ដោយៈជា សីហៈ/ភ្នំពេញៈ នៅព្រឹកមិញនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំមន្ត្រីចុះទៅពិនិត្យដីសម្បទានក្រុមហ៊ុនពីរនៅខេត្តក្រចេះ ស្រុកស្នួល ឃុំខ្សុំ ភូមិស្រែថ្មី ។
ក្រុមហ៊ុនទាំងពីរនេះគឺក្រុមហ៊ុន Binhphuoc Kratie Rubber2 Company Limited និងក្រុមហ៊ុន Eastern Rubber (Cambodia) Co., Ltd ដែលនៅពេលនេះ ក្រុមហ៊ុនបានកំពុងតែដាំដុះដំណាំចេក អំបូងលឿងចំនួន ២.៨១១ហ.ត ស្វាយចំនួន ២០៥ហ.ត និងខ្នុរចំនួន ២៣១ហ.ត ។
បន្ទាប់ពីបានអញ្ជើញចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម ប្រមូលផល លាងសំអាត ធ្វើអនាម័យ និង វេចខ្ចប់រួចមក លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែង ពុះពារ និងជំនះបាននូវរាល់បញ្ហាប្រឈមនានារហូតសម្រេចបានជោគជ័យដែល ស្តែងចេញឲ្យឃើញនូវសមិទ្ធផលដូចយើងបានទទួលនាថ្ងៃនេះ។
ភ្ជាប់ទៅនឹងការវិនិយោគអភិវឌ្ឍន៍ដីសប្បទានសេដ្ឋកិច្ចដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល លោករដ្ឋមន្ត្រីបានជម្រាបជូនក្រុមហ៊ុនថា ស្ថិតក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ ការអភិវឌ្ឍនៅនឹងកន្លែងគឺជាជម្រើសដ៏ល្អ ក្នុងន័យត្រូវបង្កើនផលិតភាពផលិតកម្មលើដំណាំកសិ-ឧស្សាហកម្មឲ្យអស់សក្តានុពល ប្រើប្រាស់បច្ចេកវិទ្យាកសិកម្ម បង្កើតរោងចក្រកែច្នៃ សម្ងួត វេចខ្ចប់ និងនាំចេញ ដើម្បីបង្កើតការងារ ប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រក្នុងតំបន់។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ បាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតកម្ម ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដាទីផ្សារនាំចេញ។ ដើម្បីសម្រេចគោលដៅនេះ។
លោករដ្ឋមន្ត្រីបានសំណូមពរឲ្យក្រុមហ៊ុនទាំងពីរបន្តរក្សាកិច្ចសហប្រតិបត្តិការឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាល្អជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការបំពេញបែបបទ ឬលក្ខខណ្ឌតម្រូវភូតគាមអនាម័យមុនធ្វើការនាំចេញធ្វើយ៉ាងណាចូលរួមគាំទ្រ ជំរុញ និងបង្កើនបរិមាណនាំចេញចេក ខ្នុរ និងស្វាយទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់ តែច្រើនថែមទៀតនាពេលអនាគត។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំក្រុមហ៊ុនគួរប្រើប្រាស់ និងសរសេរភាសាខ្មែរជាគោលហើយក្រុមហ៊ុនក៏ត្រូវបង្កើនការយកចិត្តទុកដាក់លើស្ថានភាពជីវភាព និងសុខភាពរបស់បងប្អូនបុគ្គលិក កម្មករឲ្យបានល្អប្រសើរ ដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ-១៩។
ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Binhphuoc Kratie Rubber2 Company Limited បាននាំចេញចេកអំបូងលឿងចំនួន ៣៦.០០៤តោន (ក្នុងនោះបាននាំ ចេញទៅកាន់ប្រទេសចិនចំនួន ៣៥.១៣៣,៥៥តោន និងវៀតណាមចំនួន ៨៧០តោន និងនាំចេញស្វាយស្រស់ចំនួន ៨៥១តោន ទៅកាន់ប្រទេសវៀតណាម។ ដោយឡែកក្រុមហ៊ុន Eastern Rubber (Cambodia) Co., Ltd មានផ្ទៃដាំដុះដំណាំចេកអំបូងលឿងចំនួន ៩៧៧ហ.ត និងខ្នុរចំនួន ១៦១ហ.ត និងបាននាំចេញចេកអំបូងលឿងចំនួន ៤២០តោន និងផ្លែខ្នុរចំនួន ១៨៨តោន ទៅ កាន់ប្រទេសវៀតណាម៕