ដោយៈ វណ្ណៈ / ព្រះសីហនុៈ មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ បានប្រាប់រស្មីកម្ពុជា តាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះថាៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំម្ចាស់រមណីយដ្ឋានកែច្នៃថ្មី មួយកន្លែង ស្ថិតនៅចំណុចតាដួង តាអាំ ក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បញ្ឈប់ការដាក់ឈ្មោះរមណីយដ្ឋានកែច្នៃថ្មីនេះថា «ប្រាសាទបន្ទាយទ័ព » ដើម្បីការពារមិនឲ្យមានការភាន់ច្រឡំ ជាមួយទីតាំងប្រាសាទបុរាណ « បន្ទាយទ័ព » ពិតប្រាកដ ដែលជាប្រាសាទប្រវត្តិសាស្ត្រជាតិ នៅក្នុងខេត្តបន្ទាយមានជ័យ។
ករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានផ្ញើលិខិតមួយច្បាប់ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ ឲ្យចុះណែនាំ ម្ចាស់រមណីយដ្ឋានកែច្នៃថ្មីមួយនេះ ផ្លាស់ប្តូរឈ្មោះ មិនឲ្យដាក់ឈ្មោះថាប្រាសាទ បន្ទាយទ័ព ទៀតឡើយ។
សូមបញ្ជាក់ថា រមណីយដ្ឋានកែច្នៃថ្មីមួយនេះ មានរូបចម្លាក់ថ្មី ច្រើនប្រភេទដែលឆ្លាក់ ចេញពីផ្ទាំងថ្ម នៅនឹងកន្លែងខ្លះ និងនាំយកមកពីខាងក្រៅខ្លះ បង្កើតបានជាទស្សនីយភាព បែបធម្មជាតិ និងសិល្បៈ ទាក់ទាញការចាប់អារម្មណ៍ច្រើន ពីមហាជនដោយសារតែការ រៀបចំរចនានេះ មើលទៅស្រដៀង ទៅនឹងទីតាំងប្រាសាទបុរាណ បង្កប់ក្នុងល្អាងជ្រោះ ភ្នំ ផងដែរ៕/V-PC