ប្រែសម្រួលៈវាសនា/ហាណូយ៖ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃសៅរ៍នេះ បានអះអាងអំពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣៤នាក់ទៀត នៅក្នុងខេត្តហាយហ្វឿង និងខេត្ត ក្វាង នីញ ក្បែរខាងនោះ ។តួលេខចុងក្រោយនេះ ធ្វើអោយចំនួនឆ្លងសរុបចេញពីការផ្ទុះកូវីដ១៩នៅបីថ្ងៃមកនេះកើនដល់១៨០នាក់។
សូមបញ្ជាក់ថា ចាប់តាំងពីការឆ្លងក្នុងសហគមន៍បានកើតមានជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ក្រោយពីស្ងប់ស្ងាត់អស់៥៥ថ្ងៃ ខេត្តហាយហ្វឿង បានរកឃើញអ្នកឆ្លង១៥៧នាក់ និង២០នាក់នៅក្នុងខេត្តក្វាង នីញ ដែលធ្វើអោយខេត្តភាគខាងជើងទាំង២ក្លាយជាចំណុចក្តៅសំរាប់កូវីដ១៩។
ការឆ្លងរាលដាលបានទៅដល់ទីក្រុងហាយហ្វុង និងខេត្តបាក់និញ ព្រមទាំងរដ្ឋធានីហាណូយ ដែលនៅចម្ងាយផ្លូវធ្វើដំណើរតែ១ម៉ោងពី ខេត្តហាយហ្វឿង។
ប្រភពនៃការផ្ទុះកូវីដ១៩ថ្មីនេះនៅមិនទាន់កំណត់បាននៅឡើយ ដោយអ្នកជំងឺដំបូងជាបុរសធ្វើការនៅអាកាសយានដ្ឋានអន្តរជាតិមួយ និងស្ត្រីម្នាក់ធ្វើការនៅរោងចក្រអេឡិចត្រូនិចមួយនៅទីប្រជុំជនជីលីញក្នុងខេត្ត ហាយ ហ្វឿង។
នៅពេលការឆ្លងបច្ចុប្បន្នហាក់មានល្បឿនលឿនជាងការឆ្លងមុន ពួកអ្នកជំនាញការសុខភាពវៀតណាមកំពុងវិភាគប្រភេទវីរុសលើអ្នកជំងឺ២នាក់ដំបូង ផ្អែកលើទ្រឹស្តីដែលថាវាអាចជាប្រភេទវីរុសកូរ៉ូណា ដូចគ្នានឹងវីរុសនៅអង់គ្លេសដែលចម្លងខ្លាំងជាងវីរុសដើមដល់ទៅ៧០ភាគរយ។
ជាមួយនឹងការចាត់វិធានការភ្លាមៗ រួមមានការតាមរកអ្នកជាប់ពាក់ព័ន្ធនឹងដាក់តំបន់ផ្ទុះជំងឺនៅដាច់ពីគេ រដ្ឋាភិបាលវៀតណាមបានសន្យាទប់ស្កាត់ការឆ្លងរាលដាលនេះអោយបានតែក្នុងរង្វង់មួយសប្តាហ៍ គឺនៅសប្តាហ៍ក្រោយ។អាជ្ញាធរតាំងពីមុនមកបានតាមរកនិងប្រមូលមកធ្វើតេស្តិ៍និងធ្វើចត្តាឡីស័កមនុស្សជាង៩ពាន់នាក់ ដែលពួកគេសុទ្ធតែមានទំនាក់ទំនងជាមួយនឹងការផ្ទុះជំងឺនៅហាយហ្វឿង និង ក្វាងនីញ។
កាលពីយប់ថ្ងៃសុក្រ ក្រុងហូជីមីញភាគខាងត្បូងវៀតណាមក៏បានរាយការណ៍«ករណីសង្ស័យកើតកូវីដ១៩»លើមនុស្សម្នាក់ដែលបានទាក់ទងជិតដិតជាមួយមនុស្សកើតកូវីដ១៩ម្នាក់នៅហាយហ្វឿង។ជននេះបានជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមពីក្រុងហាណូយមកចុះនៅក្រុងហូជីមីញកាលពីថ្ងៃ២៨មករាក្រោយការផ្ទុះកូវីដ១៩នៅវៀតណាមខាងជើងបានមួយថ្ងៃ។
គិតតត្រឹមព្រឹកនេះ វៀតណាមមានអ្នកឆ្លងកូវីដ១៩ចំនួន១.៧៣៩នាក់ តែនៅសេសសល់អ្នកមានវីរុសនេះចំនួន២៥៣នាក់។
នៅទូទាំងពិភពលោក កូវីដ១៩បានចម្លងមនុស្ស១០២,៥លាននាក់និងសម្លាប់មនុស្សជាង២,២លាននាក់៕
មណ្ឌលសុខភាពមួយនៅខេត្តហាយហ្វឿង កាលពីថ្ងៃ២៩មករាត្រូវបានប្រែក្លាយជា មន្ទីរពេទ្យកណ្តាលវាលមួយសំរាប់ព្យាបាលអ្នកឆ្លងកូវីដ១៩