ឆ្នាំ​២០២១​នេះ​សហគ្រាស​ធុន​តូច និង​មធ្យម នឹង​ទទួលបាន​ទុន​សម្រាប់​ពង្រឹង​អាជីវកម្ម​ពី​មូលនិធិ​ជិត​៦០០​លាន​ដុល្លារ

​ដោយៈ​សុផល​/សៀមរាប​៖វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​(SMEs)​ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២១​នេះ​នឹង​មានឱកាស​ទទួលបាន​ការអភិវឌ្ឍ​និង​ទុន​សម្រាប់​ពង្រឹង​អាជីវកម្ម​របស់ខ្លួន​ប​ន្ទា​ប់​ពី​ធនាគារ​ដ៏​ធំ​មួយ​បាន​ត្រៀម​កញ្ចប់​មូលនិធិ​រាប់រយ​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​ពួកគេ​។​យោងតាម​របាយការណ៍ របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​បង្ហាញថា គិត​ត្រឹម​ឆ្នាំ​២០១៩ ចំនួន​សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម​ផ្នែក​កម្មន្តសាល សរុប​ចំនួន ៥២,១៥៥​មូលដ្ឋាន​និង​ផ្តល់​ការងារ​ចំនួន ៨២៤,២៤៥​នាក់​។

​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១ នាយក​-​នាយិកា សាខា​ធានា​គារ អេស៊ីលីដា ភីអិលស៊ី ស្ដីពី យុទ្ធសាស្ដ្រ​អនុវត្ដ​ការងារ ឆ្នាំ​២០២១ នៅក្នុង​ខេត្ដ​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​នេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិល​ស៊ី បាន​ថ្លែងថា​៖«​នៅក្នុង​ឆ្នាំ​២០២១​នេះ ធនាគារ​អេស៊ីលីដា បាន​ត្រៀម​មូលនិធិជិត​៦០០​លាន​ដុល្លារ​អាមេរិក សម្រាប់​យកទៅ​គាំទ្រ លើ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ក្នុងប្រទេស​កម្ពុជា​»​។​

​បណ្ឌិត អ៊ិន ចាន់នី បាន​ឲ្យ​ដឹងថា ការផ្ដល់​ឥណទាន របស់​ធនាគារ​អេស៊ីលីដា នៅក្នុង​ឆ្នាំ​២០២០ កន្លងទៅ មានតម្លៃ​សមរម្យ ដូច្នេះ អេស៊ីលីដា នៅតែ​បន្ដ​ឲ្យ​ដាក់​ប្រើប្រាស់ និង​ក្នុងតម្លៃ​សមរម្យ​នៅក្នុង​ឆ្នាំ​២០២១​បន្ដទៀត​។​ជាមួយគ្នានេះ​លោក​បណ្ឌិត​បាន​គូសបញ្ជាក់ថា​ការលូតលាស់​នៅក្នុង​វិស័យ​ធនាគារ​ទាំងមូល​មួយចំណែក​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហរិ​ញ្ញ​វត្ថ បានធ្វើ គឺ​តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម (SME BANK) ដែលមាន​មូលនិធិ​១០០​លាន​ដុល្លារ និង​មាន​វិស័យ​ធនាគារឯកជន ក៏បាន​ចូលរួម​។​

​លោក​បណ្ឌិត បាន​បន្ដទៀតថា​« អេស៊ីលីដា បាន​ចូលរួមចំណែក​ធំ ក្នុង​វិស័យ SME របស់​រាជរដ្ឋាភិបាល ព្រោះ​អេស៊ីលីដា យល់ឃើញថា វិធានការ​របស់​រាជ​រដ្ឋាភិបាល មាន​ភាពត្រឹមត្រូវ ក្នុង​ការជួយ​ឲ្យ SMEs បាន​ប្រើប្រាស់​នូវ​មូល​និ​ធី ដែលមាន​តម្លៃ​សមរម្យ​»​។​

​បណ្ឌិត អ៊ិន ចាន់នី បាន​លើកឡើងថា​៖ ប្រទេស​ដែលមាន ការអភិវឌ្ឍន៍​ហើយ ឬក៏​កំពុងអភិវឌ្ឍន៍ វិស័យ SMEs គឺជា​គ្រឿង​មា​ស៊ីន ដើម្បី​ជំរុញ​ការលូតលាស់ ព្រោះ​កាលណា មាន SME កាន់តែច្រើន SME ខ្លួនឯង​ផ្ទាល់ នឹង​ផ្ដល់ឱកាស​ការងារ​កាន់​តែ​ច្រើន​។​

​បណ្ឌិត អ៊ិន ចាន់នី បាន​បន្ថែមទៀតថា​« SMEs អាច​ទ្រទ្រង់​ខ្លួនឯងបាន ព្រោះ​មូល​និ​ធី​ចំណូល ជំរុញ​ចូលទៅក្នុង​ផលទុនជាតិ និង​បំពេញ​កាតព្វកិច្ច​ពន្ធ ដូច​សហគ្រាស​ដទៃ ដែល​ចូលរួម​កំណើន​សេដ្ឋកិច្ចជាតិ សម្រាប់​ឲ្យ​ជាតិ យកទៅ​ប្រើប្រាស់​ក្នុង​គោលដៅ អភិវឌ្ឍន៍​ផ្សេងៗ​។ បើ SMEs មាន​សុខ​ភាពល្អ បើ SMEs រីកចម្រើន សេដ្ឋកិច្ច​ក៏​រីក​ចម្រើន​ដូចគ្នា​»​។​

​ជាមួយគ្នានេះ ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា រូបនេះ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​សេវា​បញ្ញើ​សន្សំ​សព្វថ្ងៃ ក្នុង​ធនាគារ​អេស៊ីលីដា មាន​ជាង​២​លាន​៥​សែន ហើយ​នឹង​កើន ដល់​ជាង​៣​លាន នៅក្នុងពេល​ឆាប់ៗ​នេះ​។​ដោយឡែក ចំពោះ​អ្នកប្រើប្រាស់​អេស៊ីលីដា Mobile វិញ ត្រូវបាន​បណ្ឌិត អ៊ិន ចាន់នី ប្រាប់​ឲ្យ​ដឹងថា មាន​ចំនួន​១​លាន​៧​សែន ហើយ​នៅពេលដែល អេស៊ីលីដា លុបចោល​នូវ​កម្រៃ​សេវា​ថែទាំ នឹងមាន​ការ​កើនឡើង​ខ្លាំង​ថែមទៀត​។​

​គូសបញ្ជាក់ថា បច្ចុប្បន្ន ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា បាននិងកំពុង​ផ្តល់ជូន នូវ​ផលិតផល​ឥណទាន ទៅ​សហគ្រាស​ធុន​តូច និង​មធ្យម ក្រោម គម្រោង​សហ​ហិរញ្ញប្បទាន (SCFS) និង​គម្រោង​ហិរញ្ញប្បទាននៃ​សហគ្រាស​ធុន​តូចនិង​មធ្យម​​កម្ពុជា (CSS)​។​លើសពីនោះ​ទៀត ព្រមទាំង​គ្រោង​ពង្រីក ការផ្តល់ជូន​ហិរញ្ញ​ប្ប​ទាន ក្រោម​គម្រោង​ផ្សេងៗ​ទៀត ដូចជា គម្រោង​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន​ស្ត្រី​កម្ពុជា (CWE) និង គម្រោង​ហិរញ្ញប្បទាន សម្រាប់​វិស័យ​ឌីជីថល និង​ទំនើបកម្ម (CDAS) សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម នាពេល​ឆាប់ៗ​ខាងមុខនេះ​។​បន្ថែម​ពីលើ​ផលិត​ផល និង​សេវា​ឥណទាន ដែល​ផ្តល់ជូន SME ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា នឹង​ផ្តល់ជូន​សេវា​បញ្ញើ​-​សន្សំ ប្រកបដោយ​សុវត្ថិភាព និង​ប្រាក់ចំណេញ​បន្ថែម​ដល់​សាធារណជន ដូចជា គណនី​សន្សំ គណនី​បុត្រ​ធីតា គណនី​និវត្តន៍​ជន​, គណនី​ចរន្ត និង គណនី​បញ្ញើ​មាន​កាលកំណត់​ជាដើម​។​

​នៅក្នុង​អាណត្តិ​ថ្មី​នេះ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​វិស័យ SMEs ជាពិសេស​ក្នុងការ​ជំរុញ ក្នុងការ​លើកកម្ពស់​ឲ្យ SMEs នៅក្នុង​ប្រទេស​កម្ពុជា ងាយស្រួល​ក្នុងការ​ទទួលបាន នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិស័យនេះ​ជាដើម​។​

​គួររម្លឹកថា​៖​កាលពី​ឆ្នាំ​២០២០ កន្លងទៅ ធនាគារ​អេស៊ីលីដា បានផ្ដល់​ប្រាក់​មូលនិធិ​តាមរយៈ​ការសហការ​ជាមួយនឹង​ធនាគារSME Bank របស់​រដ្ឋ​ប្រមាណ២៣​លាន​ដុល្លារ នៅក្នុង​ចំណោម​ថវិកា​៥០​លាន​ដុល្លារ ដែល​បាន​ដាក់ចេញ​ដោយ​ធនាគារ​រដ្ឋ​មួយ​នេះ​។ នាពេល​កន្លងទៅ​ថ្មីៗ​នេះដែរ​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​រៀបចំ​នូវ​មូលនិធិ​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត សម្រាប់​ការធានា​ឥណទាន​នៅក្នុង​វិស័យ​ធនាគារ និង​ហិញ្ញ​វត្ថុ ដោយ​មូលនិធិ​នេះ អាច​បង្ក​នូវ​លទ្ធភាព​ដល់​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ឯកជន​អាច​ផ្ដល់ប្រាក់​កម្ចី​ដល់​ទៅ​អ្នកប្រើប្រាស់​ដល់​ទៅ​ទំហំ​​កម្ចី ២​ពាន់​លាន​ដុល្លារ​អាមេរិក​​៕Ph


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular