ប្រែសម្រួលៈវាសនា/គូឡាឡាំពួរ៖ ម៉ាឡេស៊ីកាលពីថ្ងៃសុក្រទី២៩មករា បានរាយការណ៍អំពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាប្រចាំថ្ងៃថ្មីខ្ពស់បំផុត គឺជាង៥.០០០នាក់ទោះជាប្រទេសនេះឈានចូលដល់សប្តាហ៍ទី៣នៃការបិទប្រទេសដ៏តឹងរឹងនៅផ្នែកខ្លះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះក្តី។
អាជ្ញាធរបាននិយាយថា មានការឆ្លងថ្មី៥.៧២៥នាក់កាលពីថ្ងៃសុក្រ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់ជាងចំនួនឯតទគ្គកម្មពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលមានអ្នកឆ្លងចំនួន៤.២៧៥នាក់។
សូមបញ្ជាក់ថាលើកលែងតែរដ្ឋសារ៉ាវ៉ាក់ រដ្ឋម៉ាឡេស៊ី១២ផ្សេងទៀតនិងដែនដីសហព័ន្ធចំនួន៣ រួមមានទីក្រុងគូឡាឡាំពួរផង បានស្ថិតក្រោយការគ្រប់គ្រងការធ្វើដំណើរយ៉ាងតឹងរឹងចាប់ពីថ្ងៃ១៣មករាមក។
ម៉ាឡេស៊ីកាលពីថ្ងៃសុក្រក៏បានរាយការណ៍អ្នកស្លាប់ដោយកូវីដ១៩ចំនួន១៦នាក់ទៀត ដែលធ្វើអោយអ្នកស្លាប់ដោយកូវីដ១៩នៅក្នុងប្រទេសនេះឡើងដល់៧៣៣នាក់។
ម៉ាឡេស៊ី ឥឡូវមានអ្នកឆ្លងវីរុសកូរ៉ូណាជាង២០០.០០០នាក់ ក្នុងចំណោមប្រជាពលរដ្ឋ៣២លាននាក់។ថៃមានប្រជាពលរដ្ឋ៦៩លាននាក់ មានអ្នកឆ្លង១៧.០២៣នាក់ ឥណ្ឌូនេស៊ីមានប្រជាជន២៧០លាន មានអ្នកឆ្លងជាង១,០៥លាននាក់ និងហ្វីលីពីនមានអ្នកឆ្លងជាងកន្លះលាននាក់ ក្នុងចំណោមប្រជាជន១០៨លាននាក់។
រដ្ឋាភិបាលម៉ាឡេស៊ីបានព្រមានថា ចំនួនឆ្លងប្រចាំថ្ងៃអាចនឹងឡើងដល់៨.០០០នាក់នៅត្រឹមចុងខែមីនា ឬឧសភា បើសិនអត្រាឆ្លងមិនធ្លាក់ចុះ៕
ស្ត្រីម្នាក់ធ្វើតេស្តិ៍រកកូវីដ១៩នៅជិតក្រុងគូឡាឡាំពួរ កាលពីថ្ងៃ២៧មករា