ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ កាលពី​ម្សិលមិញ​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ក​ចម្ការ​របស់​ក្រុមហ៊ុន មេ​ហ្គា​ហ្វើ​ស (MEGA First Plantation) ជា​ក្រុមហ៊ុន​ដី​សប្បទាន​សេដ្ឋកិច្ច ដែល​ទទួល​សិទ្ធិ​វិនិយោគ វិស័យ​កសិកម្ម​លើ​ផ្ទៃដី​ប្រមាណ​ជាង ៩ ៤៧៧​ហ​.​ត នៅ​ឆ្នាំ​២០១២ ស្ថិតនៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ចុះបញ្ជី​ប្លង់រឹង​បាន ៦៤១៩​ហ​.​ត បាន​ដាំ ដំណាំ​ដូង​ចំនួន ៧០០​ហ​.​ត ក្នុងនោះ ៨០% ជា​ដូង​យក​ប្រេង នាំ​ពូជ​ចូល​ពី​ប្រទេស​ម៉ាឡេស៊ី ផ្លែ​ធំ សាច់​ក្រាស់ ប្រេង​ច្រើន ។

​គោលបំណង​របស់​ក្រុមហ៊ុន គឺ​ដាំ​ដុះ​ដូងក្រអូប​សម្រាប់​ការប្រើប្រាស់​ទឹក ដូង​យក​ប្រេង សម្រាប់​ចម្រាញ់ យកប្រេង និង​ដូង​សម្រាប់​ចម្រាញ់​យក​ខ្ទិះ​។ សម្រាប់​អនាគត ក្រុមហ៊ុន គ្រោង​នឹង​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍ និង​កសិករ​នៅក្នុង តំបន់​នេះ ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ និង​កសាង​រោងចក្រ កែច្នៃ​ប្រេង បង្កើត​ការងារ បង្កើត​ប្រាក់ចំណូល និង​ប្រើប្រាស់​ដី​តំបន់​ខ្ពង់រាប​ខេត្ត​មណ្ឌល​គី​រី​ឲ្យ​អស់​លទ្ធភាព និង​ទទួលបាន​ប្រសិទ្ធភាព​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ខ្ពស់​។​

​ក្នុង​ឆ្នាំ ២០២១-២០២២ ក្រុមហ៊ុន​គ្រោង​ដាំ​ឲ្យ​បាន ៥.០០០​ម៉ឺន​កូន​បន្ថែមទៀត​។ ក្រៅពី ការងារ ដាំ​ដុះ​ដំណាំ​គោល (​ដូង​) ក្រុមហ៊ុន​កំពុង​ដាំ​កៅស៊ូ ក្រូច ស្វាយ និង​ដំណាំ macadamia លើ​ផ្ទៃដី ៥០​ហ​.​ត ដើម្បី​ធ្វើការ​ពិសោធន៍​អំពី​គុណភាព​ដី និង​ក្សេត្រ​បរិស្ថាន របស់​ប្រភេទ​ដំណាំ​ទាំងអស់នេះ​។ ជាបឋម លទ្ធផល​ទទួលបាន​បង្ហាញ​ថា​ដំណាំ macadamia ដែលជា​ដំណាំ​សេដ្ឋកិច្ច​ថ្មី កំពុងមាន​ទីផ្សារ​នៅក្រៅ​ប្រទេស​មានការ​លូត លាស់ និង​ផ្តល់​ផល​បានល្អ​យ៉ាង​ល្អ​។ យោង​លើ​លទ្ធផល​ជាក់ស្តែង​ក្រុមហ៊ុន​គ្រោង​នឹង ពង្រីក​ផ្ទៃដី​ដាំ macadamia ឲ្យ​បាន​ច្រើន​នាពេល​អនាគត​។

​នាឱកាស​នោះ លោក រដ្ឋមន្ត្រី​បាន​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​បន្ត​ខិតខំ​ពង្រីក ផ្ទៃដី​ដាំ​ដុះ ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​រោងចក្រ​ធ្វើការ​កែច្នៃ​ប្រេង ទឹក ឬ​ខ្ទិះ​។ មួយវិញទៀត ត្រូវធ្វើ​ការស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​ពង្រីក​សក្តានុពល​ដំណាំ macadamia ដែលជា​ដំណាំ​ថ្មី​មួយ​មានតម្លៃ​ខាង​សេដ្ឋកិច្ច​ខ្ពស់ ហើយ​គួរ​ណែនាំ​ឲ្យ សហគមន៍ និង​កសិករ​ដាំ​ជា​ដៃគូ​ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​។

​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, អគ្គនាយកដ្ឋាន កសិកម្ម និង​រដ្ឋបាល​ព្រៃឈើ ក្នុង​បំណង​ធ្វើការ​អភិវឌ្ឍ​ដី​សប្បទាន​សេដ្ឋកិច្ច​នេះ ប្រយោជន៍​ទទួលបាន​នូវ​តម្លៃ​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​សម​ស្របតាម​ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ កំណើន​ប្រាក់ចំណូល​គ្រួសារ និង​បង្កើត​ការងារ​ក្នុង​មូលដ្ឋាន​៕​/PC