ដោយៈ គ្រញូង / បាត់ដំបងៈ ដោយយោងរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្ត លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ សាលាខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៩ មករានេះ នៅសាលាខេត្តថាៈ ពលករខ្មែរ ដែលត្រឡប់មកពី ប្រទេសថៃ គិតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ នេះ មានចំនួន ២.៣៩៧ នាក់ហើយ ត្រូវបានរដ្ឋបាលខេត្ត អនុញ្ញាតឱ្យពួកគេ ត្រឡប់ទៅស្រុកកំណើត ជួបជុំគ្រួសារវិញ ក្រោយពីធ្វើចត្តាឡឺស័ក និងតេស្ត ដោយគ្មានវិជ្ជមាន ជំងឺឆ្លងកូវីដ១៩ ក្នុងចំណោម ពលករ ដែលចូលមកសរុប ចំនួន ៣.៦៣៣ នាក់ ។
លោកអភិបាលរង ខេត្តបាត់ដំបង បានមានប្រសាសន៍ថាៈ ការដែលអាជ្ញាធរខេត្ត អនុញ្ញាតឱ្យពលករ ដែលមកពីប្រទេសថៃ ត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនវិញនេះ ដោយសារតែខាងមន្ត្រីសុខាភិបាលខេត្ត បានដាក់ពួកគាត់ ឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃរួចរាល់ ហើយក៏បានធ្វើតេស្ត ២ ដង ដោយលទ្ធផលឃើញថា គ្មានវីរុសកូវីដ-១៩ទេ។
លោកបានបន្តថាៈ ចំណែកពលករ ដែលនៅសល់ និងអ្នកថ្មី នៅបន្តធ្វើចត្តាឡីស័ក បន្តទៀត មុននឹងឱ្យពួកគាត់ត្រឡប់ទៅផ្ទះ ជួបជុំគ្រួសារ ដើម្បីជៀសវាងឆ្លងចូលសហគមន៍ ។
លោកបានបន្តថាៈ ខណៈពេលដែលប្រទេសថៃ នៅកំពុងតែប្រឈមមុខ ខ្លាំងនឹងជំងឺកូវីដ១៩ នៅបណ្តាខេត្តនានា ដែលមានប្រជាពលរដ្ឋ រាប់រយនាក់ ឆ្លងជំងឺកូវីដ ១៩ រៀងរាល់ថ្ងៃនោះ រដ្ឋបាលខេត្ត បានបន្តសហការ ជាមួយភាគីថៃ និង ស្ថាប័នពាក់ព័ន្ធ ដូចជា មណ្ឌលសុខភាព មន្ទីរសុខាភិបាលខេត្ត កងកម្លាំងតាមព្រំដែនជាដើម ដើម្បីពង្រឹងការចេញចូលតាមព្រំដែន និងបន្តអប់រំ ផ្សព្វផ្សាយ ពីវិធានការណ៍នានា ក្នុង ការការពារការឆ្លងរីករាលដាល ជំងឺកូវីដ ១៩ និងរឹតបន្តឹងការចេញ ចូលពីសំណាក់ ពលករខ្មែរ ពីប្រទេសថៃ ចូលមកកម្ពុជា និងចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃ តាមច្រករបៀង ឬច្រកទ្វារស្របច្បាប់ ។
លោកបានអំពាវនាវ ឱ្យប្រជាពលរដ្ឋ ជាពិសេស ពលករ ដែលត្រឡប់មកពីក្រៅប្រទេសទាំងអស់ ត្រូវធ្វើចត្តាឡឺស័ក ដោយដាក់នៅដាច់ដោយឡែក ១៤ ថ្ងៃសិន ហើយត្រូវថែរក្សា នូវអនាម័យខ្លួនប្រាណ និងជុំវិញកន្លែង ដែលខ្លួនរស់នៅ ឱ្យបានស្អាតជាប្រចាំ រួមទាំងប្រកាន់ភ្ជាប់ នូវគោលការណ៍ ដែលរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល បានដាក់ចេញ ដើម្បីការពារខ្លួន និងគ្រូសារ ពិសេសត្រូវទប់ស្កាត់ ការឆ្លងពីមនុស្សមា្នក់ ទៅមនុស្សម្នាក់ទៀត និងទៅសហគមន៍ ។
សូមបញ្ចាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៦៣ នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ចំនួន ៤៣៨ នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន២៥នាក់៕/V