ដោយៈ បូកគោ/កំពតៈ កាលពីព្រឹកព្រលឹម ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកនេសាទ សហគមន៍ ត្រើយកោះ បានក្រៀកនាំទូកមួយគ្រឿង មកមុខសាលាខេត្តកំពត ដោយសារ ខកចិត្ត មិនអាចទំនាក់ទំនង ជាមួយសមត្ថកិច្ចជំនាញ ដើម្បីទទួលយកទៅចាត់ការ ព្រោះតែអ្នកនេសាទលើទូកនោះ ប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។ ក៏ប៉ុន្តែក្រោយមក សមត្ថកិច្ចជំនាញ បានរុញច្រានបញ្ហានេះ ទៅមក បង្កជាបញ្ហាលំបាក ដល់ប្រជានេសាទ ដ៏ល្អ ដែលបានចូលរួមសហការ កាត់បន្ថយការប្រព្រឹត្តបទល្មើសនេសាទនោះ។
តំណាងប្រជានេសាទ បានរៀបរាប់ថាៈ កាលពីម៉ោងជាង ១១ យប់ថ្ងៃទី២៩ ខែមករា ក្រុមអ្នកនេសាទ បានប្រទះឃើញទូកនេសាទ មួយគ្រឿង ប្រើឧបករណ៍ឆក់ ត្រង់ចំណុច ក្បែរមាត់ឃ្លង ចេញពីព្រែក មុខសាលាខេត្តកំពត នេះទៅ។ ភ្លាមៗ ប្រជានេសាទ ក៏ឡោមព័ទ្ធ និងឃាត់បាន ដោយនៅលើទូកនោះ មានអ្នកនេសាទ បីនាក់ រួមនឹងឧបករណ៍ ឆក់មួយចំនួន ទើបនាំមករក្សាទុក ក្នុងភូមិ បន្ទាប់ពីរាយការណ៍ប្រាប់ លោកចៅសង្កាត់ ត្រើយកោះរួចរាល់។
តំណាងអ្នកនេសាទរូបនេះ បានបន្តថាៈ លុះព្រលឹមស្រាងៗ ពួកគាត់បានទំនាក់ទំង ជាមួយលោកនាយខណ្ឌ រដ្ឋបាលជលផល ដើម្បីប្រគល់មនុស្ស និងទូកជូន តែទូរស័ព្ទ ចូលជាច្រើនលើក មិនមានការទទួល។ ម្ល៉ោះហើយ ក្រុមអ្នកនេសាទ ក៏សម្រេចនាំទូក និងអ្នកនេសាទល្មើសច្បាប់ទាំងនេះ មកមុខសាលាខេត្ត ដើម្បីបានការអន្តរាគមន៍ ពីសមត្ថកិច្ចពាក់ព័ន្ធ។
តំណាងប្រជានេសាទ បានបញ្ជាក់ថាៈ ក្រោយពេលមកដល់ មុខសាលាខេត្ត ទើបលោក នាយខណ្ឌជលផល ទំនាក់ទំនងត្រឡប់មកវិញ ដោយប្រាប់ថា កាលពីព្រលឹម លោកជាប់ ហាត់ប្រាណ មិនបានដាក់ទូរស័ព្ទតាម។ ទោះជាបែបនោះក្តី លោកនាយខណ្ឌបានបញ្ជាក់ ថាៈ ករណីនេះ ត្រូវសហការជាមួយ សមត្ថកិច្ចជំនាញ ខេត្តកែប ព្រោះកន្លែងកើតហេតុ មិនទាន់ប្រាកដថា ក្នុងទឹកដីខេត្តណា ពិតប្រាកដ។
រហូតមកដល់ម៉ោងជាង ១០ ព្រឹក ទៅហើយ នៅតែមិនឃើញសមត្ថកិច្ចណាមួយ មកចូលរួម ទើបប្រជានេសាទ ត្រូវចំណាយពេល រង់ចាំតទៅទៀតជៀសវាងមានបញ្ហា កើតឡើង ចំពោះក្រុមអ្នកបង្ក្រាប។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានបញ្ជាក់ តាមទូរស័ព្ទថាៈ កន្លែងចាប់ និងមុខសញ្ញា ស្ថិតក្នុងដែនសមត្ថកិច្ច ខេត្តកែប។ ទោះជាបែបនេះក្តី ខាងលោក នឹងទទួល តែសួរយោបល់ ទៅលោកព្រះរាជ អាជ្ញា លោកបានបញ្ជាក់ថា ឱ្យខាងជលផល ខេត្តកែប មកទទួល។ ដូច្នេះខាងខណ្ឌរដ្ឋបាល ជលផលកំពត គ្រាន់តែជាអ្នកចូលរួមប៉ុណ្ណោះ។ ការងារនោះ នឹងចាប់ផ្តើមដំណើរការ ភ្លាមៗនេះហើយ៕/V-PC