សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ ប្រចាំ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨

1026
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ ប្រចាំ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​សវនាការ​ជាមួយ​អនុ​ប្រធានសភា​វៀតណាម​
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួល​ជួប​សនា​ការ​ជាមួយ លោក ស្រី Tong This Fhong សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​សភា​វៀតណាម ចូលជួប​សំដែង​ការគួរសម នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ មេសា នេះ​។​


​ក្រៅពី​សម្ដែង​ការសួរសុខទុក្ខ និង​រាក់ទាក់​គ្នា​ទៅវិញទៅមក លោកស្រី Tong This Fhong បាន​ជម្រាបជូន​សម្ដេច​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​កម្ពុជា​នាពេលនេះ បាន​ជួបពិភាក្សា​ជាមួយ​អនុ​ប្រធានសភា​កម្ពុជា​ក៏ ដូច​សម្ដេច​ប្រធានរដ្ឋសភា និង បាន​ជម្រាបជូន​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​និង​សភា នៃ​ប្រទេស​ទាំងពី​និង​ដើម្បី​ផ្ទេរតំណែង​ជា​ម្ចាស់ផ្ទះ ប្រធាន​កិច្ចប្រជុំសភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ជូន​ដល់​កម្ពុជា​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ បន្ត​ពី​ប្រទេស​វៀតណាម សម្រាប់​កិច្ចប្រជុំ​លើក​ទី​២៧​។ សម្តេច​បាន​អរគុណ​ផងដែរ ចំពោះ​ការប្ដេជ្ញាចិត្ត​របស់លោក ស្រី​ក្នុង​ការផ្ដល់ និង​ជួយ​ចែករំលែក​បទពិសោធន៍​សម្រាប់​កិច្ចប្រជុំសភា​អាស៊ី​ប៉ាស៊ីហ្វិក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​ក្រោយនេះ​។ ជា​ចុងក្រោយ​សម្តេច​សុំ​ឲ្យ​សភា​វៀតណាម និង​សភា​កម្ពុជា បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ធ្វើ​យ៉ាងណា កិច្ចប្រជុំ​នា​ឆ្នាំក្រោយ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​ទទួលបាន​ជោគជ័យ​៕

*​សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ផ្លាស់ប្តូរ​អភិបាលខេត្ត​ក្រចេះ​
​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃនេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ផ្លាស់ប្ដូរ​ភារកិច្ច​អភិបាលខេត្ត​ក្រចេះ ដោយ​លោក​វ៉ា ថន អតីត​អភិបាលរង​ខេត្ត ត្រូវ​ឡើងកាន់តំណែង​ជំនួស​លោក ស ចំ​រ៉ុង ដែល​ត្រូវ​ចូលនិវត្តន៍ ។ នៅក្នុង​ឱកាស​នេះ ក្រៅពី​ការ​ផ្ដាំផ្ញើ​ឲ្យ​អភិបាលខេត្ត​ថ្មី ដែល​ទើប​ឡើងកាន់តំណែង​ត្រូវខិតខំ​បំពេញការងារ បម្រើ​ពលរដ្ឋ​ឲ្យ​អស់ពី​កាយ​ចិត្ត​នោះ ។ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា​សំខាន់ៗ​ចំនួន​១ គឺ​សម្ដេច​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ស្រាវជ្រាវ​ឲ្យ​ដល់​ឫសគល់ និង​រក​មេក្លោង​នៅ​ពីក្រោយ​ឲ្យ​ឃើញ ពាក់ព័ន្ធ​ការនាំ​អាវុធ​ពី​កម្ពុជា​ចេញទៅ​លក់​នៅក្រៅ​ប្រទេស ជាពិសេស​នៅ​ព្រំដែន​ខាងលិច ៕

*​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ផ្ដល់​បទសម្ភាសន៍​ពិសេស​ជាមួយ​កាសែត​រស្មី​កម្ពុជា​
​លោក អូ ណាក់ យ៉ុង ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​នៅ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ បានអនុញ្ញាត​ឱ្យ​កាសែត​រស្មី​កម្ពុជា ដែលជា​កាសែត​ដ៏​ធំ​មួយ​មាន​អាយុកាល​ជាង​២០​ឆ្នាំ ចូលជួប​សម្ភាស​នៅឯ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ដែលមាន​ទីតាំង​ស្ថិតនៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​
​នៅក្នុង​បទសម្ភាសន៍​ក្រោម​ការ​ចោទសួរ​ដោយ​សំណួរ​សំខាន់ៗ​ចំនួន​៥​នោះ លោក អូ ណាក់ យ៉ុង បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ខ្ពស់ ចំពោះ​ភាព​រីកចម្រើន​និង​វឌ្ឍនភាព​នៅ​កម្ពុជា ដែល​សឹងតែ​ធ្វើ​ឲ្យ​លោក​នឹង​ស្មាន​មិន​ដល់ ។ ជាមួយគ្នា មន្ដ្រីការទូត​រូបនេះ ក៏បាន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២ ឲ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ជា​រក្សា​ឲ្យ​បាន​នូវ​ដំណើរការ​វិនិយោគ​នៃ​ប្រទេស​ទាំង​២ ដែល​កំពុងតែ​កើនឡើង​យ៉ាងខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក៏ដូចជា​ការជំរុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា ឲ្យ​កាន់តែ​សន្ទុះ​លឿន​ទៅមុខទៀត ៕

លោក អូ ណាក់ យ៉ុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា និងអ្នកយកព័ត៌មានកាសែតរស្មីកម្ពុជា (រូបថត ៖ សុផល)

*​សាលា​រាជធានី​ភ្នំពេញ ដាក់ចេញ​នូវ​យន្តការ​៣​ឆ្លើយតប​នឹង​លំហូរ​ចរាចរ ទេសចរណ៍ សោភ័ណភាព និង​ការអភិវឌ្ឍ​រីកចំរើន​លើ​វិស័យ​
​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​នូវ​យន្តការ ៣ ដើម្បី​ឆ្លើយតប​ទៅនឹង​លំហូរ​ចរាចរ ទេសចរណ៍ សោភ័ណភាព និង​ការអភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ នៅ​រាជធានី​ភ្នំពេញ​។​
​លោក​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ៖ យន្តការ​ចំនួន​៣ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​នោះ​ទី​១​គឺ ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ជាមួយនឹង​វិស័យ​ឯកជន ទី​២ ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​ទីក្រុង​សម្ព័ន្ធមេត្រី និង​ទី​៣​ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា​ថ្នល់ ស្ពាន ប្រព័ន្ធ​ប្រឡាយ​-​លូ បណ្តាញ​ទឹកស្អាត បណ្តាញ​អគ្គិសនី​សាធារណៈ បណ្តា​ទូរគមនាគមន៍ ការកែលម្អរ​សួនច្បារ​សាធារណៈ សំណង់​អគារ​ខ្ពស់ៗ ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស និង​បន្ត​ពង្រីក​ផ្លូវ​មួយចំនួន ដើម្បី​ឆ្លើយតប​ទៅនឹង​លំហូរ​ចរាចរណ៍​នៃ​យានយន្ត​ឱ្យ​សោភ័ណភាព​កាន់តែ​ស្រស់​បំព​ង្រ​ង និង​វិស័យ​បន្ថែមទៀត ៕

*​ជំនាញ​ព្យាករណ៍ ថា ឆ្នាំនេះ​ការ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​មាន​កម្រិត​ខ្ពស់​
​រដូវវស្សា​ឆ្នាំ​២០១៨​នេះ​ឆាប់​ចូល​មកដល់​ជាមួយនឹង​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ច្រើន តែ​មិន​ច្រើន​ដូច​ក្នុង​ឆ្នាំ​២០១៧​ន​ទេ ។ នៅ​កណ្តាល​រដូវ វស្សា​ការ​ប្រឈម​នឹងមាន​ជំនន់​ទឹកភ្លៀង​មាន​កម្រិត​ខ្ពស់ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៨ ៕

ភ្លៀងកក់ខែនៅខេត្តព្រះវិហារថ្ងៃទី២៦ខែមេសានេះ(រូបក្រសួងធនធានទឹក)

*​សង្សារ​មួយគូ​ដើរលេង​យប់ ត្រូវ​ក្រុមចោរ​ប្រដាប់អាវុធ​ភ្ជង់​ប្លន់​យក​ម៉ូតូ នៅមុខ​ផ្ទះ​
​សង្សារ​មួយគូ​ដើរលេង​យប់ ពេល​ត្រឡប់​មកដល់​មុខផ្ទះ ចាំ​អ្នកផ្ទះ​បើកទ្វារ​ឱ្យ​យូរពេក ក៏​ត្រូវបាន​ក្រុមចោរ​ប្រដាប់អាវុធ​មួយក្រុម ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​បានសម្រេច ជិះ​រត់គេចខ្លួន ដោយ​សុវត្ថិភាព​។ ករណីនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃទី​២៥ ខែមេសា​ឆ្នាំ​២០១៨ ត្រង់ចំណុច​ខាងមុខ​ហាង​កាហ្វេ​យីហោ វ៉ាន មីង​9 ខាងលិច​ស្តុ​ប​រង្វង់​មូល​កាំ​ខូ​ស៊ី​ធី ប្រហែល​៥០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​រិទ្ធី ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ៕

*​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ចំនួន​៧​ខ្នង​នៅ​ស្រុក​ក្រឡាញ់​
​យ៉ាងហោចណាស់​ក៏មាន​ផ្ទះ​និង​តូប​របស់​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​នៅ​ឃុំ​សែន​សុខ​និង​ឃុំ​ស្នួល បាន​រលំ​និង​ប៉ើង​ដំបូល​ដោយសារតែ​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​។ តែ​មិន​បណ្តាលឱ្យមាន​មនុ​ស្សណា​ម្នាក់​បាន​រងរបួស​ឡើយ​។ ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅ​ភូមិ​ដំរី​ស្លាប់ ឃុំ​សែន​សុខ និង​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១៩ ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ ៕

* EDC ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​មួយចំនួន ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​២៩ ខែមេសា​
​អគ្គិសនី​កម្ពុជា បានចេញ​សេចក្ដីជូនដំណឹង​មួយ ប្រកាស​ពី​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​មួយចំនួន​ទៅតាម​ពេលវេលា និង​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨ ជួសជុល​តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ក្នុងការ​ពង្រីក​ផ្លូវ​៕
​សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង របស់​អគ្គិសនី​កម្ពុជា​ទាំងស្រុង​៖