រួមទាំងថ្ងៃឈប់សម្រាក ក្នុងនោះ ក៏ប្រើមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ ក្នុងនាមបេះដូងខ្មែរតែមួយ ជាមួយនឹងការរិះរកគ្រប់មធ្យោបាយ ប្រើប្រាស់គ្រប់លទ្ធភាព សម្របសម្រួល ចំពោះភាគីទំនាស់ អោយទទួលយកកិច្ចព្រមព្រៀង បញ្ចប់ទំនាស់។
ពលរដ្ឋចំនួន ១.២០០ គ្រួសារ ពាក់ព័ន្ធលើផ្ទៃដីទំនាស់ នឹងត្រូវបានទទួលដីធ្លីទំនាស់ ដែលម្ចាស់ដី បានបរិច្ចាគ និងក្នុងនាមអំណោយ សម្តេចតេជោជាង ៣០០ ហិកតា នៅក្នុងចំណុចបឹងជង្រុក និងចំណុច ៦៧១ ឃុំទួលពង្រ បានស្រុះស្រួល តាមមន្ត្រីក្រុមការងារ ហើយនឹងទទួលបានដីវិញ ក្នុងនាមជាអំណោយ ដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ ជាចំណងដៃ នៃការអភិវឌ្ឍមូលដ្ឋាន សម្តេចតេជោ ក៏បានសម្រេចបង្កើត តំបន់អភិវឌ្ឍន៍នេះ អោយក្លាយទៅជាតំបន់ទីប្រជុំជន មានការបោសសម្អាត់មីន កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ភ្លើង ទឹក សាលារៀន មណ្ឌលសុខភាព បង្គន់អនាម័យ ទឹកស្អាត ដីដាំដុះ លំនៅឋាន ជាដើម ៕/V