Home ព័ត៌មានសំខាន់ៗ ក្រុមការងារ I...

ក្រុមការងារ ICAPP-កម្ពុជា និង ACC-កម្ពុជា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១

ដោយ:សុផល/ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ នៅវិមាន ៧ មករា ក្រុមការងារ ICAPP-កម្ពុជា និង ACC-កម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា សមាជិកគណ:អ
ចិន្រ្តៃយ៍នៃគណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ICAPP-កម្ពុជា និង ACC-កម្ពុជា។

សូមបញ្ជាក់ជូនថា ក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្រុមការងារ ICAPP-កម្ពុជា និងACC-កម្ពុជា ត្រូវបានបង្កើតជាលើកដំបូង កាលពីខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់វិស័យ ដែលមិនធ្លាប់មានចាប់តាំងពីការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងវេទិកា ICAPP ពីឆ្នាំ ២០០០ មក។ គោលបំណងនៃការបង្កើតក្រុមការងារនេះធ្វើឡើងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺ “កែទម្រង់ខាងក្នុង ពង្រីកខាងក្រៅ ក្រោមស្មារតីឯករាជ្យ” ។ ក្រុមការងារនេះមានភារកិច្ចជាតំណាងរបស់គណបក្សប្រជាជនកម្ពុជាចូលរួមយ៉ាងសកម្មក្នុងវេទិកានានារបស់សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា អាយកាប់ (International Conference of Asian Political Parties-ICAPP) ដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរយោបល់ និងទស្សនៈគ្នារវាងបណ្តាគណបក្សនយោបាយនៅអាស៊ី។

ក្នុងមតិចាប់ផ្តើមកិច្ចប្រជុំ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍ស្វាគមន៍ដល់អង្គប្រជុំ ដែលក្នុងនោះមានវត្តមាន លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាតំណាងគណបក្សប្រជាជនកម្ពុជានៅក្នុងសម្ព័ន្ធស្ត្រី ICAPPលោក សួស យ៉ារ៉ា សមាជិកប្រចាំការ និងជាអគ្គនាយកនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី លោក សុខ សូកេន រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងគណបក្សប្រជាជនកម្ពុជា នៅក្នុងសម្ព័ន្ធយុវជន ICAPP និង លោក ហ៊ុយ
វណ្ណៈ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃនិងជាតំណាងគណបក្សប្រជាជនកម្ពុជានៅក្នុងវេទិកាសារព័ត៌មាន ICAPP ព្រមទាំងសហការីជំនាញគ្រប់វិស័យ។

នាឱកាសនេះ លោកសួស យ៉ារ៉ា បានជម្រាបជូនអង្គប្រជុំនូវរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់ក្រុមការងារ ICAPP-កម្ពុជា និង ACC-កម្ពុជា ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រួចមក លោក និងលោកស្រីជាតំណាងគណបក្សប្រជាជនកម្ពុជាក្នុងសម្ព័ន្ធនីមួយៗរបស់ ICAPP ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ស្តីពីវឌ្ឍនភាពការងារ សមិទ្ធផល និងភាពជោគជ័យទៅតាមភារកិច្ចដែលខ្លួនទទួលបន្ទុកប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងវិជ្ជាជីវៈដ៏ត្រឹមត្រូវ ជាមួយនឹងការបេ្តជ្ញាចិត្តខ្ពស់ក្នុងការបន្តបង្កើនស្នាដៃ និងលើកកម្ពស់ ឧត្តមភាព កិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ។

គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ ២០០០ មក គណបក្សប្រជាជនកម្ពុជាតែងបញ្ជូនគណៈប្រតិភូចូលរួមក្នុងវេទិកា ICAPP យ៉ាងសកម្ម ដែលចាប់ផ្តើមដំបូងពី សម្តេចវិបុលបញ្ញា សុខ អាន បន្ទាប់មកទៀត លោក ហោ ណាំហុង និងបច្ចុប្បន្ន គឺលោកស្រីកិត្តិសង្កហបណ្ឌិត ឃួន សុដារី។

ក្នុងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានធ្វើការកោតសរសើរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២០ ទិសដៅការងារ២០២១ និងសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាទទួលបានពីការចូលរួមក្នុងវេទិកា ICAPP កន្លងមក គឺបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកគ្រប់រូបដែលបានចំណាយពេលវេលា កម្លាំងកាយ​ និងកម្លាំងប្រាជ្ញា ដើម្បីគណបក្ស និងប្រទេសជាតិ។

លោកស្រីបានរំលឹកជូនអង្គប្រជុំនូវអ្វីដែលជាបញ្ហាប្រឈមនានាដែលមានឥទ្ធិពលមកពីខាងក្រៅ ដូចជាសេដ្ឋកិច្ចពិភពលោក បញ្ហាជំងឺកូវីត ១៩ និងការរៀនរស់នៅតាមបែបគន្លងថ្មី ដោយរាល់កិច្ចប្រជុំអន្តរជាតិជាច្រើនបានផ្លាស់ប្តូរទៅជាកិច្ចប្រជុំតាមអ៊ីនធឺណិតវិញ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular