ដោយៈ គ្រញូង/បាត់ដំបងៈ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានបញ្ជូនជន សង្ស័យម្នាក់ ទៅតុលាការ ពីបទលួចលុយគេ ចំនួន ១.៦៩០.០០០ រៀល។ ជនរូបនេះ ត្រូវកម្លាំងនគរបាលស្រុក ថ្មគោល ចាប់ខ្លួនបាន កាលពីរសៀល ថ្ងៃទី២៩ មករា នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថាៈ ជនសង្ស័យមានឈ្មោះ ធឿន ប៊ុនថៃ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ កកោះ ឃុំអូតាគី ស្រុកថ្មគោល។ ចំណែកជនរងគ្រោះ ឈ្មោះ សេង ឡាយ ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ យកអស់ប្រាក់ខ្មែរ ចំនួន ១.៦៩០.០០០ រៀល។
លោកនាយការិយាល័យជំនាញ បានបញ្ជាក់ថាៈ ក្រោយពេលជនសង្ស័យ ឆ្លើយសារភាព រួចមក លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យ កម្លាំងជំនាញ កសាសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការ តាមនីតិវិធី៕/V-PC