ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារ ណរដ្ឋ សង្គមនិយម វៀតណាម បានជូនដំណឹងដល់និស្សិត សិក្ខាកាមនគរបាល-យោធា និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា ស្នាក់នៅ ឬកំពុងមានវត្តមាន ក្នុងប្រទេសវៀតណាម អនុវត្តវិធានការការពារ សុវត្ថិភាព ការពាក់ម៉ាស លាងដៃ ការរក្សាអនាម័យ និងបន្តអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារ កុំឱ្យឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ។
ការណែនាំនេះ បានធ្វើឡើង បន្ទាប់ពីវៀតណាម បានរកឃើញនូវ បណ្តុំនៃការឆ្លង ជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅខេត្ត Hai Duong និងខេត្ត Quang Ninh និងនាយករដ្ឋមន្ត្រី វៀតណាម បានបញ្ជាឱ្យបិទក្រុង Chi Linh និងអាកាសយានដ្ឋាន Vân Đón រយៈពេល ២១ ថ្ងៃ និងករណីឆ្លងជាច្រើន ត្រូវបានរកឃើញ នៅក្នុងខេត្ត Hài Duong។
យោងតាមស្ថាន ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គម និយម វៀតណាម បានជូនដំណឹង ដល់និស្សិត សិក្ខាកាមនគរបាល-យោធា និងប្រជា ពលរដ្ឋខ្មែរ ដែលកំពុងសិក្សា ស្នាក់នៅ ឬកំពុងមានវត្តមាន ក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថាៈ យោងតាម សារព័ត៌មានវៀតណាម (Viet Nam News) ចុះផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីបាន រកឃើញ នូវបណ្តុំនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំនួន ៨៤ករណី នៅខេត្ត Hai Duong និងខេត្ត Quang Ninh នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាឱ្យបិទក្រុង Chi Linh និងអាកាសយានដ្ឋាន Vân Đón រយៈពេល ២១ ថ្ងៃ។ ករណីឆ្លងជាច្រើន ត្រូវបានរកឃើញ នៅក្នុងខេត្ត Hài Duong។ ប្រជាជនក្នុងស្រុក ត្រូវបានស្នើឱ្យស្នាក់នៅក្នុងផ្ទះ ប៉ុន្តែអាច ចេញពីផ្ទះ សម្រាប់តម្រូវការចាំបាច់ ដូចជាទិញអាហារ ថ្នាំសង្កូវ ឬ ករណីសង្គ្រោះបន្ទាន់ ព្រមទាំងទៅធ្វើការងារ នៅតាមភ្នាក់ងារ រោងចក្រ សហគ្រាស និងសេវាកម្ម ដែលចាំបាច់ និងដែលមិនត្រូវបានបិទ។ នៅតាមទីសាធារណៈ ការជួបជុំមនុស្ស លើសពីពីរនាក់ ត្រូវបានហាមឃាត់ និងត្រូវរក្សាចម្ងាយ ២ម៉ែត្រពីគ្នា។ សាលារៀន កន្លែងកម្សាន្ត និងអាជីវកម្ម មិនចាំបាច់ទាំងអស់ ត្រូវបានបិទទ្វារ។ សេវាដឹកជញ្ជូនសាធារណៈចេញពីទីក្រុង Chi Linh ត្រូវបានផ្អាក លើកលែងតែ ករណី ផ្លូវការ ឬតម្រូវការបន្ទាន់។ ប្រជាជនត្រូវបាន ស្នើឱ្យពាក់ម៉ាស រក្សាគម្លាត និងជៀសវាង ការជួបជុំគ្នា។ ខេត្តក៏បានរៀបចំរបាំង និងប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីគ្រប់គ្រងការចូល និងចេញ ពីខេត្ត។ តំបន់ ជាច្រើននៅក្នុងប្រទេស ដូចជាទីក្រុងហូជីមិញ ដាណាង ខេត្ត Bác Giang និង Nghe An ក៏បានស្នើ មិនឱ្យមានការជួបជុំមនុស្សច្រើន កាត់បន្ថយពិធីបុណ្យនានា និងអនុវត្តវិធានការសុវត្ថិភាព។
ស្ថានឯកអគ្គរាជទូត បានបន្តថាៈ សេចក្តីដូចបានជម្រាបជូនខាងលើ សូមនិស្សិត សិក្ខាកាមនគរបាល -យោធា និងប្រជាពលរដ្ឋខ្មែរ កំពុងមានវត្តមាន ក្នុងប្រទេសវៀតណាម មេត្តាអនុវត្តវិធានការ ការពារសុវត្ថិភាព ការពាក់ម៉ាស លាងដៃ ការរក្សាអនាម័យ និងបន្តអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារ កុំឱ្យឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ។ ករណីបន្ទាន់ សូមទំនាក់ទំនង ផ្នែកកិច្ចការកុងស៊ុល របស់ស្ថានទូត (+៨៤ ៣៩៤២៤៧៨៨)៕/V-PC