ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិស ដៅការងារឆ្នាំ២០២១ ពេញមួយថ្ងៃនៅថ្ងៃអង្គារ៍ថ្ងៃទី២ ខែកុម្ភៈ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ។សន្និបាតនឹងពិភាក្សាស្វែងរកធាតុចូលបន្ថែមលើប្រធានបទចំនួនបួន។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនេះ។
ប្រភពដដែលបន្តថាអង្គសន្និបាតប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច (ទ រ ព អ ) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រី នៃក្រសួង ទ រ ត អ ផងដែរ។
សន្និបាតនេះ មានគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារ ដែលក្រសួងបានស្រេចក្នុងឆ្នាំ២០២០កន្លងមក និង ដាក់ចេញនូវវិធានការ ទិសដៅថ្មីៗ សម្រាប់អនុវត្តបន្តឆ្នាំ២០២១ ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល និងបំរើប្រជាជន លើវិស័យ ការងារទំនាក់ទំនង សម្របសម្រួលជាមួយរដ្ឋសភា-ព្រឹទ្ធសភា ការងារផ្សព្វផ្សាយច្បាប់ការងារអធិការកិច្ច ការទទួល និងដោះស្រាយ បណ្ដឹងនានា សំដៅរួមចំណែក ពង្រឹងអភិបាលកិច្ចល្អ ដែលជាឧត្តមប្រយោជន៍ របស់សង្គមជាតិទាំងមូល។
សន្និបាត រយៈពេលមួយថ្ងៃនេះនឹងទទួលបាននូវការពិភាក្សាស្វែងរកធាតុចូលបន្ថែមលើប្រធានបទចំនួនបួន រួមមាន ៖ ១-ការពង្រឹងប្រសិទ្ធភាព កិច្ចការទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់,២-ការពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ,៣-ការពង្រឹងប្រសិទ្ធភាព កិច្ចការអធិការកិច្ច និងទទួលពាក្យបណ្ដឹង ដោះស្រាយពាក្យបណ្ដឹងនិង៤-ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច៕សរន