ដោយ:រ៉ាម៉ន/ភ្នំពេញ: នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាត ឲ្យ រថយន្តដឹកទំនិញ រថយន្តធុនធំ និង រថយន្តដឹកដីឆ្លងកាត់ ត្រង់ចំណុច ផ្លូវវិមានឈ្នះ-ឈ្នះឡើយ ។
ការផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ មហាវិថីវិមាន ឈ្នះ-ឈ្នះ នេះធ្វើឡើង ខណៈដែល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ចំការមន ។
នេះ បើយោង តាមសេចក្តី ជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលអ្ន ព័ត៌មានយើងទទួលបាន នា ល្ងាចថ្ងៃទី ២៩ មករា នេះ ដែល ក្នុងសេចក្តីជូនដំណឹងនេះ មានន័យថា នៅ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣០ នាទីព្រឹក នឹងមានប្រារព្ធពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង និងប្រកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អា ចំការមន ស្ថិតនៅ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្ត ទៅដោយរលូនរក្សាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចររដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀស ចរាចរចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីគ្រប់ប្រភេទលើកំណាត់មហាវិថីឈ្នះ-ឈ្នះ ចាប់ពីផ្លូវជាតិលេខ ៦ រហូតដល់ស្ពានព្រែកព្នៅ នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ មួយព្រឹករហូតដល់ បញ្ចប់កម្មវិធី៕