ដោយៈ ប.ខុន / ភ្នំពេញៈ អាកាសធាតុត្រជាក់ ជាលើកចុងក្រោយ សម្រាប់រដូវរំហើយនេះ នឹងមកដល់នៅថ្ងៃច័ន្ទ ដើមខែកុម្ភៈ តែការចុះត្រជាក់ខ្លាំង មានតែនៅតំបន់ខ្ពង់រាបភាគ ខាងជើង ជាពិសេសខ្ពង់រាបភាគឦសាន ឯតំបន់ផ្សេងទៀត មិនត្រជាក់ដូចកាល ក្នុងការចុះត្រជាក់ លើកទី២ និងទី៣ ដែលសីតុណ្ហភាព នៅតំបន់ខ្ពស់ចុះទាប ដល់ ៨ អង្សាសេ នោះទេ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និង ឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ថាៈ អាកាស ធាតុ ចុះត្រជាក់ ចាប់ពីថ្ងៃច័ន្ទ ដើមខែកុម្ភៈ គឺជាការត្រជាក់ លើកចុងក្រោយ សម្រាប់រដូវរំហើយនេះ មានចំពោះតែនៅតំបន់ខ្ពង់រាប ភាគខាងជើង និងពិសេស ខ្ពង់រាប ភាគឦសាន ដូចជាខេត្តមណ្ឌលគិរី និង រតនគិរី សីតុណ្ហភាព អាចចុះដល់រង្វង់ ពី ១៦ ទៅ ១៧ អង្សាសេ។
អ្នកនាំពាក្យ ក្រសួងជំនាញខាងលើ បានបញ្ជាក់ថាៈ សម្រាប់ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង សីតុណ្ហភាព បានចុះដែរ តែមិនខ្លាំងទេ គឺក្នុងរង្វង់ ១៨ ទៅ ១៩ អង្សាសេ និងសម្រាប់បណ្តាខេត្តផ្សេងទៀត មានត្រឹមតែខ្យល់ត្រជាក់ល្ហៀកៗ មិនមានតំបន់ណា ចុះត្រជាក់ដល់រង្វង់កម្រិត ៨ អង្សាសេ ដូចការចុះត្រជាក់ លើក២ និងលើកទី៣នោះទេ បន្ទាប់ពីនេះ សីតុណ្ហភាព ចាប់ផ្តើមងើបឡើង វិញ បន្តិចម្តងៗជាលំដាប់។ សីតុណ្ហភាព អប្បបរមា ជាទូទៅ នៅថ្ងៃទី៣០ ខែមករា នៅខេត្តមណ្ឌលគិរី ១៥ អង្សាសេ , រតនគិរី ១៧ អង្សាសេ , ព្រះវិហារ ២០ អង្សាសេ , ស្ទឹងត្រែង ១៨ អង្សាសេ , ឧត្តរមានជ័យ ១៩,៥ អង្សាសេ (តាក្របី ១៨ អង្សាសេ), ខេត្តក្រចេះ ១៩ អង្សាសេ…។
ចំណែកឯស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំងនេះវិញ បើយោងតាមក្រសួងធនធានទឹក និងឧតុនិយម ដែលបានជូនដំណឹង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២១ ស្តីពីការព្យាករអាកាសធាតុ លើកទី១ សម្រាប់រដូវប្រាំង (២០២០-២០២១) និងដើមរដូវវស្សា ឆ្នាំ២០២១ថាៈ ផ្អែកតាមការវាយតម្លៃ ជាអន្តរជាតិ ក៏ដូចជា តំបន់ស្តីពី ស្ថានភាពសីតុណ្ហភាព លើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជា នឹងទទួលរង នូវឥទ្ធិពលពីបាតុភូត អែនសូ (ENSO) ។ តាមរយៈនៃ ការវាយតម្លៃបាតុភូតធម្មជាតិ ដែលមានឥទ្ធិពល មកលើអាកាសធាតុ ព្រះរាជាណាចក្រកម្ពុជា មានបាតុភូត La Nina ( ត្រជាក់) មាន ៥០ ភាគរយ និង Neutral (ចន្លោះភាពក្តៅ និងត្រជាក់) មាន ៥០ ភាគរយ។ ពិនិត្យលើឥទ្ធិពលនៃ បាតុភូតទាំង ពីរខាងលើឃើញថា ស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០២១ នេះ នឹងអាចមានលក្ខណៈ អំណោយផលល្អ ។
នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនេះ បានសរសេរថាៈ នៅក្នុងរដូវប្រាំង សីតុណ្ហភាព អាចទាប ឬប្រហាក់ប្រហែលនឹងមធ្យមភាគ ច្រើនឆ្នាំ។ នៅក្នុងខែកុម្ភៈ បណ្តាខេត្ត នៅតំបន់ទំនាបកណ្តាល សីតុណ្ហភាព អប្បបរមា អាចស្ថិត នៅក្នុងរង្វង់ពី ១៦-១៩ អង្សាសេ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាព អប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ១៣-១៦ អង្សាសេ ។ ដោយឡែក សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតក្នុងរង្វង់ពី ១៩-២២ អង្សាសេ។
ចាប់ពីខែមីនា ដល់ខែមេសា ធាតុអាកាស អាចនឹងកើនកម្តៅ ជាបន្តបន្ទាប់ ក្នុងនោះបណ្តាខេត្ត នៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពមធ្យម អតិបរមា អាចនឹង មានពី ៣៤-៣៧ អង្សាសេ, នៅតំបន់ខ្ពង់រាប និង តំបន់ជួរភ្នំ សីតុណ្ហភាពមធ្យម អតិបរមា អាចមានពី ៣៣-៣៦ អង្សាសេ ដោយឡែក សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យម អតិបរមា អាចនឹងមានពី ៣០-៣៣ អង្សាសេ។
ពីខែមេសា ដល់ដើមខែឧសភា កម្រិតសីតុណ្ហភាពអតិបរមា អាចនឹងកើនឡើងខ្ពស់បំផុត ក្នុងរង្វង់ត្រឹម ៣៩ អង្សាសេ (ទាបជាងបណ្តាឆ្នាំមុនៗ)។ បរិមាណ ទឹកភ្លៀង អាចនឹងមានកម្រិតខ្ពស់ ជាងមធ្យមភាគច្រើនឆ្នាំ។ នៅក្នុងខែមីនា និងខែមេសា អាចមានភ្លៀងកក់ខែ ធ្លាក់ច្រើន និងអាចមានបាតុភូត ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ក៏ច្រើនដែរ ។
លោក លឹម គានហោ បានបញ្ជាក់ នៅក្នុងសេចក្តីជូនដំណឹងថាៈ រដូវវស្សាឆ្នាំ ២០២១ អាចនឹងចាប់ផ្តើម នៅសប្តាហ៍ទី១ នៃខែឧសភា ដោយនៅដើមរដូវវស្សា និង ពាក់កណ្តាល រដូវវស្សា (ខែឧសភា មិថុនា កក្កដា និងសីហា ) របាយទឹកភ្លៀង អាចមានកម្រិតពីមធ្យមទៅច្រើន។ ទោះបីនៅក្នុងខែមេសា និងដើមរដូវវស្សា អាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀង ដែលធ្លាក់មក មិនទាន់សមល្មម ក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃ ជាពិសេសនៅបណ្តាតំបន់ជនបទ ដាច់ស្រយាល ដែលនៅឆ្ងាយ ពីប្រភពទឹក៕/V