ប្រែសម្រួល : កញ្ញាដាលីស ៖ យោងតាមការសិក្សាថ្មីមួយ ដែលផ្អែកលើភស្តុតាងពិសោធន៍រួចស្រេចបានឱ្យដឹងថា កូវីដ១៩អាចនឹងបំផ្លាញគុណភាពមេជីវិតឈ្មោលនិងកាត់បន្ថយសមត្ថភាពបន្តពូជចំពោះបុរស។
ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ក្នុងទស្សនាវដ្ដី Reproduction កាលពីថ្ងៃសុក្រទី២៩ មករាថា ជំងឺកូវីដ១៩ ដែលឆ្លងពេញពិភពលោកឆក់យកជីវិតមនុស្សជិត២,២លាននាក់អាចបង្កើនការងាប់កោសិកាមេជីវិតឈ្មោល ការរលាក និង សម្ពាធអុកស៊ីតកម្ម។
ក្រុមអ្នកស្រាវជ្រាវនិយាយថា “លទ្ធផលស្រាវជ្រាវទាំងនេះផ្តល់នូវភស្តុតាងពិសោធន៍ដោយផ្ទាល់ថា ប្រព័ន្ធបន្តពូជរបស់បុរសអាចត្រូវបានវាយប្រហារនិងបំផ្លាញដោយជំងឺកូវីដ”។
ទោះយ៉ាងណា ក្រុមអ្នកជំនាញបានផ្តល់ជាយោបល់លើការស្រាវជ្រាវនេះថា សមត្ថភាពរបស់វីរុសកូរ៉ូណាក្នុងការបង្កគ្រោះថ្នាក់ដល់លទ្ធភាពមានកូនរបស់បុរសនៅតែមិនទាន់មានការបញ្ជាក់នៅឡើយ។
កូវីដ១៩ បណ្តាលឱ្យមានជំងឺផ្លូវដង្ហើម ជាពិសេសចំពោះមនុស្សវ័យចំណាស់និងអ្នកដែលមានបញ្ហាសុខភាព។
ពិភពលោកបានឃើញករណីដែលត្រូវបានបញ្ជាក់ជាង ១០០ លាននាក់ចាប់តាំងពីជំងឺកូវីដបានលេចចេញពីភាគកណ្តាលប្រទេសចិននៅចុងឆ្នាំ ២០១៩ ។ ដោយឆ្លងតាមរយៈដំណក់ទឹកពីផ្លូវដង្ហើម ជំងឺកូវីដវាយប្រហារសួត តម្រងនោម ពោះវៀន និង បេះដូងរបស់យើង។
ការសិក្សាមុនៗក៏បង្ហាញដែរថា កូវីដអាចឆ្លងដល់សរីរាង្គបន្តពូជរបស់បុរស ដោយធ្វើឱ្យចុះខ្សោយដល់កោសិការមេជីវិតឈ្មោលនិងរំខានដល់អ័រម៉ូនបន្តពូជ។ ភ្នាក់ងារទទួលដូចគ្នា ដែលវីរុសកូរ៉ូណាប្រើដើម្បីជ្រៀបចូលជាលិកាសួត ក៏ត្រូវបានរកឃើញនៅក្នុងពងស្វាសដែរ៕