ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: កាលពី​រសៀល​ថ្ងៃទី​២៩​មករា​ឆ្នាំ​២០២១ តុលាការ​បានសម្រេច​ឃុំខ្លួន​ជនជាតិ​ចិន ២​នាក់ ដាក់ពន្ធនាគារ​ពីបទ រក្សាទុក​ដឹកជញ្ជូន​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​១២​គីឡូក្រាម​។

​ជនសង្ស័យ ឈ្មោះ PENG JIAN ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​ចុងភៅ​ធ្វើ​ម្ហូប​ចិន និង​ឈ្មោះ CAI HUI JU ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ជា​នាយក​ក្រុមហ៊ុន​ភាគហ៊ុន​ចិន​មួយ​ក្នុងការ​ស្ថាបនា​ព្រលានយន្តហោះ​ថ្មី ស្ថិតនៅ​ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ជនសង្ស័យ​ទាំង ២​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២១ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយមាន​ការដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រមាណ​ជាង ១២​គីឡូក្រាម ខណៈ​ពួកគេ​បាន​យកទៅ​ផ្ញើ​នៅ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ZTO​។​

​បើតាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ២​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​ដឹកជញ្ជូន​នឹង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ជាង ១២​គីឡូក្រាម​នោះ ផ្តើមចេញ​ពីដំបូង​ជនសង្ស័យ​ជា​ស្ត្រី​ឈ្មោះ CAI HUI JU បានទទួល​ការណែនាំ​ពី​បុរស​ជនជាតិ​ចិន​ដូចគ្នា ឲ្យ​ជួយ​យក​កញ្ចប់ (​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​) ទៅ​ផ្ញើ​ក្រុមហ៊ុន ZTO ដើម្បី​នាំចេញ​បន្តទៅ​ក្រៅប្រទេស​។ ពេលនោះ ឈ្មោះ CAI HUI JU បាន​ពឹងពាក់​ឈ្មោះ PENG JIAN ជា​ចុងភៅ ឲ្យ​យក​កញ្ចប់​ថ្នាំញៀន​ទៅ​ផ្ញើ​ក្រុមហ៊ុន​ខាងលើ ដោយ​ឲ្យ​កម្រៃជើងសារ ២០០​ដុល្លារ​អាមេរិក​។ លុះ​ពេល​ជនសង្ស័យ​រូបនោះ យក​ឥ​វ៉ាន់​ទៅដល់​ក្រុមហ៊ុន​បញ្ញើ​នោះ ក៏ត្រូវ​កម្លាំង​សម​ត្ត​កិច្ច​នគរបាល​នាយដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង សហការ​ជាមួយ​ក្រុមហ៊ុន ZTO បានធ្វើការ​ឃាត់ខ្លួន រួច​បន្តទៅ​ចាប់​ស្ត្រី​ចិន​ម្នាក់​នោះ​ទៀត​៕​