Home ព័ត៌មានសំខាន់ៗ ករណី​នៅ​វៀតណា...

ករណី​នៅ​វៀតណាម នាំ​ឲ្យ​យើង​នឹកឃើញ​ជានិច្ច​ថា មិនត្រូវ​ភ្លេច​កូ​វីដ​ឡើយ​!

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: កាលពី​ថ្ងៃទី​២៨ ខែមករា ក្រសួងសុខាភិបាល​វៀត​ណា​ម បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​ខូ​វីដ​១៩ ចំនួន ៨១​នាក់ ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​ពីរ​នាក់​។ ដូច្នេះ គេ​អាច​ចាត់ទុកថា​នេះ​ជា​ករណី​ឆ្លង នៅក្នុង​សហគមន៍​ជាថ្មី​ម្ដងទៀត នៅ​ប្រទេស​វៀតណាម បន្ទាប់ពី​ស្ងប់ស្ងាត់​អស់​រយៈពេល​ជិត ពិរ​ខែ​។ អាជ្ញាធរ​វៀតណាម​កំពុង​តាម ស្វែងរក​អ្នក​សង្ស័យ​ទាំងអស់ មក​ពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

​សេចក្តីរាយការណ៍​បង្ហា​ញ​ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​នៅ​ប្រទេស​វៀតណាម ជាប់​ព្រំដែន​កម្ពុជា​នោះ គឺ​ម្នាក់​ជា​បុគ្គលិក ធ្វើការ​នៅ​អាកាសយានដ្ឋាន​ដែល​ឆ្លង​ពី​អ្នកដំណើរ​បរទេស ពេល​គាត់​ដឹកជញ្ជូន​ពួកគេ ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​។ ម្នាក់ទៀត ជា​កម្មករ​រោងចក្រ ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ធ្វើដំណើរ​ចេញ​-​ចូល​ប្រទេស​ជប៉ុន​។ ក្រោយមក អ្នកធ្វើដំណើរ​ទៅ​ជប៉ុន​នោះ ធ្វើតេស្ត​វិជ្ជមាន​មេរោគ​ខូ​វីដ​១៩ សន្ដាន​ថ្មី​ដែលមាន​ប្រភព​នៅ​អង់គ្លេស​។

​ករណី​ឆ្លង​កូ​វីដ​១៩ នៅក្នុង​សហគមន៍ នៅ​ប្រទេស​វៀតណាម នាពេលនេះ បានកើត​ឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​មុនពេល ប្រទេស​វៀតណាម រៀបចំ​បុណ្យចូលឆ្នាំថ្មី​។ នោះ​ជា​ពេលដែល​មនុស្ស​ជួបជុំគ្នា​នៅក្នុង​ទ្រង់ទ្រាយ​ធំ ដែល​អាច​បង្ក​ការឆ្លង​ជំងឺ​នេះ កាន់តែខ្លាំង​នៅក្នុង​សហគមន៍ បើ​គ្មាន​ការទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ដូច្នេះ រដ្ឋាភិបាល​វៀតណាម បាន​បញ្ជា​ទៅ​អាជ្ញាធរ គ្រប់​មូលដ្ឋាន​ទាំងអស់ ត្រូវ​បង្កើន​ការត្រួតពិនិត្យ និង​គ្រប់គ្រង​ជំងឺ​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

​ជា​វិធានការ អាជ្ញាធរ វៀតណាម​បាន​ដំឡើង​ប្រព័ន្ធ​តាមដាន នៅក្នុង​ខេត្ត​ចំនួន​ពីរ​ដែលជា​ទីកន្លែង​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ នៅក្នុង​សហគមន៍​។ នៅ​តំបន់​ខ្លះ អាជ្ញាធរ​បានដាក់​បា​រ៉ា​ស់បិទ​ច្រកចេញចូល​ទាំងស្រុង​។ រដ្ឋាភិបាល​វៀតណាម​បានកំណត់​ពេល ដប់​ថ្ងៃ ត្រូវតែ​កាត់ផ្ដាច់​ការឆ្លង​នៅក្នុង​សហគមន៍​ឲ្យ​បាន​។

​គួរ​កត់សម្គាល់ថា ប្រទេស​វៀតណាម ឆ្លងកាត់​ការឆ្លង​នៅក្នុង​សហគមន៍ ៣​ដង រួចមកហើយ​។ លើក​ទី​១ នៅ​ទីក្រុង​ដា​ណា​ង កាលពី​ខែមេសា ឆ្នាំ​២០២០ លើក​ទី​២ នៅ​ទីក្រុង​ហូជីមិញ កាលពី​ខែធ្នូ ឆ្នាំ​២០២០ និង​លើក​ទី​៣ នៅ​ខេត្ត​ហៃ​ឌឿ​ង (Hai Duong) និង​កួង​នី​ញ (Quang Ninh) នៅពេលនេះ​។​

​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​នៅក្នុង​ប្រទេស​វៀតណាម គឺជា​អ្វីដែល​កម្ពុជា​យើង ត្រូវ​បង្កើន​វិធានការ​ប្រុងប្រយ័ត្ន​ករណី​ឆ្លង​សហគមន៍ នៅ​ខេត្ត​សាមុត​សា​ខន ក្នុងប្រទេស​ថៃ កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ចេញ​នូវ​វិធានការ​រឹតបន្តឹង​ការឆ្លង​ដែន​ភ្លាមៗ​។ មកដល់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ ករណី​ពលករ​មកពី​ប្រទេស​ថៃ នៅតែ​បន្ត​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ជា​បន្តបន្ទាប់​។ ជា​សរុប មាន​ពលករ ៨៥​នាក់​ហើយ ក្នុងចំណោម​ជាង ២​ម៉ឺន​នាក់​ដែល​បានធ្វើ ដំណើរ​ឆ្លងដែន​មកពី​ប្រទេស​ថៃ​រកឃើញ​កើត​ជំងឺ​កូ​វីដ​១៩​ប៉ុន្តែ​ក្នុង​នោ​ក៏មាន​៦៨​នាក់​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ជា​បន្តបន្ទាប់​ផងដែរ​។​

​ជា​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ឆ្លងដែន​ចូល​ពី​ប្រទេសជិតខាង មក​កម្ពុជា គឺ​រាជរដ្ឋាភិបាល បាន​រឹតបន្តឹង​ការធ្វើដំណើរ​ឆ្លងដែន តាមរយៈ​ការតម្រូវ​ឲ្យ​ពិនិត្យ​សុខភាព ធ្វើតេស្តរ​កកូ​វីដ ហើយ​អ្នកដំណើរ​ទាំងនោះ ត្រូវតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដាច់ខាត​ឲ្យ​គ្រប់ ១៤​ថ្ងៃ ឲ្យ​បាន​ហ្មត់ចត់​បំផុត នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដែល​រៀបចំ​នៅតាម​ខេត្ត​ជាប់​ព្រំដែន​។​

​នៅពេលនេះ យន្តការ និង​វិធានការ​ទប់ស្កាត់​កូ​វីដ នៅតាម​ព្រំដែន​ថៃ ក៏​ត្រូវតែ​អនុវត្ត​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​វៀតណាម រួមមាន ខេត្តរតនៈគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្តកំពត​។​

​ក្រៅពី​ការ​រឹតបន្តឹង​តាមផ្លូវ​គោក នៅ​ច្រកព្រំដែន​ផ្លូវការ គឺ​ការឆ្លង​ដែន​តាម​ច្រករបៀង និង​ចេញចូល​ខុសច្បាប់​។ ពិសេស​តាម​ផ្លូវទឹក ដែល​បងប្អូន​វៀតណាម ចូលចិត្ត​ឆ្លងដែន​ចូល​ទឹក​កម្ពុជា​យើង ក៏​ទាមទារ​ឲ្យ​មានការ​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់​ផងដែរ ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍ ក្នុងប្រទេស​វៀតណាម ជា​រលក​ទី​៣ នៅពេលនេះ​។ ពិសេស​ពេលនេះ ជិត​ដល់​ថ្ងៃ​ចូលឆ្នាំ​ចិន​-​វៀតណាម ដែល​នៅ​កម្ពុជា​យើង មាន​វៀតណាម​រស់នៅ​ច្រើន ហើយក៏​អាច​មានការ​ឆ្លងដែន​ចេញចូល​រវាង​ប្រទេស​ទាំងពីរ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី នា​ដើមខែ​កុម្ភៈ​ខាងមុខនេះ ផងដែរ​។​

​បើសិនជា​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​វៀតណាម​ទាំងអស់ ក្រោម​ការត្រួតពិនិត្យរ​បស់​ក្រសួងសុខាភិបាល អនុវត្ត​យ៉ាង​ត្រឹមត្រូវ​ដូច​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ នោះ​យើង​ពិតជា​អាច​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ឆ្លងដែន​ពី​ប្រទេសជិតខាង​។

​ទន្ទឹមនឹងនេះ ករណី​ឆ្លង​សហគមន៍​ជាថ្មី​នៅ​វៀតណាម ពេលនេះ ក៏​ជាស​ញ្ញា​ជួង គោះ​ប្រាប់​ដល់​ប្រជាជន​កម្ពុជា​យើង​ទាំងអស់ កុំ​ទាន់​អាល់​ភ្លេច​កូ​វីដ​។ យើង​ទើបតែ​បញ្ចប់​ករណី​ឆ្លង​សហគមន៍ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​២៨​វិច្ឆិកា នៅ​អំឡុង​ចុងខែ​ធ្នូ ឆ្នាំ​២០២០​ទេ​។ ពោលគឺ​ទើបតែ​មាន ១​ខែ​ប៉ុណ្ណោះ ខណៈដែល​នៅ​វៀតណាម ស្ងប់ស្ងាត់​ការឆ្លង​សហគមន៍​នេះ បាន​ជិត ២​ខែ ក៏បាន​ផ្ទុះឡើង​ជាថ្មី​នូវ​ការឆ្លង​រាលដាល​ពី​ម្នាក់​ទៅ​ម្នាក់​។​

​ដូច្នេះ​ខណៈដែល​អាជ្ញាធរ​សមត្ថកិច្ច ចាត់វិធានការ​រឹតបន្តឹង​លើ​អ្នកដំណើរ​ចូល​កម្ពុជា​យើង យើង​ជា​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្ត​នូវ​វិធានការ​សាមញ្ញៗ ដូចជា លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ ជៀសវាង​ការជួបជុំ​មនុស្ស​ច្រើន ត្រូវ​ពាក់​ម៉ាស់ ក្នុងករណី​ចាំបាច់ និង​បន្ត​រក្សា​គម្លាត​សុវត្ថិភាព​ពី​ម្នាក់​ទៅ​ម្នាក់ យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ ជាដើម​។ ក្នុងនោះ យើង​ក៏​កុំ​ទាន់​អាល់​ជួបជុំ​គ្នាច្រើន បើ​មាន​ពិធីបុណ្យ ឬ​ការ ត្រូវតែ​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​នៅពេល​ទទួលទាន​អាហារ ត្រូវ​អង្គុយ​ត្រឹមតែ ៥​នាក់ ក្នុង​មួយ​តុ និង​បន្ត​រក្សា​គម្លាត​សុវត្ថិភាព​។​ល​។ សូម​យើងទាំងអស់គ្នា ទ្រាំ​បន្តិចទៀត ទម្រាំ​វ៉ាក់សាំង​កូ​វីដ​១៩ មកដល់​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular