ប្រែសម្រួល : កញ្ញាដាលីស ៖ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីថ្ងៃសុក្រ (២៩ មករា) រវាងក្រុមអ្នកប្រឆាំងនិងក្រុមអ្នកគាំទ្រកសិកររាប់រយនាក់ ក្នុងការតវ៉ាដ៏ធំរបស់កសិករដែលរំខានដល់រដ្ឋធានីឥណ្ឌាជាង ៨ សប្តាហ៍មកហើយ។
គេឃើញកសិករយ៉ាងហោចណាស់ម្នាក់គ្រវីដាវក្នុងអំឡុងចលាចលចុងក្រោយនេះដើម្បីបង្កើនសម្ពាធថែមទៀតលើការតវ៉ារយៈពេលពីរខែប្រឆាំងនឹងការធ្វើសេរីភាវូបនីយកម្មទីផ្សារផលិតផលកសិកម្ម។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងវាយនឹងដំបងឆក់ដើម្បីបំបែកគូប្រជែងទាំងសងខាង។
ភាពតានតឹងបាននិងកំពុងកើនឡើងខ្លាំងនៅជុំវិញជំរំរបស់កសិករចាប់តាំងពីថ្ងៃបុណ្យសាធារណរដ្ឋកាលពីថ្ងៃអង្គារ នៅពេលដែលហ្វូងត្រាក់ទ័រសម្រុកចូលពេញក្រុង ដែលបណ្តាលឱ្យកសិករម្នាក់ស្លាប់ និង ប៉ូលិសជិត ៤០០ នាក់រងរបួស។
រដ្ឋាភិបាលបានដាក់ពង្រាយប៉ូលិសនិងអាវុធហត្ថបន្ថែមរាប់ពាន់នាក់នៅក្នុងទីក្រុងដេលីនិងនៅជុំវិញជំរំកសិករចាប់តាំងពីពេលនោះមក។ជំរំតូចមួយត្រូវបានបិទក៏ដូចជាផ្លូវជាច្រើននៅជុំវិញកន្លែងតវ៉ាផងដែរ។
ក្រុមអ្នកស្រុកខ្លះនិយាយថា កសិករគួរតែចាកចេញទៅ តែក្រុមមេដឹកនាំកសិករបានទទូចថា សកម្មភាពរបស់ពួកគេនឹងបន្តទៅមុខទៀត។
លោក បាកវ៉ាន់ ស៊ីង អាយុ ៥៣ ឆ្នាំជាកសិករនៅស៊ីងហ៊ូ និយាយថា “នៅពេលដែលយើងលែងមានដីនៅសល់ នៅពេលដែលយើងមិនអាចដាំដុះបាន យើងនឹងស្លាប់ជាមិនខាន។យ៉ាងហោចណាស់ប្រសិនបើយើងស្លាប់នៅទីនេះដោយធ្វើបាតុកម្ម យើងនឹងក្លាយជាទុក្ករបុគ្គល។ យើងនឹងតស៊ូរហូតដល់ស្លាប់ខ្លួនដើម្បីសិទ្ធិរបស់ប្រជាជននៃប្រទេសនេះ”។
កសិកម្មផ្តល់ការងារដល់ប្រជាជនមួយភាគបីក្នុងចំណោមប្រជាជនសរុប ១,៣ ពាន់លាននាក់របស់ឥណ្ឌា ប៉ុន្តែរដ្ឋាភិបាលនិយាយថា កសិកម្មមិនមានប្រសិទ្ធភាពចឹងត្រូវធ្វើកំណែទម្រង់ដើម្បីបង្កើនចំណូលតាមជនបទ៕
កសិករនិងអ្នកស្រុកក្នុងក្រុងដេលីប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រ